លោកស៊ុន ចាន់ថុលដាក់សំណើរចំនួន៤ទៅធនាគារពិភពលោកដើម្បីរៀបចំ ហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា

ដោយៈសិរី

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានដាក់សំណើរចំនួន៤ ទៅកាន់ប្រធានធនាគារពីភពលោកប្រចាំកម្ពុជា លើផែន​ការកសាងហេដ្ឋារចនាសម្ព័ន្ឋនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើបែបនេះទៅកាន់លោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ។

លោកបានស្នើទៅកាន់ធនាគារពិភពលោក (WB) ឱ្យជួយផ្ដួចផ្ដើមការប្រើប្រាស់យាន្តជំនិះ ដើរដោយអគ្គិសនីនៅក្រុងសៀមរាប ខណៈក៏បានសុំឱ្យអង្គការពិភពលោកមួយនេះ និងជួយអនុវត្តគម្រោង៣ផ្សេងទៀត ដើម្បីលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។

សំណើទី១ កម្ពុជាចង់ឱ្យធនាគារពិភពលោក ជួយជ្រុមជ្រែងលើគម្រោងបង្កើតឱ្យមានយានជំនិះដើរដោយថាមពលអគ្គិសនី (EV ) ដើម្បីបរិស្ថានស្អាតនៅខេត្តសៀមរាប ជាពិសេសតំបន់អង្គរ នៅពេលកម្ពុជាបើកទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ បានធូរស្រាល។ ទី២ លោកស៊ុន ចាន់ថុល ចង់ឱ្យធនាគារពិភពលោក ជួយបំពាក់ប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូន លើសទម្ងន់កំណត់ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized Database Solution System នៅតាមទីតាំងផ្លូវជាតិសំខាន់ៗនានា។

ចំណែកសំណើទី៣ ក្រសួងចង់ឱ្យធនាគារពិភពលោក ជួយផ្ដល់សាស្រ្តាចារ្យ និងអ្នកជំនាញល្អៗបន្ថែមទៀត ឱ្យមកជួយបង្រៀននិស្សិតនៅវិទ្យាស្ថាន តេជោសែន សាធា​រណការ។

និងសំណើទី៤ លោកស៊ុន ចាន់ថុល ក៏បានសុំឱ្យធនាគារពិភពលោក ពិនិត្យលទ្ធភាពរៀបចំកម្មវិធីដោះស្រាយបញ្ហាសំខាន់ៗ ទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីបន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោកស្រី Maryam Salim បានបង្ហាញការចាប់អារម្មណ៍ ហើយបញ្ជាក់ថា ក្រុមការងារនឹងធ្វើការពិនិត្យពិចារណា និងសម្របសម្រួលចំពោះសំណើទាំងនោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here