ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia និងជាទីប្រឹក្សាសាលាអចលនទ្រព្យកម្ពុជា លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងថា ការទទួលបានព័ត៌មានខុស នឹងធ្វើឲ្យការសម្រេចចិត្តរបស់លោកអ្នកខុស។
ហេតុនេះអ្នកវិនិយោគ មិនត្រឹមតែត្រូវអានព័ត៌មាននោះទេ ប៉ុន្តែត្រូវវិភាគលើព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះបច្ចុប្បន្នមានព័ត៌មានបំពុល និងព័ត៌មានក្លែងក្លាយជាច្រើនត្រូវបានបង្កើតឡើង ដើម្បីផលប្រយោជន៍ ឬគោលដៅណាមួយ។
ដំណឹងនិងព័ត៌មាន
ពាក្យថាដំណឹង ជាប្រភេទព័ត៌មានផងដែរ ប៉ុន្តែវាមិនឈរលើមូលដ្ឋានវិភាគប្រកបដោយលក្ខណៈវិទ្យាសាស្ត្រនោះទេ ហេតុនេះដំណឹងគួរទុកចិត្តបាននោះទេ ដោយសារដំណឹងជាព័ត៌មានមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ។
ប៉ុន្តែព័ត៌មានមានលក្ខណៈវិទ្យាសាស្ត្រជាង ដោយសារវាផ្អែកលើមូលដ្ឋានសំខាន់ចំនួន៦ ដូចជា តើអ្វីបានកើតឡើង តើវាកើតឡើងនៅកន្លែងណា តើវាកើតឡើងនៅពេលណា អ្នកណាអ្នកបង្កើតវាឡើង ឬអ្នកណាពាក់ព័ន្ឋនឹងរឿងនេះ ហេតុអ្វីបានជាវាកើតឡើង និងវាកើតឡើងយ៉ាងដូចម្តេច។
ព័ត៌មានសុទ្ធតែអាចទុកចិត្តបាន ឬយ៉ាងណា
នៅក្នុងពិភពលោកនេះ គ្មានអ្វីអាចទុកចិត្តបាន១០០ភាគរយនោះទេ ដូច្នេះក្នុងពិភពព័ត៌មានក៏ដូចគ្នា ព្រោះការមិនគោរពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានមួយចំនួន អាចធ្វើឲ្យព័ត៌មាននោះមានលក្ខណៈបំពុល បំប៉ោង បំភ្លៃ ហេតុនេះការអានព័ត៌មានភ្លាម ឬការទទួលបានព័ត៌មាន មិនមែនសុទ្ឋតែជារឿងគួរឲ្យជឿជាក់បាននោះទេ។
ដូច្នេះអ្នកអានត្រូវតែផ្ទៀងផ្ទាត់ព័ត៌មាន ឲ្យបានច្បាស់លាស់ ហើយផ្ទៀងផ្ទាត់ជាមួយប្រភពផ្សេងទៀត ដូចជា អាជ្ញាធរមូលដ្ឋាន មន្រ្តីរដ្ឋាភិបាល ឬមន្រ្តីពាក់ព័ន្ឋនឹងរឿងនោះ ពិតជាមានសារៈសំខាន់ ដើម្បីយើងអាចយកមកវិភាគ និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ។
ដោយឈរលើមូលដ្ឋានវិជ្ជាជីវៈ និងក្រមសីលធ៌ម គេហទំព័រ Propertyarea.asia តែងតែឈរលើមូលដ្ឋានព័ត៌មានពិត ឥតលំអៀង មានតុល្យភាព និងអាចទុកចិត្តបាន ព្រោះយើងឈរលើមូលដ្ឋានវិជ្ជាជីវៈ ដើម្បីរួមចំណែកកសាងសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ ស៊ីវិល័យ និងជួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ការវិភាគ
ជាធម្មជាតិមនុស្សភាគច្រើននៅពេលលឺរឿងអ្វីមួយ ពួកគេតែងតែជឿនិងសន្និដ្ឋានថាការពិត៥០ភាគរយរួចទៅហើយ ប៉ុន្តែបើសិនជាយើងគ្មានចំណេះដឹងលើរឿង ដែលកើតឡើង មិនបានឆ្លងកាត់ការវិភាគត្រឹមត្រូវ និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយទេ ការសន្និដ្ឋានបឋមរបស់យើង អាចមានការខុសឆ្គង៥០ភាគរយរួចទៅហើយ។
ហេតុនេះការវិភាគ ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ (Critical Thinking) និងផ្អែកលើប្រភពព័ត៌មានច្បាស់លាស់បន្ថែមទៀត នឹងជួយឲ្យការវិភាគរបស់យើងមានលក្ខណៈវិទ្យាសាស្រ្ត និងអាចប្រើប្រាស់បានសំរាប់យកធ្វើជាមូលដ្ឋាន ក្នុងការសម្រេចចិត្តវិនិយោគឬធ្វើអ្វីមួយ ដែលអាចជៀសផុតហានិភ័យ ឬអាចកាត់បន្ថយបាននូវហានិភ័យកាន់តែច្រើនតាមដែលអាចធ្វើទៅបាន៕