ដោយ សុធា
ភ្នំពេញៈ ជំងឺកូវីដ-១៩ បានបង្កបញ្ហាយ៉ាងច្រើន ដល់ប្រទេសនីមួយៗរួមទាំងកម្ពុជាផងដែរ។ ផលប៉ះពាល់ពីជំងឺនេះរាលដាល ស្ទើលើគ្រប់វិស័យទាំងរដ្ឋ និងឯកជន ជាពិសេស ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្ម។
បញ្ហាប្រឈមធំៗចំនួន ៤ ដែលសហគ្រិនបាននិងកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។
១ ការផ្លាស់ប្តូរច្បាប់-បទបញ្ញត្តិ និង គោលនយោបាយរបស់រដ្ឋាភិបាល
ដើម្បីទប់ស្កាត់បញ្ហាកូវីដ១៩ រដ្ឋាភិបាលធ្វើការបង្កើតច្បាប់ និងបទបញ្ញត្តិបន្ថែម ក៏ដូចជា គោលនយោបាយបញ្ចេញសាច់ប្រាក់នានា ដើម្បីជួយដល់ប្រជាជនរងគ្រោះ។ ក្រៅពីមានអត្ថប្រយោជន៍ វាក៏ផ្ដល់នូវបញ្ហាប្រឈមដល់សហគ្រិនផងដែរ ដូចជាគោលនយោបាយបញ្ចេញសាច់ប្រាក់ ជួយដល់កម្មករក្នុងវិស័យវាយនភណ្ឌជាដើម គឺតម្រូវឱ្យម្ចាស់សហគ្រាស ជួយបំពេញផ្នែកខ្លះនៃសាច់ប្រាក់ ដល់និយោជក តាមវិស័យនីមួយៗដែលបានរងគ្រោះ។ ដូច្នេះម្ចាស់អាជីវកម្ម ត្រូវចំណាយលើកញ្ចប់ថវិកាមួយនេះ ដោយចៀសមិនបាន។
២ ប្រឈមនឹងព័ត៌មានច្រើនហួសប្រមាណ
ក្នុងអំឡុងពេលកូវីដ១៩ ព័ត៌មានចេញច្រើនជាប្រចាំថ្ងៃ ដូចជា ព័ត៌មានបច្ចុប្បន្នភាពអ្នកឆ្លងថ្មី ករណីនាំចូល ករណីស្លាប់ តំបន់ដែលត្រូវបិទជាបណ្តោះអាសន្នជាដើម។ ត្បិតតែទទួលបានព័ត៌មានច្រើន គឺល្អដល់ការសម្រេចចិត្ត តែពេលខ្លះព័ត៌មានច្រើនហួសពេក ក៏អាចធ្វើឱ្យម្ចាស់អាជីវកម្មមានជំងឺតប់ប្រមល់បានដែរ។ ពេលខ្លះទៀត ព័ត៌មានច្រើនពេក វាអាចលុបព័ត៌មានណាដែលសំខាន់ និងចាំបាច់ដល់ម្ចាស់អាជីវកម្ម។
៣ ផ្តោតលើរឿងដែលចាំបាច់
ក្នុងកាលៈទេសៈនេះ វាតម្រូវឲ្យម្ចាស់អាជីវកម្ម ធ្វើការផ្ដោតសំខាន់ទៅលើតែរឿងចាំបាច់ជាចម្បង ឬអាចចំណាយធនធានច្រើនសម្រាប់វាផងដែរ។ ក្នុងចំណោមនោះ បញ្ហា ដែលប៉ះពាល់ដល់ម្ចាស់អាជីវកម្មខ្លាំងបំផុត គឺការចំណាយទៅលើឧបករណ៍និងសំភារៈការពារដូចជាម៉ាស៊ីនវាស់កម្តៅ ម៉ាស អាល់កុល ជាដើម។ ក្រៅពីនេះ នៅមានរឿងការកំណត់ពីគម្លាតស្តង់ដារ តុកៅអី ជាការណែនាំដោយក្រសួងសុខាភិបាល ដែលសហគ្រិននិងម្ចាស់អាជីវកម្មត្រូវចាត់វិធានការជាចាំបាច់ និងអាទិភាពបំផុត ដើម្បីធានាសុវត្ថិភាពបុគ្គលិក អតិថិជន អ្នកផ្គត់ផ្គង់ និង ដៃគូអាជីវកម្ម។
៤ ផ្នែកផ្លូវចិត្ត
ទាំងប្រជាពលរដ្ឋសាមញ្ញ ក៏ដូចជាសហគ្រិនបានរកផលប៉ះពាល់ទាំងអស់ មិនថាជាប្រជាជនទូទៅ ដែលមានការបារម្ភពីរឿងបាត់បង់ការងារ ត្រូវការចំណូលដើម្បីចំណាយប្រចាំថ្ងៃ ទាំងកម្រិតរដ្ឋាភិបាលក៏មានការបារម្ភ ពីការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ច រួមទាំងកម្រិតជាម្ចាស់អាជីវកម្ម និងសហគ្រិន ក៏មានផលប៉ះពាល់ផ្លូវចិត្តមិនដឹងត្រូវរកចំណូលតាមណាមកបើកឱ្យបុគ្គលិក មិនដឹងថាលុយវិនិយោគរកស៊ីអាចស្រង់ដើមវិញឬអត់៕