GMAC៖ បញ្ហា EBA មិនធ្ងន់ជាងCovid-19ទេ!

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ទន្ទឹមនឹងកម្ពុជា បានបាត់បង់ផ្នែកខ្លះនៃEBA ២០ភាគរយហើយក្ដី ក៏អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជាលោក កាំង ម៉ូនីកា បានលើកឡើងថា ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ EBA មិនធំជាងកូវីដ១៩ទេ ដូច្នេះបញ្ហាចំបងរបស់កម្ពុជាក៏ដូចជាពិភពលោកនាពេលនេះ គឺដោះស្រាយបញ្ហាកូវីដ១៩ ឱ្យរួចរាល់ជាមុនសិន ។

លោកកាំង ម៉ូនីកាបន្តថា បញ្ហាកូវីដ១៩ គឺវាមានទំហំធំ និងលុប លើសEBA ទៅទៀត ហើយនិងធ្ងន់ជាងEBA ច្រើនដងទៅទៀត ពីព្រោះថាកូវីដ១៩ វាធ្វើអោយបង់បង់តម្រូវការនៅលើទីផ្សារ ដូច្នេះហើយនៅពេលតម្រូវការលើទីផ្សារវាបាត់បង់ឬវាធ្លាក់ចុះហើយ ទោះបីជាកម្ពុជាមានសមត្ថភាពផលិតនិងនាំចេញដោយរួចពន្ធក្ដី ក៏គ្មានទីផ្សារសម្រាប់នាំចេញទៅដែរ ។ សរុបមកកូវីដនេះ គឺវាមានសភាពធ្ងន់ធ្ងរណាស់សម្រាប់កម្ពុជា ដែលត្រូវដោះស្រាយចំពោះមុខនេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា “សម្រាប់ EBA យើងក៏មានការសោកស្ដាយដែរ ហើយក៏មិនមានអ្វីដែលត្រូវបកស្រាយឬប្រតិកម្មជាមួយនឹងសហគមន៍អឺរ៉ុបដែលដកយកEBA ២០ភាគរយនេះដែរ ហើយវាក៏មិនមែនជារឿងថ្មី ដែលត្រូវភ្ញាក់ផ្អើលនោះទេ ព្រោះយើងបានដឹងរួចមកហើយ តាមរយៈនីតិវិធីទាំងឡាយដែលយើងបានឆ្លងកាត់មក”។

នៅថ្ងៃនេះដែរ ខាងសមាគមក៏បានចេញសេចក្តីណែនាំបន្ថែមទៀតទៅដល់សមាជិកទាំងឡាយពីមុខទំនិញ ថាតើមុខទំនិញមួយត្រូវបានដកការអនុគ្រោះពន្ធនិងមួយណានៅទទួលបានការអនុគ្រោះពីសហគមន៍អឺរ៉ុប ។

បើតាមថ្នាក់ដឹកនាំជាន់ខ្ពស់នៃកម្ពុជាកន្លងមកបានលើកឡើងថា កម្ពុជាមិនមានការភ័យព្រួយពីការដកយកប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយពីសហគមន៍អឺរ៉ុបនោះទេ ហើយកម្ពុជាក៏បានរកបានទីផ្សារថ្មីៗបន្ថែមផងដរសម្រាប់ទំនិញរបស់កម្ពុជា ជាក់ស្ដែងកម្ពុជាបានបញ្ចប់ការចរចាទាំងស្រុងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកំពុងចរចាបន្តជាមួយប្រទេសកូរ៉េខាងត្បូង និងត្រៀមចរចាជាមួយបណ្ដាប្រទេសប្រមាណ១០ទៀតសុទ្ធសឹងតែទីផ្សារធំៗសម្រាប់ទំនិញរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here