ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងថា ការចាក់បំពេញដីនៅទីក្រុងកោះនរា សម្រេចបានប្រមាណ៨៥ភាគរយហើយ ខណៈក្រុមហ៊ុនមួយចំនូន បានត្រៀមចាប់ផ្តើមគំរោងរបស់ពួកគេបណ្តើរផងដែរ។
លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនកំពុងកសាងទីក្រុងរណបកោះនរា បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១៩ សីហាកន្លងមកថា រហូតមកទល់ពេលនេះ ការចាក់ដីបំពេញលើទីក្រុង ដែលមានទំហំ១២៥ហិកតានេះ សម្រេចបានតាមផែនការហើយ ខណៈមានក្រុមហ៊ុនមួយចំនួន ដែលបានទិញដីលើគំរោងនេះបានត្រៀមសាងសង់គំរោងរបស់ពួកគេ។
លោកបន្តថា “នាពេលខាងមុខនេះ មានក្រុមហ៊ុនមួយចំនួននឹងសាងសង់អាគាររបស់ខ្លួនកំពស់ចន្លោះពី៨ទៅ៩ជាន់ ប៉ុន្តែមិនទាន់មានគំរោងខុនដូ ណាមួយត្រៀមសាងសង់នៅឡើយទេ”។
លោកទូច សំណាងបានបន្តថា ទស្សនទាននៃការអភិវឌ្ឍទីក្រុងនេះ មានសភាពស្រដៀងគ្នានឹងទីក្រុងកោះពេជ្រ ខណៈដែលស្ពានតភ្ជាប់រវាងទីក្រុងទាំាំងពីរ កំពុងសាងសង់យ៉ាងសកម្មផងដែរ។
ក្រុមហ៊ុន OCIC គ្រោងចំណាយទុន ប្រមាណ២៥០០លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋនានា នៅលើទីក្រុងកោះនរាថ្មីនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា។
អ្នកឧកញ៉ាពុង ឃាវសែប្រធានអគ្ញនាយកក្រុមហ៊ុន OCIC បានមានប្រសាសន៍ក្នុងពិធីបើកសម្ភោធការដ្ឋាន សាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងកោះនរាក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកន្លងមកថា នៅពេលទីក្រុងនេះ មានការអភិវឌ្ឍពេញលេញ នឹងអាចផ្តល់ផលចំណូលពន្ឋប្រមាណ២៥០លានដុល្លារប្រចាំឆ្នាំដល់រដ្ឋាភិបាល៕