ដោយៈលក្ខិណា
ភ្នំពេញៈ ក្រុមហ៊ុន Telcotech ជាក្រុមហ៊ុនបណ្តាញ ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ និងត្រូវបានក្រុមហ៊ុន EZECOM របស់អ្នកឧកញ៉ាគិតទិញយក ភាគហ៊ុន១០០ភាគរយកាលពី២០១១ គ្រោងនឹងចុះបញ្ជីលក់ប័ណ្ណបំណុលនៅក្នុងផ្សារមូលបត្រកម្ពុជា ។ នេះបើតាមសេចក្តីប្រកាស របស់របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី១៩ សីហា២០២១នេះ ។
យោងសេចក្ដីជូនដំណឹង របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនផ្សារមូលបត្រ បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុល របស់ក្រុមហ៊ុន Telcotech នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅផ្សារមូលបត្រ”។
ក្រុមហ៊ុន Telcotech ត្រូវតែទទួលបានការអនុញ្ញាត ឱ្យបោះផ្សាយលក់មូលបត្របំណុលពីនិយ័តករមូលបត្រកម្ពុជា និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗ មួយចំនួនទៀត ពាក់ព័ន្ធនឹងការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។
ក្រុមហ៊ុន Telcotech ជាក្រុមហ៊ុនទី៣ ដែលទទួលបានការឯកភាព ជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រ នៅផ្សារមូលបត្រកម្ពុជា នៅក្នុងឆ្នាំ២០២១នេះ។ ក្រុមហ៊ុននេះ បានបង្កើតឡើងក្នុងឆ្នាំ២០០៧ និងជាក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ MCT ដែលវិនិយោគទឹកប្រាក់ជិត១០០លានដុល្លារ តភ្ជាប់ពីប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជា និងប្រទេសថៃ និងជាក្រុមហ៊ុនផ្តល់សេវាអ៉ីនធឺណេត និងខ្សែកាបឈានមុខគេនៅកម្ពុជា ។
វិស័យមូលបត្រកម្ពុជា នៅតែមានដំណើរការ និងសកម្មភាពជាធម្មតា ទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ។ នេះបើតាមលោក ស៊ូសុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាថ្លែងប្រាប់នាពេលកន្លងមក ។
លោកបន្តថា “នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ មានក្រុមហ៊ុនជាច្រើន បានស្នើសុំចុះបញ្ជីនៅក្នុងគណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុងនោះដែរក្រុមហ៊ុន ដែលបានបោះផ្សាយមូលបត្រ នៅក្នុងផ្សារហ៊ុន ក៏ទទួលបានការគាំទ្រពីសាធារណជនជាច្រើនផងដែរ៕