ក្រុមហ៊ុន SME ចំនួនពីរត្រៀមបោះផ្សាយលក់មូលបត្រជាលើកដំបូងនៅកម្ពុជា

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃទីផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនប្រភេទ SME ចំនួនពីរ បាននិងកំពុងត្រៀមខ្លួនបោះផ្សាយលក់មូលបត្រនៅកម្ពុជាក្នុងពេលខាងមុខនេះ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លោកហុង សុហួរបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី១៨ សីហាកន្លងមកថា រហូតមកទល់ពេលនេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន១៣ បានបោះផ្សាយលក់មូលបត្រ និងប័ណ្ណបំណុល ក្នុងនោះក្រុមហ៊ុនចំនួន៧ ជាក្រុមហ៊ុនបោះផ្សាយមូលបត្រ និងក្រុមហ៊ុនចំនូន៦បានបោះផ្សាយលក់សញ្ញាប័ណ្ណ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ប៉ុន្តែនៅពេលខាងមុខ គឺជាដំណឹងល្អមួយដោយក្រុមហ៊ុនប្រភេទ SME ជាលើកដំបូងនឹងបោះផ្សាយលក់មូលបត្រ នាពេលខាងមុខឆាប់ៗនេះ”។ លោកបន្តថា “នៅឆ្នាំនេះយើងរំពឹងក្រុមហ៊ុនចំនូន៥ នឹងចូលផ្សារហ៊ុននៅកម្ពុជា ដែលចំនួននេះស្មើគ្នានឹងឆ្នាំ២០២០ផងដែរ”។

លោកហុង សុហួរបានបន្តថា ទោះបីប្រឈមបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែការជួញដូរនៅផ្សារមូលបត្រឆ្នាំនេះ មានកំនើនខ្ពស់ ដោយគិតជាមធ្យមក្នុងមួយថ្ងៃ ការជួញដូរមានទំហំទឹកប្រាក់ប្រមាណ២០០,០០០ដុល្លារអាមេរិក ហើយយើងរំពឹងថា រយៈពេល៣ទៅ៥ឆ្នាំខាងមុខទំហំជួញដូរអាចកើនដល់១ ទៅ៣លានដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែចំនួននេះមានតិចនៅឡើយ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ ដែលប្រទេសថៃមានទំហំជួញដូរប្រចាំថ្ងៃប្រមាណ២០០០លានដុល្លារ និងប្រទេសវៀតណាម មានទំហំជួញដូរលើទឹកប្រាក់ប្រមាណ៥០០លានដុល្លារក្នុងមួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here