ដោយៈលក្ខិណា
ភ្នំពេញៈ ធនាគារធំៗចំនួន៥ ដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា បានប្រកាសពីការគាំទ្រហិរញ្ញវត្ថុ ដល់គម្រោងអភិវឌ្ឍន៍ភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ ក្នុងការផ្ដល់ឥណទានដល់អតិថិជនដែលទិញ គម្រោងលំនៅឋានមួយនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៧ សីហា២០២១ របស់ក្រុមហ៊ុនអភិវឌ្ឍន៍ ភូមិកីឡដ្ឋា បានឱ្យដឹងថា ធនាគារហ្វីលីព ជាធនាគារធំមួយ ដែលបានសហការនិងធ្វើជាដៃគូជាមួយគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ សម្រាប់ការផ្ដល់ឥណទានគេហដ្ឋានឆ្លាតវៃ ដល់អតិថិជនដែលមានបំណងវិនិយោគទិញផ្ទះ ឬខុនដូ នៅគម្រោងភូមិកីឡដ្ឋាននេះ។
នៅក្នុងពិធីចុះហត្ថលេខាកាលពីព្រឹកថ្ងៃតី ១៧ សីហា២០២១ ជាមួយនឹងគម្រោងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ លោកចាន ម៉ាច អគ្គនាយកធនាគារហ្វីលីព មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនៃ ឥណទានគេហដ្ឋានឆ្លាតវៃ ប្រជាជនកម្ពុជាអាចស្នើសុំកម្ចីធនាគារ ហ្វីលីប សម្រាប់កម្ចីទិញផ្ទះបានរហូតដល់៨៥ភាគរយ ជាមួយអត្រាការប្រាក់៧,៩៩ភាគរយ និងកម្ចីទិញខុនដូបានរហូតដល់៧០ភាគរយ ជាមួយនឹងអត្រាការប្រាក់៨,៥ភាគរយនៃគម្រោងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ ហើយកម្ចីនេះមានរយៈពេលរហូតដល់ទៅ២៥ឆ្នាំ ។
អ្នកឧកញ៉ា សៀឬទ្ធីប្រធានក្រុមប្រឹក្សាអភិបាលនៃក្រុមហ៊ុន WB Sport Village Co.,Ltd បានមានប្រសាសន៍ថាឥណទានគេហដ្ឋានឆ្លាតវៃ ដែលសហការគ្នារវាងធនាគារ ហ្វីលីព និងគម្រោងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ គឺផ្ដល់ភាពឈ្នះ ឈ្នះដល់ទាំងធនាគារ និងអ្នកអភិវឌ្ឍគម្រោង ក៏ដូចជា ផ្ដល់ជម្រើសឥណទានកាន់តែងាយស្រួល និងកាន់តែពិសេសដល់អតិថិជន ដែលត្រូវការទិញផ្ទះឬខុនដូនៅភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ ។
រហូតមកដល់ពេលនេះ គម្រោងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ មានធនាគារ៥ធំ៥ហើយបានគាំទ្រសហការ ក្នុងការផ្ដល់ហិរញ្ញវត្ថុលើគម្រោងនោះ រូមមាន ធនាគារCIMB ធនាគារ ព្រីនស៍ ធនាគារមេយប៊ែង ធនាគារស្ថាបនា និងធនាគារ ហ្វីលីព៕