ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានថ្លែងថា ចរន្តទិញលក់ដីធ្លីលើឧទ្យានជាតិគិរីរម្យ ជាទង្វើខុសច្បាប់ ព្រោះវាជាការទិញដី លក់ដីរបស់រដ្ឋដែលស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ។
លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៦ សីហាកន្លងមកថា កន្លងមកមានការទិញលក់ដីធ្លី នៅលើឧទ្យានជាតិគិរីរម្យ ដែលការទិញលក់បែបនេះ ជាការទិញលក់ពីអ្នកអះអាងជាម្ចាស់ដីលើឧទ្យាននេះ ជាមួយអ្នកមកពីមូលដ្ឋានខាងក្រៅ ពិសេសអ្នកនៅរាជធានីភ្នំពេញ។
លោកបន្តថា “ការទិញលក់ដីរដ្ឋ ពិសេសដីឧទ្យានជាតិបែបនេះ ជាទង្វើខុសច្បាប់ ដែលអាជ្ញាធរ នឹងដកហូតយកមកវិញនៅពេលឆាប់ៗខាងមុខនេះ”។ លោកបន្តថា “អាជ្ញាធរបានចុះបង្រ្កាប និងដកហូតរបងព្រំដីជាច្រើនជាបន្តបន្ទាប់ ព្រោះយើងនឹងមិនអនុញ្ញាត្តឲ្យមានការទិញលក់បែបនេះទេ”។
ភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ១២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
បច្ចុប្បន្នឧទ្យានជាតិគិរីរម្យ មានសំណង់ផ្ទះជាលក្ខណៈផ្ទះលំហែរកាយ រមណីយ ដ្ឋានកែច្នៃជាច្រើន បានសាងសង់ព្រោងព្រាតនៅលើភ្នំនេះ ពិសេសនៅតំបន់ដំណាក់ស្តេច ដែលមានការសាងសង់ផ្ទះឈើតួចៗ សំរាប់ជួលឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិសំរាកលំហែរ។
ប្រភពពីប្រជាពលរដ្ឋមូលដ្ឋាន ដែលប្រកបរបរលក់ចំណីអាហារនៅតំបន់ទឹកជ្រោះទី២បានឲ្យដឹងថា ពីមុនមកការទិញលក់ដីធ្លីលើភ្នំពេញ មានការស៊ីញ៉េទទួលស្គាល់ដោយមេឃុំ មេភូមិនៅទីនេះ ប៉ុន្តែក្រោយមកដោយសារមានជម្លោះរវាងអ្នកទិញដី និងអាជ្ញាធរនៅតំបន់នេះ បានធ្វើឲ្យអាជ្ញាធរឈប់ស៊ីញ៉េលើការទិញលក់ដីនៅតំបន់នេះ។
ប្រភពដដែលបានបន្តថា “មុនពេលមានបញ្ហានេះ និងមិនទាន់មានការទិញលក់ច្រើន ដីនៅលើភ្នំនេះមួយហិកតាមានតម្លៃ១០,០០០ទៅ១២,០០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នតម្លៃដីធ្លីបានកើនឡើងច្រើន តែការទិញលក់បានធ្វើឡើងរវាងម្ចាស់ដី និងអ្នកទិញប៉ុណ្ណោះ ដោយគ្មានការចូលរួមដឹងលឺពីអាជ្ញាធរឡើយ៕