ដោយៈសុជាតា
ភ្នំពេញៈ គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដំណាក់ទីពីរ ត្រូវចុះហត្ថលេខានៅថ្ងៃទី ១៦ ខែសីហា ដើម្បីចូលរួមចំណែកគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម អោយទទួលបានហិរញ្ញវត្ថុក្នុងអត្រាការប្រាក់ទាប ដើម្បីស្តារអាជីវកម្មឡើងវិញ ក៏ដូចជាជម្រុញកំណើនសេដ្ឋកិច្ចជាតិ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលស្តីទី សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា “សហគ្រាសធុនតូច និងមធ្យម គឺជាផ្នែកមួយដ៏ចាំបាច់ ដែលចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប GDP ព្រមទាំងផ្តល់ការងារជាច្រើនដល់ប្រជាជនកម្ពុជា”។ លោកបនន្តថា “កំណើនសហគ្រាសធុនតូច និងមធ្យម នឹងរិតតែជម្រុញសេដ្ឋកិច្ចជាតិ អោយកាន់តែរីកចម្រើន បង្កើនការងារ និងទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស។ ជាធម្មតាសហគ្រាសធុនតូច និងមធ្យម នឹងរីកធំធាត់ក្លាយជាសហគ្រាសធុនមធ្យម និងធំ ដែលរិតតែចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ចាប់តាំងពីបង្កើតគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យមក្នុងឆ្នាំ២០២០ សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលនេះ ក្នុងការលើកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការផ្តល់ឥណទានដែលមានតម្លៃសមរម្យ។
សមាគម និងសមាជិក នឹងបន្តចូលរួមអោយបានសកម្មបន្ថែមទៀត ក្នុងដំណើរការនៃជំហ៊ានទី២នេះ៕