ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ នៅប្រាំឆ្នាំខាងមុខ សហគ្រាសខ្នាតមធ្យម និងខ្នាតធំ នឹងត្រូវរៀបចំខ្លួនចូលទីផ្សារភាគហ៊ុន ដើម្បីចូលក្នុងទីផ្សារភាគហ៊ុន ដើម្បីទទួលបាននូវភាពប្រកួតប្រជែង និងអភិវឌ្ឍន៍ខ្លួនជាមួយមូលធន ដែលមិនមែនជាបំណុល និងការចែករំលែកហានិភ័យ។
ផ្សារមូលបត្រកម្ពុជា ក៏នឹងអាចមានការចុះបញ្ជីនូវក្រុមហ៊ុនល្អៗ ពីបរទេសតាមរយៈការចុះបញ្ជីឆ្លងដែន ឬវិនិយោគិនអាចឆ្លងកាត់តាមផ្សារមូលបត្រកម្ពុជា ដើម្បីជួញដូរភាគហ៊ុននៅបរទេសដោយផ្ទាល់។ ការជួញដូរនៅផ្សារមូលបត្រកម្ពុជា ក៏នឹងមានភាពងាយស្រួលជាងមុន ដោយអាចជួញដូរតាមទូរសព្ទដោយខ្លួនឯង និងអាចជួញដូរពេលរសៀលបាន។
នៅប្រាំឆ្នាំខាងមុខ វិនិយោគិននឹងអាចមានចំណេះដឹងគ្រប់គ្រាន់ ហើយការវិនិយោគទៅលើអចលនទ្រព្យ អាចនឹងមិនមានភាពអំណោយផល ដូចបច្ចុប្បន្ន ដូចកាលពីប៉ុន្នានឆ្នាំមុន ហើយអត្រាការប្រាក់នៅធនាគារ ក៏នឹងប្រហែលជាអាចធ្លាក់ដល់៣ឬ៤%ក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ ដូចនេះ ការវិនិយោគទៅលើភាគហ៊ុន នឹងកាន់តែទទួលប្រជាប្រិយភាព។
វិនិយោគិនស្ថាប័ន និងវិនិយោគិនបរទេសធំៗ ក៏នឹងក្លាយជាកត្តាជំរុញភាពរីកចម្រើននៃទីផ្សារភាគហ៊ុនផងដែរ ដោយការវិនិយោគិនក្នុងទឹកប្រាក់ចំនួនធំ មកលើទីផ្សារ ព្រោះពេលនោះហេដ្ឋារចនាសម្ព័ន្ធទីផ្សារមានគ្រប់គ្រាន់។
ការវិនិយោគទៅលើមូលនិធិ (Fund) ក៏នឹងអាចក្លាយជាជម្រើសដ៏ល្អសម្រាប់វិនិយោគិន និងជួយឱ្យទីផ្សារមានការអភិវឌ្ឍន៍ ឱ្យមានការរីកចម្រើនប្រកបដោយស្ថេភាព។
ទីផ្សារមូលបត្រកម្ពុជា នឹងមានការរីកចម្រើនៅប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែសាធារណជនត្រូវចាប់អារម្មណ៍មកលើទីផ្សារ និងចាប់ផ្តើមវិនិយោគ (ក្នុងទឹកប្រាក់តិច) ពីពេលនេះ ដើម្បីទទួលបានបទពិសោធន៍ និងយុទ្ធសាស្ត្រក្នុងការវិនិយោគ។ ការចាប់ផ្តើមរៀនសូត្រ និងវិនិយោគ នៅពេលដែលទីផ្សារមានការរីកចម្រើន អាចនឹងធ្វើឱ្យយើងជួបនឹងហានិភ័យខ្ពស់៕