គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ទទួលបានប្រាក់ចំណេញសុទ្ធជាង៦៨លានដុល្លារក្នុងឆមាសទី១ឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ ក្នុងរយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន៩៨៣.២៤៤ លានរៀល កើនចំនួន ១៣៨.៨៥៩ លានរៀល ស្មើនឹង ១៦,៤៤% បើធៀបនឹងរយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលបានដាក់ជូនក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា កាលពីថ្មីៗនេះ។

របាយការណ៍បានឱ្យដឹងទៀតថា ប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានចំនួន ២៧៨.០៧៩ លានរៀល (ស្មើនឹងប្រមាណ៦៨,៤៧លានដុល្លារ) កើនឡើងចំនួន ១២៥.៧៤៥ លានរៀល ស្មើនឹង ៨២,៥៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាសាក់ ដែលជាគ្រឹះស្ថានលំដាប់ទី១ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមធនាគារធំៗ ៥ នៅកម្ពុជា បានបង្កើនដើមទុនបន្ថែម៧០លានដុល្លាអាមេរិក លើដើមទុនស្រាប់២៣០លានដុល្លារអាមេរិក ដើម្បីគាំទ្រប្រតិបត្តិការ និងពង្រីកបន្ថែមទំនើបកម្មសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរបស់ខ្លួនជូនដល់អតិថិជន។
ដើមទុនចុះបញ្ជីចំនួន ១.២០០ ពាន់លានរៀល សមមូលនឹង ៣០០លានដុល្លារអាមរិកនេះ បានមកពីការចូលរួមមូលនិធិវិនិយោគរបស់ភាគទុនិកចំនួន៤ រួមមាន៖ ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េខាងត្បូង ធនាគារ Bank of East Asia (BEA) នៅទីក្រុងហុងកុង ក្រុមហ៊ុន Lanka Orix Leasing Company នៅប្រទេសស្រីលង្កា និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo) ។

លោកសាយ សូនីអនុប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក បានមានប្រសាសន៍ថា ប្រាសាក់ ពិតជាមានសេចក្ដីរីករាយជាខ្លាំងបន្ទាប់ពីទទួលបានការអនុញ្ញាតជាផ្លូវការពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម អំពីការបង្កើនដើមទុនចុះបញ្ជីបន្ថែមទៀតនេះ។

លោកបានថ្លែងបន្តថា ការបង្កើនដើមទុននេះ គឺជាការចាំបាច់ក្នុងកសាងទំនុកចិត្តបន្ថែមពីសាធារណជន និងដោយសារតែអាជីវកម្មរបស់ប្រាសាក់មានការរីកចម្រើនលូតលាស់យ៉ាងខ្លាំង តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដែលឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ព្រមទាំងមានភាពទន់ភ្លន់នៃផលិតផលនិងសេវាដែលបានផ្តល់ជូនអតិថិជន និងសេវាហិរញ្ញវត្ថុឌីជីថល។

នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំនួន ១៥.៦០៨.៩៨៩ លានរៀល កើនចំនួន ៩៨០.៩៤៨ លានរៀល ស្មើនឹង ៦,៧១% និងមូលធនសរុបមានចំនួន ២.៣៩៣.៣០៣ លានរៀល កើនចំនួន ២៩៤.៦០៣ លានរៀល ស្មើនឹង ១៤,០៤% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here