ក្រសួងកសិកម្មនិងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុចុះMOUដើម្បីប្រយុទ្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម

ដោយៈ សាវុធ

ភ្នំពេញៈ អគ្គលេខាធិការដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាចុះអនុស្សរណ:នៃការយោគយល់គ្នា (MOU) ដើម្បីផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ពិធីចុះអនុស្សរណ:នៃការយោគយល់គ្នានេះ ត្រូវបានឡើងនៅទីស្តីការក្រសួង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រីអ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីអ៊ុក ម៉ាលីបានថ្លែងថា អនុស្សរណ: និងកិច្ចសហប្រតិបត្តិការដែលស្ថាប័នទាំងពីរនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃនេះតទៅ ក្នុងគោលបំណងរួមគឺធ្វើការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងវិស័យកសិកម្ម។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីវេង សាខុនបានបានថ្លែងថា អនុស្សរណ:នេះគឺរៀបចំឡើងដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញ ទៅមកទាក់ទងទិន្នន័យ ការប្រឆាំង ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្មដែលប្រើប្រាស់ក្នុងវិស័យកសិកម្មមានជាអាទិ៍ ៖ បទល្មើសព្រៃឈើ បទល្មើសជលផល និងបទល្មើសផ្សេងៗទៀតតាមការចាំបាច់ ដែលត្រូវបានសង្ស័យ ឬពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្ម។

លោកបានថ្លែងបន្តថា មួយវិញទៀត អនុស្សរណៈនេះគឺមានបំណងពង្រឹង និងពង្រីកសមត្ថភាពរបស់មន្រ្តីក្នុងការវិភាគ តាមដាន និងត្រួតពិនិត្យរាល់សកម្មភាពរបស់ភេរវករក្នុងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម រួចដាក់ចេញនូវយន្តការបង្រ្គាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ប្រយោជន៍រក្សាបាននូវសន្តិសុខហិរញ្ញវត្ថុ បរិយាកាសនៃការវិនិយោគ ផ្តល់ភាពយុត្តិធម៌ សមធម៌ និងតម្លាភាពដល់វិនិយោគិន ឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣+២។

លោករដ្ឋមន្ត្រីបានបន្តទៀតថា អនុស្សរណៈនេះ នឹងផ្តល់ឱកាសឱ្យមន្ត្រីពាក់ព័ន្ធទទួលបានការបណ្តុះបណ្តាលបន្ថែមលើកម្រិតជំនាញស៊ើបការណ៍ហិរញ្ញវត្ថុពាក់ព័ន្ធនឹងបទល្មើស ការចែករំលែកព័ត៌មាន ទិន្នន័យបានទាន់ពេលវេលា មានភាពសុក្រឹត ពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ហើយនេះ គឺជាយន្តការក្នុងការគ្រប់គ្រងវិបត្តិ និងហានិភ័យដែលអាចកើតឡើងក្នុងវិស័យហិរញ្ញវត្ថុ ធនាគារក្នុងវិស័យកសិកម្មក្នុងស្មារតីទទួលខុសត្រូវ។
ពិធីចុះហត្ថលេខានេះ មានឯកឧត្តម ស្រី វុឌ្ឍី ជាអង្គលេខាធិការ តំណាងឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកស្រី សាយ សំអាត ជាប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា តំណាងឲ្យធនាគារជាតិនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here