គម្រោងកែលម្អផ្លូវខ្សែក្រវាត់ព្រំដែនក្នុងព្រំដែនកម្ពុជា-ថៃនិងឡាវនឹងសម្រួលដល់លំហូរពាណិជ្ជកម្ម

ដោយៈ ប៊ី

ព្រះវិហារៈ ផ្លូវខ្សែក្រវាត់ព្រំដែន ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ពិសេសផ្លូវក្រាលក្រួសក្រហម ដែលតភ្ជាប់ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ និងឡាវ ដែលខូចខាតផ្នែកមួយចំនួន ដោយសារជំនន់ទឹកភ្លៀងកន្លងមក ត្រូវបានបានជួសជុល និងកែលម្អឡើងវិញបានប្រមាណ៩០ភាគរយ។

លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឱ្យដឹងថា កន្លងមកនេះ លោក បានបញ្ជូនមន្ត្រីជំនាញ នាំយកគ្រឿងចក្រគ្រប់ប្រភេទចុះទៅកាន់ទីតាំង ដែលត្រូវជួសជុល និងកៀរសម្រួលផ្លូវតភ្ជាប់ ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ និងឡាវ ឱ្យមានភាពល្អប្រសើរឡើងវិញ ក្រោយជំនន់ទឹកភ្លៀងបានហូរច្រោះ និងកាត់ផ្តាច់ជាអន្លើរៗ កាលពីរដូវវស្សាឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងបន្តថា បើគិតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការ​ងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានជួសជុល និងកែលម្អផ្លូវ តាមខ្សែបន្ទាត់ ព្រំដែនទាំងនេះបានប្រមាណ៩០ភាគរយហើយ។
លោកបានបញ្ជាក់ថា ផ្លូវដែលរងការខូចខាតខ្លាំង ហើយត្រូវជួសជុលឡើងវិញ មានផ្លូវជាតិលេខ ៩៤ ប្រវែង ៦៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅតំបន់ព្រំដែនកម្ពុជា-ឡាវ ផ្លូវជាតិលេខ៩៥ជាផ្លូវក្រាល ក្រួសក្រហមមានប្រវែង១៣គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅកាន់ស្រុកជ័យសែន ផ្លូវជាតិលេខ៦២ តភ្ជាប់ពីភូមិភ្នំដែក ឆ្ពោះទៅកាន់ភូមិស្វាយដំណាក់ ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង និងផ្លូវជាតិលេខ៩២ ជា ប្រភេទផ្លូវក្រាលក្រួស ក្រហមមានប្រវែងជាង៨០គីឡូម៉ែត្រ តភ្ជាប់ពីព្រំប្រទល់ ខេត្តស្ទឹងត្រែង និងព្រះវិហារឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងបន្តតភ្ជាប់ទៅកាន់តំបន់ បន្ទាយស្រមោ​ច ស្ថិតក្នុងស្រុកជាំក្សាន្ត នៃតំបន់ ព្រំដែនកម្ពុជា-ថៃ ដោយធ្វើការជួសជុល ឆ្លងកាត់ឃុំកំពង់ស្រឡៅ១ និងកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រវាត់ព្រំដែនដែលរងការខូចខាត ដោយ ជំនន់ទឹកភ្លៀងជាអន្លើៗ កន្លងមក យើងបានកែសម្រួល ដូចជា ជួសជុល លុបជង្ហុក លុបផ្លូវ សំបុកមាន់និង ការកាត់សម្អាតរុក្ខជាតិដោយ ម៉ាស៊ីនស្វ័យប្រវត្តិជាដើម ដើម្បីសម្រួលដល់ការធ្វើដំណើរការដឹកជញ្ជូន កសិផលកសិកម្ម ពីទីជនបទ ទៅកាន់ទីប្រជុំជន។

លោកបានថ្លែងបន្តថា ការកែលម្អផ្លូវទាំងនេះ ដើម្បីធានាសុខសុវត្ថិភាព ក្នុងការធ្វើដំណើរបានរហ័ស ចំណាយពេលវេលាតិចជូនប្រជាពលរដ្ឋ នៅក្នុងតំបន់នីមួយៗ ពិសេ​សកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលស្ថិតនៅតាមបណ្តោយ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនិង កម្ពុជា-ឡាវក្នុងភូមិ សាស្ត្រ ខេត្តព្រះវិហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here