NBC៖ ទ្រព្យសកម្មបរទេសសុទ្ធ នៃគ្រឹះស្ថានទទួលប្រាក់បញ្ញើ បានហក់ឡើងជិត ៥ភាគរយ

ដោយ៖ ប៊ី
ភ្នំពេញ៖ ទ្រព្យសកម្មបរទេសសុទ្ធ នៃគ្រឹះស្ថានទទួលប្រាក់បញ្ញើ បានកើនឡើងជិត ៥% នៃប្រាក់បញ្ញើសរុប នៅក្នុងគ្រឹះស្ថានទទួលប្រាក់បញ្ញើ ខណៈទ្រព្យសកម្មក្នុងស្រុកសុទ្ធ នៃគ្រឹះស្ថានទទួលប្រាក់បញ្ញើ បានស្រុតចុះក្នុងរង្វង់ប្រមាណជិត១ ភាគរយ ។ នេះបើតាមព័ត៌មានស្ថិតិសេដ្ឋកិច្ច និងរូបិយវត្ថុ របស់ធនាគារជាតិនៃកម្ពុជា (NBC) កាលចុងសប្តាហ៍មុន។

ស្ថិតិសេដ្ឋកិច្ច និងរូបិយវត្ថុខាងលើ បានឲ្យដឹងថា ចំពោះទ្រព្យសកម្មក្នុងស្រុកសុទ្ធ នៃគ្រឹះស្ថានទទួលប្រាក់បញ្ញើ ក្នុងខែឧសភា ឆ្នាំ២០២០ បានថយចុះបីខែជាបន្តបន្ទាប់គ្នា មកនៅត្រឹមជាង ៦០ ពាន់ប៊ីលានរៀល គឺថយចុះចំនួន ០,៨% ធៀបនឹងខែមេសា, ក្នុងនោះការថយចុះនេះ បណ្តាលមកពីការថយចុះខ្ទង់ផ្សេងៗ សុទ្ធចំនួនជិត ១% និងខ្ទង់ឥណទេយ្យក្នុងស្រុក ថយចុះចំនួន ០,០៣% ផងដែរ ។

ការថយចុះនៃខ្ទង់ផ្សេងៗសុទ្ធ ជាចម្បងបណ្តាលមកពីការកើនឡើងចំនួនជាង ២% នៃខ្ទង់ដើមទុន ខណៈដែលខ្ទង់ផ្សេងៗបានកើនឡើងចំនួនជាង ៧%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះការថយចុះនៃខ្ទង់ឥណទេយ្យក្នុងស្រុក ជាចម្បងឆ្លុះបញ្ចាំងដោយការថយចុះនៃខ្ទង់ឥណទានសុទ្ធ នៃគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងខ្ទង់ឥណទានចំពោះវិស័យឯកជនចំនួន ១,៥% និង០,១% រៀងគ្នា ខណៈដែលឥណទេយ្យសុទ្ធចំពោះគ្រឹះស្ថានសាធារណៈមិនមែនហិរញ្ញវត្ថុបានកើនឡើងចំនួន ០,៩%។

ទ្រព្យសកម្មបរទេសសុទ្ធ នៃគ្រឹះស្ថានទទួលប្រាក់បញ្ញើ ក្នុងនោះទ្រព្យសកម្មបរទេសសុទ្ធ នៃវិស័យធនាគារបានកើនឡើងដល់ចំនួនជាង ៦១ ពាន់ប៊ីលានរៀល នៅខែ ឧសភា ឆ្នាំ២០២០ ដោយបានកើនឡើងចំនួនប្រមាណជិត ៥% ធៀបនឹងខែមេសា ។ ការកើនឡើងនេះ បណ្តាលមកពីការកើនឡើងខ្ទង់ទ្រព្យសកម្មបរទេសផ្សេងៗ និងខ្ទង់ទុនបម្រុងដុលចំនួនជិត ៤% និង ២,៨% រៀងគ្នា, ស្របពេលដែលខ្ទង់ទ្រព្យអកម្មបរទេស បានថយចុះចំនួន ០,២% ។

ប្រតិបត្តិការរបស់គ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងៗទៀត, ក្នុងនោះទ្រព្យសកម្មសរុបរបស់គ្រឹះ ស្ថានទទួលប្រាក់បញ្ញើផ្សេងៗ រួមមានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ក្នុងខែឧសភា ឆ្នាំ ២០២០ នេះ មានចំនួនជាង ២១៦ ប៊ីលានរៀល គឺបានកើនឡើងចំនួន ១,៨% ធៀបនឹងខែ មេសា។

អត្រាការប្រាក់លើប្រាក់បញ្ញើ និងឥណទានរបស់ធនាគារទទួលប្រាក់បញ្ញើវិញ, បម្រែបម្រួលអត្រាការប្រាក់លើប្រាក់បញ្ញើ និងប្រាក់កម្ចីនៃវិស័យធនាគារ ក្នុងខែ ឧសភា ឆ្នាំ២០២០ នេះ បានបង្ហាញថា អត្រាការប្រាក់លើប្រាក់បញ្ញើដែលវាស់ដោយកម្រិតមធ្យម ប្ដឹងតាមទំហំនៃប្រតិបត្តិការធនាគារ (ប្រាក់បញ្ញើថ្មីក្នុងខែ) ជាប្រាក់រៀលបានថយចុះចំនួន ០,០២% មកអត្រា ០,៦០% ខណៈដែលអត្រាការប្រាក់ដូចគ្នា ជាដុល្លារអាមេរិកបានកើនឡើងចំនួន ០,០១% ដល់អត្រា ០,៤៦%។

ក្នុងអំឡុងពេលនេះដែរ អត្រាការប្រាក់លើប្រាក់កម្ចី ដែលវាស់ដោយកម្រិតមធ្យមប្ដឹងតាមទំហំប្រតិបត្តិការធនាគារ (ប្រាក់កម្ចីថ្មីក្នុងខែ) ជាប្រាក់រៀលបានកើនឡើងចំនួន ០,៨៤% ដល់អត្រា ១០,៥៨% និងអត្រាការប្រាក់ដូចគ្នាជាដុល្លារអាមេរិកបានកើនឡើងចំនួន ០,២៤% ដល់អត្រា ៨%៕

LEAVE A REPLY

Please enter your comment!
Please enter your name here