ធនាគារពាណិជ្ជ​លំដាប់​ទី៣នៅ​កម្ពុជា​ដាក់​ដំណើរការ​ជម្រើស​ទូទាត់​ឌីជីថល​ថ្មី​មួយ

ភ្នំពេញ ៖ ធនាគារ​ហ្វី​លី​ព ដែលជា​ធនាគារពាណិជ្ជ​លំដាប់​ទី៣នៅ​កម្ពុជា បានដាក់​ដំណើរការ​នូវ​ការទូទាត់​តាម​បច្ចេកវិទ្យា​ឌីជីថល​ប្រភេទ​ថ្មី​មួយទៀត មាន​ឈ្មោះថា ម៉ា​ស្ទ័​រ​កាត​និម្មិត ដើម្បី​ផ្ដល់ជូន​អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាន់​តែមាន​ជម្រើស​ច្រើន​ក្នុង​ការទូទាត់ ។

ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដំណើរការ​ម៉ា​ស្ទ័​រកា​ត​និម្មិត​របស់​ធនាគារ​ហ្វី​លី​ព កាលពី​ល្ងាច​ថ្ងៃទី១០ សីហា ២០២០នៅ​សាខា​ផ្លូវ​មុនី​វង្ស លោក​ចាន់ ម៉ាច អគ្គនាយក​ធនាគារ​ហ្វី​លី​ព បានអោយដឹងថា បច្ចេកវិទ្យា​ទូទាត់​ថ្មី​នេះ នឹង​អាច​ជំរុញ​និង​ពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា​កាន់​តែមាន​ភាពងាយស្រួល ។

លោក​ថា៖«ទំហំ​អាជីវកម្ម​ដែល​បាន​កំពុង​ធ្វើ​ប្រតិបត្តិការ តាមរយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិក បា​កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស ហើយ​យើង​មានបំណង​ចូលរួមចំណែក​បន្ថែមទៀត​នៅក្នុង​ដំណើរការ​លូតលាស់​នេះ ។ ធនាគារ​ហ្វី​លី​ព​មើលឃើញថា ពាណិជ្ជកម្ម​អេឡិចត្រូនិក គឺជា​គោលដៅ​ថ្មី​សម្រា់ប​ការធ្វើ​អាជីវកម្ម ហើយ​ធនាគារ​ក៏មាន​បំណង​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​វិស័យនេះ តាំងពី​ដំបូងដៃ »  ។

លោកស្រី Winnie Wong នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​ម៉ា​ស្ទ័​រកា​ត ប្រចាំ​តំបន់​ឥណ្ឌូ​ន​ចិន បានអោយដឹង​ផងដែរ​ថា ប្រជាពលរដ្ឋ​និង​អាជីវកម្ម​នៅ​កម្ពុជា កំពុង​តែមាន​ទំនោរ​ផ្ដោត​ខ្លាំង​ទៅរក​ផលិតផល​ឌីជីថលថ្មីៗចុងក្រោយ ដូចជា​កាត​និម្មិត​ឥណ​ពន្ធ ម៉ា​ស្ទ័​រ​កាត​ជាដើម ។ កាត​នេះ​គឺជា​ការចាប់ផ្ដើម​ជំហាន​ដំបូង​របស់​ធនាគារ​ហ្វី​លី​ព​ទៅក្នុង​វិស័យ​ទូទាត់​តាម​កាត​អេឡិចត្រូនិក ហើយក៏​ជា​កិច្ចការ​ដំបូង​ក្នុង​ភាពជា​ដៃគូ​របស់​ម៉ា​ស្ទ័​រកា​ត ជាមួយនឹង​ធនាគារ​ហ្វី​លី​ព​ផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​បន្តថា កាត​នេះ​ជា​សក្ខីភាព​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ទាំងពីរ ក្នុងការ​នាំមក​នូវ​ការទូទាត់​បែប​ឌីជីថល​ដ៏​ទាន់សម័យ ប្រកបដោយ​ភាពងាយស្រួល​និង​សុវត្ថិភាព​សម្រាប់​ការប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា ។

ជាការ​កត់សម្គាល់ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ ឃើញថា​ការទូទាត់​និង​ការចាយវាយ កាន់​តែមាន​ភាពទំនើប ដោយ​កាត់បន្ថយ​នូវ​ការប្រើប្រាស់​ក្រដាសប្រាក់​កាន់តែច្រើន ជាពិសេស​យុវវ័យ​សម័យថ្មី ហើយក៏​ស្របទៅតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​ជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here