អ្នកជំនាញៈផ្លូវជាតិលេខ៤៣នឹងទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យកាន់តែខ្លាំងនាពេលអនាគត

ដោយៈម៉ាលិនណា

ភ្នំពេញៈ ស្របពេលក្រុងកំពត នឹងត្រូវពង្រីកនាពេលអនាគត ដោយកាត់ឃុំចំនួន៣ ចូលមកដែនរដ្ឋបាលក្រុង នឹងធ្វើឲ្យឥទ្ឋិពលនៃការវិនិយោគកើនឡើង ទៅកាន់តំបន់ជាយក្រុងនេះកាន់តែច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកជំនាញកំពុងមានសុទិដ្ឋិនិយម លើតំបន់ស្ថិតនៅជុំវិញផ្លូវជាតិលេខ៤៣ ដែលនឹងទាក់ទាញការវិនិយោគ លើវិស័យអចលនទ្រព្យនាពេលអនាគតឆាប់ៗនេះ ខណៈតម្លៃដីធ្លីតំបន់នេះកំពុងឡើងថ្លៃរួចទៅហើយ។

លោក Coolor Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate បានមានប្រសាសន៍៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ខេត្តកំពតមានភាពអំណោយផលខ្លាំង លើវិស័​យទេស​ចរណ៍ ព្រោះខេត្តនេះមានទីតាំងជិតរាជធានីភ្នំពេញ មានព្រៃភ្នំ មានស្ទឹងធម្មជាតិ និងខ្យល់អាកាសបរិសុទ្ឋ ដែលអំណោយផលដល់ការវិនិយោគ លំនៅដ្ឋានលំហែរកាយ និងសេវាកម្ម រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ។

លោកបន្តថា “ដោយសារមានទីតាំងកៀងនឹងក្រុងកំពត ខ្ញុំជឿថាតំបន់ជាប់ផ្លូវជាតិលេខ៤៣ ស្ថិតនៅក្នុងភូមិសាស្រ្តកៀកក្រុងកំពត និងតំបន់ដៃទៃទៀត នឹងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀត”។ លោកបន្តថា “ផ្លូវជាតិលេខ៤៣ សមស្របសំរាប់ដីឡូត៍លំហែរកាយ ផ្ទះលំហែរ និងជាតំបន់អភិវឌ្ឈន៍វិស័យឧស្សាហកម្មជាដើម”។
លោក Coolor Tan បានបន្តថា បើគិតពីផ្លូវជាតិលេខ៣ ទៅកាន់ផ្លូវជាតិលេខ៤៣ គឺមានចម្ងាយជិត ដែលនឹងធ្វើឲ្យតម្លៃដីធ្លីកើនឡើងថែមទៀត ព្រោះតំបន់នេះនឹងមានការរីកចម្រើនខ្លាំងនៅក្នុងចន្លោះរយៈពេល៣ទៅ៥ឆ្នាំខាងមុខនេះ។

ជាមួយគ្នានេះ លោកកែវ សុជាតិប្រធានក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្នទោះបីកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាជំងឺកូវីដ១៩ក្តី ប៉ុន្តែចរន្តទិញលក់ដីធ្លីនៅក្នុងខេត្តកំពត និងតំបន់ជុំវិញក្រុង និងបណ្តាស្រុកនានាបានកើនឡើងខ្លាំង ដោយសារប្រជាពលរដ្ឋមើលឃើញសក្តានុពលរបស់ខេត្តនេះ នឹងមានការរីកចម្រើនលឿននាពេលអនាគត។

អភិបាលនៃគណៈអភិបាលខេត្តកំពត លោកជាវ តាយបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តនឹងកាត់ឃុំចំនួន៣ នៅក្នុងស្រុកទឹកឈូ ចូលមកក្នុងដែនរដ្ឋបាលក្រុងកំពតនាពេលអនាគត ដែលការប្រកាសជាផ្លូវការ នឹងធ្វើឡើងនៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២ខាងមុខនេះ។

លោកបន្តថា “ខេត្តកំពតកំពុងមានភាពរីកចម្រើន និងទាក់ទាញលំហូរទុនវិនិយោ​គកាន់តែច្រើន ពិសេសទោះបីជាមានបញ្ហាជំងឺកូវីដ១៩ក្តី ប៉ុន្តែរាល់គំរោងវិនិយោគនៅក្នុងខេត្ត និងក្រុងមិនបានផ្អាកសកម្មភាពឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here