តើប្រទេសណាខ្លះដែលជាប់ក្នុងចំណោមប្រទេសទាំង១០ដែលមាសបម្រុងច្រើនជាងគេបំផុតទាំងក្នុងពិភពលោកប្រចាំឆ្នាំ២០២១?

សុខុម

ដឹងទេថា តើប្រទេសណាខ្លះដែលមានមាសបម្រុងច្រើនជាងគេបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ស្ថាប័នណាជាអ្នកកាន់កាប់មាសទាំងនោះ ហើយវាមានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ច?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្ដាលគឺជាអ្នកកាន់កាប់មាសបម្រុង និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការគ្រប់គ្រងទុនបម្រុង។ មាសបម្រុងគឺជាមាសដែលកាន់កាប់ដោយធនាគារកណ្ដាលនៃប្រទេសមួយសម្រាប់ជួយគាំទ្រតម្លៃរូបិយប័ណ្ណរបស់ខ្លួន ហើយមាសគឺជាទុនបម្រុងដ៏ពេញនិយម និងមានសុវត្ថិភាពបំផុតក្នុងករណីប្រទេសជួបគ្រាអាសន្ន។

ហាងឆេងមាសឆ្លុះបញ្ចាំងស្ថានភាពជាក់ស្ដែងនៃស្ថិរភាពសេដ្ឋកិច្ច។ នៅពេលហាងឆេងមាសហក់ឡើងខ្ពស់ នោះជាសញ្ញាបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចមិនល្អឡើយ។

បណ្ដាវិនិយោគិន និងរដ្ឋាភិបាលទិញមាសទុកសម្រាប់ការពារហានិភ័យវិបត្តិសេដ្ឋកិច្ច ឬអតិផរណា (តម្លៃលុយធ្លាក់ចុះ ទំនិញ និងសេវាកម្មឡើងថ្លៃ)។ ហើយនៅពេលហាងឆេងមាសធ្លាក់ចុះបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ ដែលធ្វើឱ្យកាវិនិយោគលើភាគហ៊ុន ប័ណ្ណបំណុល ឬអចលនទ្រព្យកាន់តែទទួលបានផលចំណេញ។

តម្លៃមាសឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់ឈ្មួញទំនិញ។ ប្រសិនបើយល់ថា សេដ្ឋកិច្ចកំពុងតែដាំក្បាលចុះ ពួកគេនឹងសម្រុកទិញមាសទុកកាន់តែច្រើន ជាហេតុធ្វើឱ្យតម្លៃមាសហក់ឡើងខ្ពស់ខុសធម្មតា ព្រោះតម្រូវការកើនឡើង។ ហើយបើយល់ថា សេដ្ឋកិច្ចដំណើរការល្អប្រសើរ ពួកគេនឹងកាត់បន្ថយការទិញមាស ជាហេតុធ្វើឱ្យតម្លៃមាសដាំក្បាលចុះ ព្រោះតម្រូវការធ្លាក់ចុះ។

ទិន្នន័យរបស់ក្រុមប្រឹក្សាមាសពិភពលោក (World Gold Council (WGC)) គិតត្រឹមខែមេសា ឆ្នាំ២០២១ បង្ហាញថា ធនាគារកណ្ដាលនានាទូទាំងពិភពលោកបានទិញមាសទុកសរុបចំនួន២៧២,៩តោននៅក្នុងឆ្នាំ២០២០ កន្លងទៅ។ ហើយដោយសារតែមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មិនមែនជាប្រទេស វាមិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីនេះឡើយ។ នេះបើយោងតាមសារព័ត៌មាន Good Returns ចុះផ្សាយកាលពីខែមិថុនា កន្លងទៅ។

អញ្ចឹងតោះ! មកស្គាល់ប្រទេសទាំង១០នោះដូចខាងក្រោម៖

ចំណាត់ថ្នាក់លេខ១៖ សហរដ្ឋអាមេរិក (មាសបម្រុង៨.១៣៣,៥តោន)
ចំណាត់ថ្នាក់លេខ២៖ អាល្លឺម៉ង់ (មាសបម្រុង៣.៣៦២,៤តោន)
ចំណាត់ថ្នាក់លេខ៣៖ អ៊ីតាលី (មាសបម្រុង២.៤៥១,៨តោន)
ចំណាត់ថ្នាក់លេខ៤៖ បារាំង (មាសបម្រុង២.៤៣៦,២តោន)
ចំណាត់ថ្នាក់លេខ៥៖ រុស្ស៊ី (មាសបម្រុង២.២៩៨,៥តោន)
ចំណាត់ថ្នាក់លេខ៦៖ចិន (មាសបម្រុង១.៩៤៨,៣តោន)
ចំណាត់ថ្នាក់លេខ៧៖ ស្វីស (មាសបម្រុង១.០៤០តោន)
ចំណាត់ថ្នាក់លេខ៨៖ ជប៉ុន (មាសបម្រុង៧៦៥,២តោន)
ចំណាត់ថ្នាក់លេខ៩៖ ឥណ្ឌា (មាសបម្រុង៦៨៦,៨តោន)
ចំណាត់ថ្នាក់លេខ១០៖ ហូឡង់ (មាសបម្រុង៦១២,៥តោន) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here