តើការបោះពុម្ពក្រដាសប្រាក់ច្រើនពេកនឹងធ្វើឱ្យមានវិបត្តិ និងគុណសម្បត្តិបែបណាខ្លះ?

ដោយៈសុខុម

ភ្នំពេញៈ រូបិយប័ណ្ណ ឬក្រដាសប្រាក់ ឬនិយាយដោយសាមញ្ញថាលុយ បែងចែកឱ្យមានវណ្ណៈអ្នកមាន និងវណ្ណៈអ្នកក្រ ហើយដោយសម័យបច្ចុប្បន្ន មនុស្សឱ្យតម្លៃខ្លាំងទៅលើទ្រព្យសម្បត្តិ អ្វីៗគ្រប់យ៉ាងគេនិយាយពីលុយ បើគ្មានលុយគឺត្រូវអែបកៀន ស្ងាត់មាត់ដូចគេចុក។

បើលុយពិតជាសំខាន់ខ្លាំងយ៉ាងនេះ ម្ដេចក៏ធនាគារជាតិ ឬធនាគារកណ្ដាលនៃប្រទេសមួយមិនបោះពុម្ពលុយឱ្យច្រើនៗ សម្រាប់ចែកពលរដ្ឋក្នុងប្រទេសរបស់ខ្លួនឱ្យក្លា​យជាអ្នកមានគ្រប់គ្នា ឬសងបំណុលដែលរដ្ឋាភិបាលជំពាក់គេឱ្យអស់ទៅ ព្រោះប្រទេសនីមួយៗ សុទ្ធតែមានសិទ្ធិអាចបោះពុម្ពលុយបានដោយខ្លួនឯង?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចម្លើយយ៉ាងខ្លី គឺមិនអាចធ្វើបែបនោះបានឡើយ ព្រោះក្រុមអ្នកជំនាញរូបិយវត្ថុបានពន្យល់ថា ការបោះពុម្ពលុយ ឬក្រដាសប្រាក់ច្រើនពេក នឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចកើតឡើង ដូចជា ធ្វើឱ្យទំនិញសព្វសារពើឡើងថ្លៃ សេវាកម្មនានាឡើងថ្លៃ និយាយរួមអ្វីៗសុទ្ធ​តែឡើងថ្លៃ ខណៈតម្លៃលុយធ្លាក់ចុះខ្លាំង ដែលភាសាបច្ចេកទេសហៅថាអតិផរណា។

តើអ្នកទាំងអស់នៅចាំបានទេថា ប្រទេសហ្សីមបាវេ ធ្លាប់ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារអតិផរណាហក់ឡើងខ្ពស់ខ្លាំងហៅលែងឮ ដល់ថ្នាក់ពេលទិញនំបុ័ងមួយដើមត្រូវស្ពាយលុយទាំងបាច់ៗទើបអាចទិញបាន ព្រោះលុយវាថោកពេក ហើយទំនិញថ្លៃខ្លាំងពេក។ និយាយរួមដោយខ្លី គឺការបោះពុម្ពលុយកាន់តែច្រើន ដែលមិនបានគិតគូរពីផលប៉ះពាល់ អាចនឹងបង្កគ្រោះអាសន្នដល់សេដ្ឋកិច្ចជាតិទាំងមូល។

បើបែបនេះ តើធនាគារជាតិនៃប្រទេសមួយ ត្រូវបោះពុម្ពលុយក្នុងកាលៈទេសៈបែបណា?។

ជាទូទៅ ក្រដាសប្រាក់ថ្មីត្រូវបានបោះពុម្ព ដើម្បីជំនួសក្រដាសប្រាក់ចាស់ៗដែលត្រូវច្រៀកបំផ្លាញចោលនៅធនាគារជាតិ។ ក្រៅពីនេះការបោះពុម្ពក្រដាសប្រាក់ក៏អាចធ្វើឡើងបានផងដែរ ក្នុងករណីមានការកើនឡើងនូវការទូទាត់សុទ្ធ (net payment)។

និយាយឱ្យសាមញ្ញ ការផ្គត់ផ្គង់ក្រដាសប្រាក់នៅក្នុងសេដ្ឋកិច្ច គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលមិនបង្កអតិផរណា។ ប្រសិនបើគ្មានការកើនឡើង នូវសកម្មភាពសេដ្ឋកិច្ចដែលសមាមាត្រ ទៅនឹងចំនួនក្រដាសប្រាក់ ដែលផ្គត់ផ្គង់ក្នុងទីផ្សារទេនោះ ការបោះពុម្ពក្រដាសប្រាក់ ដើម្បីសងបំណុលនឹងមិនអាចជួយអ្វីបានឡើយ គឺមានតែធ្វើឱ្យអតិផរណាកាន់តែធ្ងន់ធ្ងរថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here