ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ក្នុងពេលដែលផ្លូវក្រវ៉ាត់ក្រុងទី៣កាន់តែជិតរួចរាល់ សក្ដានុពលក្នុងការអភិវឌ្ឍលំនៅដ្ឋាន នៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ កាន់តែមានភាពទាក់ទាញបន្ថែមទៀត ជាក់ស្ដែងវិនិយោគិនជាច្រើន ក៏បាននិងកំពុងជំរុញគម្រោងអភិវឌ្ឍរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។
បើតាមលោកឡត វណ្ណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុន CMC Real Estate បានឱ្យដឹងកាលពីរសៀលថ្ងៃទី៤ សីហាកន្លងមកថា ក្នុងពេលគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣កាន់តែជិតបញ្ចប់ សក្ដានុពលនៃការអភិវឌ្ឍអចលនទ្រព្យ កាន់តែមានភាពទាក់ទាញបន្ថែមទៀត។
យើងរំលឹកទៅដល់ផ្លូវ៦០ម៉ែត្រ កាលមិនទាន់សាងសង់ កាលនោះតំបន់នៅតាមផ្លូវ៦០ម៉ែត្រគឺជាតំបន់ដាច់ស្រយ៉ាល មិនមានបុរីមិនមានគម្រោងធំៗ ទៅដាក់ទុនវិនិយោគនោះទេ ប៉ុន្តែក្រោយពេលផ្លូវ៦០ម៉ែត្របានសាងសង់ និងបានដាក់ដំណើរការគេសង្កេតឃើញថា ការអភិវឌ្ឍ អចលនទ្រព្យនៅតាមបណ្ដោយផ្លូវនោះ មានសន្ទុះលឿនខ្លាំង ដោយមានបុរីធំៗ ខុនដូ គម្រោងធំៗជាច្រើនទៀត ចាប់ផ្ដើមដាក់ទុនវិនិយោគនៅក្នុងតំបន់នោះ ។
លោកបន្តថា មិនខុសគ្នានឹងគម្រោងអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងទី៣ នាពេលនេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីវិនិយោគិនលើការអភិវឌ្ឍអចលនទ្រព្យ។ ផ្លូវក្រវ៉ាត់ក្រុងទី៣ ជាផ្លូវដឹកជញ្ជូនដ៏សំខាន់តភ្ជាប់ពីផ្លូវលេខជាតិលេ១ ទៅផ្លូវជាតិលេខ២ លេខ៣ លេខ៤ និងតភ្ជាប់ទៅមហាវិថីឈ្នះ ឈ្នះ ឆ្ពោះទៅផ្លូវជាតិលេខ៦អា។ ដូច្នេះផ្លូវនេះ ជាផ្លូវមានសក្ដានុពលខ្ពស់ទាំងបច្ចុប្បន្ននិងអនាគត។
លោកបន្តថា “៥ឆ្នាំទៅមុខទៀត ដីធ្លីនៅតំបន់តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងនេះ នឹងកាន់តែមានហាងឆេងហើយតម្លៃក៏ឡើងខ្ពស់ដែរ។ បើពេលនេះ តម្លៃដីធ្លីត្រឹម៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ នៅពេល៥ឆ្នាំខាងមុខទៀត វានឹងឡើងដល់៨០០ដុល្លារអាមេរិកឬ១០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ពេលនោះតម្លៃផ្ទះនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ក៏ត្រូវកើនឡើងខ្ពស់ដែរ”។
លោកបន្តថា បច្ចុប្បន្ននេះ សក្ដានុពលនៃការអភិវឌ្ឍលំនៅដ្ឋាន នៅតំបន់ក្រវ៉ាត់ក្រុងទី៣ ជាពិសេសនៅប៉ែកខាងត្បូង កំពុងតែមានការរីកលូតលាស់ខ្លាំង ដោយសារតែតំបន់នេះ វាជាប់ជាមួយនឹងគម្រោង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីផងដែរ និងមានបុរីជាច្រើនកំពុងសាងសង់ ដូចជាបុរី GB Residence និងបុរីផ្សេងៗជាច្រើនទៀត ។
អ្នកជំនាញនៃវិស័យអចលនវត្ថុជាច្រើនទៀតក៏មើលឃើញថា ការអភិវឌ្ឍអចលនវត្ថុនៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ក៏កំពុងមានសន្ទុះគួរឱ្យចាប់អារម្មណ៍ផងដែរ ជាពិសេសគម្រោងអភិវឌ្ឍលំនៅដ្ឋានជាបុរី ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកន្លងមកបញ្ជាក់ថា ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ជាផ្លូវសំខាន់ក្នុងការបញ្ជៀសការកកស្ទះចរាចរណ៍ នៅក្នុងទីក្រុងភ្នំពេញ និងជាផ្លូវដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញ វាងរាជធានីភ្នំពេញ ។ គម្រោងសាងសង់ផ្លូវនេះ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ខាងមុខនេះ បើទោះបីជាមានវិបត្តិដោយសារតែកូវីដ១៩ក៏ដោយ៕