ទំហំឥណទានលក្ខណៈបុគ្គលនៅកម្ពុជាកើនឡើងដល់ជាង១០ពាន់លានដុល្លារ

ដោយៈ ម៉ាណេត

ភ្នំពេញៈ សមតុល្យឥណទានលក្ខណៈបុគ្គលមានទំហំទឹកប្រាក់ប្រមាណ១០,៧៥ពាន់លានដុល្លារ នៅចុងត្រីមាសទី២ ឆ្នាំ២០២១ ខណៈដំណើរការឥណទានលក្ខណៈបុគ្គលបង្ហាញអំពីទំហំឥណទានលក្ខណៈបុគ្គលនៅបំណាច់ត្រីមាសឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត +៣,៤២% គិតត្រឹមពីខែមិថុនា ឆ្នាំ២០២១។

បើទោះបីជា ចំនួនគណនីនៃកម្ចីអចលនទ្រព្យមានចំនួនត្រឹម១១,២៦% នៃចំនួនគណនីសរុប កម្ចីអចលនទ្រព្យមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប (៥២,៤៧%) ចំណែកឯ សមតុល្យឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំណែក ៤៦,៩៣%។

សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៦០% ប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានកំណើនវិជ្ជមាននៅគ្រប់តំបន់ទាំងអស់ដូចជា តំបន់ខ្ពង់រាប +៤,៤% តំបន់ទំនាប +៣,៦% តំបន់ទន្លេរសាប +២,៧% និង តំបន់ឆ្នេរ +៣,៤%។

ដោយឡែក គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការធ្លាក់ចុះចំនួន –០,៤០% ប្រៀបពីត្រីមាសមុនដែលធ្វើអោយចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៣០ លាន។ ក្នុងចំណោមចំនួននេះ ៨០,៤៦% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈដែលចំណែកតូចជាងនេះគឺ កម្ចីអចលនទ្រព្យ (១១,២៦%) និង កម្ចីប័ណ្ណឥណទាន (៨,២៧%)។

ការថមថយនេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (-១,៤% នៅតំបន់ឆ្នេរ, –០,៤% នៅតំបន់ទំនាប និងតំបន់ទន្លេសាប) លើកលែងតែនៅតំបន់ខ្ពង់រាបមានការកើនឡើងចំនួន +២,២%។

លោកអឿ សុធារ័ត្នប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីមានថ្លែងថា ដូចគ្នាទៅនឹងឆ្នាំមុនៗដែរ ទីផ្សារឥណទានបុគ្គលនៅក្នុងត្រីមាសទីពីរ តែងមានការថមថយចុះ។

លោកបានថ្លែងបន្តថា យ៉ាងណាមិញ ទំហំនៃការធ្លាក់ចុះនៃកំណើនការស្នើរសុំឥណទានទាំងចំនួន និងទំហំទឹកប្រាក់ មានកម្រិតទាបជាងកាលពីត្រីមាសដូចគ្នានេះ ក្នុងឆ្នាំ២០២០ ដែលជាឆ្នាំចាប់ផ្តើមទទួលរងឥទ្ធិពលដោយការរាតត្បាតនៃជំងឺកូវីដ១៩។

លោកបានឱ្យដឹងទៀតថា អនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ បានកើនឡើងដល់២,៥៧% ដែលបង្ហាញពីការធ្លាក់ចុះបន្តិចនៃគុណភាពឥណទានធៀបនឹងត្រីមាសមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here