កម្ពុជា ប្រមូលចំណូលមិនមែនសារពើពន្ធបានជាង ២៨១.២លានដុល្លារក្នុងឆមាសទី១ ឆ្នាំនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ កម្ពុជា ប្រមូលចំណូល មិនមែនសារពើពន្ធប្រមាណជាង ១ ១២៥ ប៊ីលានរៀល (ប្រមាណជាង ២៨១.២ លានដុល្លារ) ស្មើ ៤០% នៃច្បាប់ហិរញ្ញវត្ថុក្នុងឆមាសទី១ ឆ្នាំ២០២០នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ពាក់ព័ន្ធការប្រមូលចំណូលមិនមែនសារពើពន្ធ រួមមានចំណូលពីការចាត់ចែងការធ្វើពាណិជ្ជកម្ម និងការលក់ទ្រព្យសម្បត្តិរដ្ឋ ផលបានពីសម្បទាន កម្រៃបានពីសេវាសាធារណៈ និងចំណូលបានមកពីការផាកពិន័យជាដើម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញលទ្ធផលនៃការអនុវត្តថវិកា ក្នុងឆមាសទី១ ឆ្នាំ ២០២០ នេះថា ក្នុងនោះចំពោះចំណូលមិនមែនសារពើពន្ធ អនុវត្តបានចំនួនប្រមាណជាង ១ ១២៥ ប៊ីលានរៀល (ប្រមាណ ២៨១.២ លានដុល្លារ) ស្មើ ៤០% នៃច្បាប់ហិរញ្ញវត្ថុ ពោលគឺទាបជាង ៤ % ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលអនុវត្តបានចំនួនជាង ៤៤% នៃច្បាប់ហិរញ្ញវត្ថុ បើគិតចំណូលជាសាច់ មានការប្រាក់ថយចុះជាង ៦% ផងដែរ ។

នៅក្នុងរយៈពេលនេះដែរ ចំណូលពីទ្រព្យសម្បត្តិរដ្ឋ អនុវត្តបានចំនួន ៣៦៧ ប៊ីលានរៀល ស្មើនឹង ១៣៩% នៃច្បាប់ហិរញ្ញវត្ថុ, គឺទាបជាង ១,៩% ពិន្ទុភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលអនុវត្តបានជិត ១៤០% , ប៉ុន្តែបើគិតចំណូលជាសាច់ប្រាក់មានកំណើនជាង ២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែកចំណូលមិនមែនសារពើពន្ធផ្សេងទៀត, ក្រៅពីទ្រព្យសម្បត្តិរដ្ឋ អនុវត្តបានជាង ២៦% នៃច្បាប់ហិរញ្ញវត្ថុ, គឺទាបជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលអនុវត្តបាន ៣៩% នៃច្បាប់ហិរញ្ញវត្ថុ, បើគិតចំណូលជាសាច់ប្រាក់មានការថយចុះជាង ៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

ចំពោះការអនុវត្ត ចំណូលកាតព្វកិច្ចពីកាស៊ីណូ និងចំណូលកាតព្វកិច្ចពីឆ្នោត អនុវត្តបានចំនួន ១៤០ ប៊ីលានរៀល ស្មើជិត ៦៩% នៃច្បាប់ហិរញ្ញវត្ថុ, គឺខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលអនុវត្តបានត្រឹមតែជិត ៤% នៃច្បាប់ហិរញ្ញវត្ថុ, បើគិតជាសាច់ប្រាក់ ចំណូលនេះមានការកើនឡើងជាង ១ ០០០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១ ។

ពាក់ព័ន្ធនឹងកំណើនបានហក់ឡើងខ្ពស់នេះ ដោយសារការបង់ចំណូលរបស់ក្រុមហ៊ុនណាហ្គាវើល ដែលជាចំណូលកាតព្វកិច្ចឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ។ ដូចនេះ តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ ២០២០ ចំណូលកាតព្វកិច្ចពីកាស៊ីណូ និងចំណូលកាតព្វកិច្ចពីឆ្នោត អាចសម្រេចលើសច្បាប់ហិរញ្ញវត្ថុប្រមាណ ១៥% ប៉ុណ្ណោះ ។

ចំណូលមិនមែនសារពើពន្ធផ្សេងៗ ក្រៅពីទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងចំណូលកាតព្វកិច្ចពីកាស៊ីណូ និងចំណូលកាតព្វកិច្ចពីឆ្នោត តាមការបានប៉ាន់ស្មាន នៅក្នុងដំណាច់ឆ្នាំ ២០២០ ចំណូលប្រភេទនេះ អាចនឹងសម្រេចបានប្រមាណជាង ៧២% នៃច្បាប់ហិរញ្ញវត្ថុ ២០២០ ។

ចំណូលមិនមែនសារពើពន្ធ ដែលមានបីផ្នែកសំខាន់ៗរួមមាន ចំណូលពីទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធផ្សេងទៀត ក្រៅពីទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងចំណូលកាតព្វកិច្ចពីកាស៊ីណូ និងចំណូលកាតព្វកិច្ចពីឆ្នោត, ក្នុងឆមាសទី ១ នៅឆ្នាំ ២០២០ អនុវត្តបានល្អទាំងបីផ្នែក, ក្នុងនោះតាមការប៉ាន់ស្មាន រហូតដល់ដំណាច់ឆ្នាំ ២០២០ ចំណូលមិនមែនសារពើពន្ធ អាចនឹងសម្រេចបានប្រមាណ ៧២,១% នៃច្បាប់ហិរញ្ញវត្ថុ ២០២០ ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here