អ្នកភិវឌ្ឍន៍សឹង្ហបុរី៖ ទីផ្សារខុនដូនៅកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញនៅចុងឆ្នាំ២០២០នេះ

ដោយ៖ លក្ខិណា
ភ្នំពេញ៖ អ្នកអភិវឌ្ឍន៍ខុនដូជនជាតិសឹង្ហបុរី បានបង្ហាញពីភាពជោគជ័យនិងការងើបឡើងវិញនៃសកម្មភាពទិញលក់ខុនដូនៅក្នុងទីផ្សារប្រទេសកម្ពុជានិងជឿជាក់ថា ទីផ្សារខុនដូនៅកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញនៅចុងឆ្នាំ២០២០នេះ។

ជាក់ស្ដែងនៅរយៈពេលប្រមាណ២ខែចុងក្រោយនេះ កំណើននៃការលក់របស់ខ្លួនបានកើនឡើងប្រមាណពី១០ភាគរយទៅ៣០ភាគរយ ហើយអ្នកទិញភាគច្រើននៅរយៈពេលចុងក្រោយគឺជាជនជាតិខ្មែរ។
លោកយ៉ង់ វិចិត្រ ប្រធានផ្នែកប្រតិបត្តិនៃក្រុមហ៊ុន Spring CJW Development បានថ្លែងក្នុងពិធីបើកលក់គម្រោងខុនដូថ្មីមួយទៀតរបស់Axis កាលពីចុងសប្ដាហ៍មុននេះ ឱ្យដឹងថា ក្នុងឆ្នាំ ២០២០នេះ វិស័យអចលនទ្រព្យទាំងមូលពិតជាជួបនឹងបញ្ហាដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែសម្រាប់គម្រោងAxis Residence គឺមានចក្ខុវិស័យវែងឆ្ងាយ និងដោយមានទុនក្នុងការសាងសង់គ្រប់គ្រាន់ គម្រោងនេះមិនធ្វើអោយប៉ះពាល់ពីវិបត្តិកូវីដ១៩នោះទេ។

លោក បានថ្លែងថា “ដោយសារតែគម្រោងមានទុនគ្រប់គ្រាន់ ក្នុងការសាងសង់ យើងជឿជាក់ថាមិនយូរទៀតនោះទេ ខុនដូនៅក្នុងគម្រោងនេះ នឹងទទួលបានការគាំទ្រនិងជោគជ័យជាក់ជាមិនខានឡើយ”។
លោកបន្តថា សម្រាប់ទីផ្សារខុនដូនៅចុងឆ្នាំ ២០២០នេះ លោកជឿជាក់ថា នឹងត្រលប់មករកភាពល្អប្រសើរឡើងវិញ ហើយវិនិយោគិនក្នុងស្រុកនិងបរទេសនឹងអាចបន្តការដាក់ទុនវិនិយោគលើវិស័យខុនដូ ដើម្បីបំពេញតម្រូវការនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា រហូតមកដល់ពេលនេះ គម្រោង Axis Residence ទាំងមូលចំណាយទុនប្រមាណ៧០លានដុល្លារអាមេរិកហើយ ហើយក៏កំពុងស្វែងរកទីតាំងថ្មីមួយទៀតសម្រាប់អភិវឌ្ឍន៍វិស័យខុនដូដើម្បីបំពេញតម្រូវការទីផ្សារកម្ពុជាផងដែរ។ បច្ចុប្បន្ននេះ តម្រូវការខុនដូនៅក្នុងប្រទេសកម្ពុជាភាគច្រើនជាងពលរដ្ឋក្នុងស្រុក ហើយសម្រាប់ជនបរទេសទិញខុនដូវិញឃើញថាមានការថមថយច្រើន វាមិនខុសអីពីប្រទេសជិតខាងកម្ពុជា ដែលកាលពីមុនសំបូរទៅដោយជនបរទេសជាអ្នករស់នៅខុនដូ តែពេលនេះ បានផ្លាស់ប្តូរមកជាជនជាតិក្នុងស្រុកជាអ្នករស់នៅក្នុងខុនដូវិញ ។

លោកស្រី អាន សុធីតា នាយកាក្រុមហ៊ុន CBRE Cambodia បានលើកឡើងកន្លងមកថា គិតត្រឹមឆមាសទី១ឆ្នាំ ២០២០ នេះ កម្ពុជាមានខុនដូសរុបប្រមាណ២ម៉ឺនយូនីត ហើយបច្ចុប្បន្ននេះចំនួនអ្នកទិញខុនដូ នៅកម្ពុជាជាជនបរទេសមានការថយចុះនិងជំនួសមកវិញដោយជនជាតិខ្មែរ និងទីផ្សារក្នុងស្រុក ដោយសារតែផ្នត់គំនិតរបស់ជនជាតិខ្មែរ ដែលចង់រស់នៅក្នុងខុនដូកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោក បានឱ្យដឹងថា វាក៏មិនចំឡែកដែរ ដែលអ្នករស់នៅក្នុងខុនដូគឺជាប្រជាជនក្នុងស្រុក ព្រោះថានៅបណ្ដាប្រទេសជាច្រើន ជាពិសេសប្រទេសជិតខាងកម្ពុជា មានបទពិសោធន៍រួចហើយ ដោយពីមុនអ្នករស់នៅក្នុងខុនដូជាជនបរទេសតែក្រោយមកក៏ជាជនជាតិខ្លួនវិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here