ដោយៈគង់ ម៉ាលីនណា
ភណ្តាល/កំពង់ស្ពឺៈ អ្នកជំនាញបានអះអាងថា បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយថ្មី ដោយរុញរោងចក្រ សហគ្រាសទៅកាន់តំបន់ជាយក្រុង ដែលធ្វើឲ្យតំបន់ផ្លូវជាតិលេខ៥១ និង៤១ កំពុងមានសកម្មភាពសាងសង់រោងចក្រ សហគ្រាស និងបុរីនានាកើនឡើងយ៉ាងច្រើន។
ជាមួយនឹងគោលនយោបាយថ្មីរបស់រដ្ឋាភិបាលនេះ បានធ្វើឲ្យចរន្តនិងសកម្មភាពទិញលក់ដីធ្លីកើនឡើងយ៉ាងសកម្មនៅតំបន់ជាប់ផ្លូវនេះ ពិសេសតំបន់ជុំវិញផ្លូវនេះ ដែលធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នេះបានកើនឡើងជាប្រចាំ។
លោកសេង ប៊ុណ្ណាភ្នាក់ងារអចលនទ្រព្យឯករាជ្យនៅតំបន់នេះ បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី១ សីហាកន្លងមកថា ជារៀងរាល់ថ្ងៃលោកទទួលបានការសាកសួរព៌តមានពីអ្នកស្គាល់ និងភ្នាក់ងារនៅមូលដ្ឋាន ឲ្យដើររកដីជូនភ្ញៀវជាប្រចាំ ដោយសារអ្នកភ្នំពេញជាច្រើន បាននិងកំពុងចាប់អារម្មណ៍ដីនៅតំបន់នេះ ពិសេសក្នុងស្រុកឧត្តុង ស្រុកពញាឮ និងស្រុងអង្គស្នូល។
លោកបន្តថា “តាមខ្ញុំសាកសួរភាគច្រើន អ្នកស្វែងរកទិញដីគឺទុកលក់យកចំណេញ ដោយសារពួកគាត់ប្រាប់ថា រាជធានីភ្នំពេញនឹងពង្រីក ទៅដល់តំបន់ទាំងនេះនាពេលអនាគត”។លោកបន្តថា “យ៉ាងណាក៏ដោយដីមិនសូវឡើងថ្លៃប៉ុន្មានទេ ភាគច្រើនអ្នកទិញស្វែងរកដីតម្លៃទាបជាងទីផ្សារ ដោយសារបញ្ហាជំងឺកូវីដ១៩”។
លោកសេង ប៊ុណ្ណាបានបន្តថា បើគិតពីតម្លៃដីធ្លីនៅលើផ្លួវជាតិលេខ៥១ និងតំបន់ជុំវិញនាពេលបច្ចុប្បន្ន ធៀបនឹង៣ទៅ៥ឆ្នាំមុន តម្លៃដីបានហក់ឡើងចន្លោះពី៣ ទៅ៦ដង ដោយសារបច្ចុប្បន្នមានរោងចក្រ សហគ្រាសជាច្រើន បានមកដាក់ទីតាំងនៅតំបន់នេះ ពិសេសសកម្មភាពពុះដីឡូត៏លក់ ក៏បានកើនឡើងកាន់តែច្រើនផងដែរ។
ជាមួយគ្នានេះ ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា ជាការធម្មតាទេ ដែលតម្លៃដីធ្លីបានកើនឡើងនៅតំបន់នេះ ពិសេសកម្មភាពទិញលក់កើនឡើង ដោយសារតែវត្តមានរោងចក្រ សហគ្រាស បុរីតម្លៃមធ្យមភាគច្រើនបានមកកាន់តំបន់នេះ ដោយអ្នកអភិវឌ្ឍន៍ភាគច្រើន បានផ្តោតលើអតិថិជននៅមូលដ្ឋាន ព្រោះប្រជាជននៅក្នុងតំបន់នេះ មានជីវភាពធូរធារ ដោយសារពួកគាត់លក់ដីបានថ្លៃខ្ពស់។
លោកបន្តថា “តម្លៃផ្ទះនៅតំបន់នេះ មានចាប់ពី២០,០០០ទៅ៤០,0០០ដុល្លារអាស្រ័យលើ ការផ្តោតលើគោលដៅអតិថិជនរបស់អ្នកអភិវឌ្ឍន៍និមួយៗ”។ លោកបន្តថា “ការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ គោលនយោបាយថ្មីៗ និងការកើនឡើងនួវកត្តាប្រជាសាស្រ្ត បានធ្វើឲ្យសកម្មភាពទិញលក់ដីធ្លីកើនឡើង ព្រោះការវិនិយោគដីធ្លីនៅកម្ពុជាមានផលចំណេញខ្ពស់ បើធៀបនឹងការវិនិយោគលើផ្នែកផ្សេងៗទៀតនៃវិស័យអចលនទ្រព្យ”។
លោកយិន លាងគង់បានបន្តថា តំបន់ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤១អាចនឹងកាត់ចូលរាជធានីភ្នំពេញនាពេលអនាគត ខណៈដែលផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងប្លង់គោលប្រើប្រាស់ដីធ្លីរបស់រដ្ឋាភិបាល នៅឆ្នាំ២០៣៥នឹងពង្រីករាជធានីភ្នំពេញ ក្នុងកាំរង្វង់១០០គីឡូម៉ែត្រក្រឡា៕