ធនាគារ PPCBank អះអាងថា សេដ្ឋកិច្ចកម្ពុជានឹងត្រលប់មកស្ថានភាពដើមវិញ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ បើទោះបីជាវិស័យសេដ្ឋកិច្ចនៅកម្ពុជាហាក់បីដូចជាកំពុងដើរយឺតដោយសារតែវិបត្តិនៃជំងឺផ្លូវដង្ហើមថ្មីក៏ដោយ ធនាគារ PPCBank មានការជឿជាក់ចំពោះការត្រលប់មកស្ថានភាពដើមវិញនៃវិស័យសេដ្ឋកិច្ច ហើយធនាគារនៅតែបន្តយន្តការក្នុងការក្លាយខ្លួនជាធនាគារឈានមុខគេតាមរយៈការបង្កើនសាខាពីរបន្ថែមទៀត ។

ធនាគារ PPCBank នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានធ្វើការប្រកាសជាផ្លូវការបើកសាខាពីរបន្ថែមទៀត ដែលធ្វើឲ្យចំនួនសាខាសរុបកើនរហូតដល់ ២៣ ជាមួយនឹងទូ ATM ចំនួន ៦២ នៅទូទាំងប្រទេស។ សាខាធនាគារ PPCBank ថ្មីទាំងពីរបានត្រៀមខ្លួនរួចជាស្រេចក្នុងការដំណើរការ និងបម្រើអតិថិជនរបស់ខ្លួននៅលើមហាវិថីព្រះសីហនុ និងលើផ្លូវជាតិលេខ ៦A ។

លោក Shin Chang Moo ដែលជានាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា “កាលពីខែមេសាកន្លងទៅនេះ ពួកយើងទាំងអស់គ្នាបានឆ្លងកាត់នូវស្ថានភាពមួយដ៏លំបាក ដែលគ្មាននរណាម្នាក់ដឹងច្បាស់ថា តើការងាររបស់យើងនឹងត្រលប់មកស្ថានភាពដើមនៅពេលណា ហើយពួកយើងក៏បានផ្លាស់ប្តូររបៀបនៃការរស់នៅរបស់យើង ដោយការអនុវត្តន៍អនាម័យឲ្យបានខ្ជាប់ខ្ជួន និងញឹកញាប់បំផុតតាមដែលអាចធ្វើទៅបាន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “វិធានការការពារនានាត្រូវបានដាក់ឲ្យអនុវត្តប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសកម្ពុជា ដែលយើងមើលឃើញថា ៤ខែក្រោយមកពួកយើងក៏ទទួលបានការឈប់សម្រាកចូលឆ្នាំខ្មែរ ដែលត្រូវបានពន្យារពេលកាលពីខែមេសាកន្លងទៅនេះ។

លោក បានឱ្យដឹងទៀតថា “សម្រាប់ពួកយើង វាជាសញ្ញាបញ្ជាក់ឲ្យឃើញថា សេដ្ឋកិច្ចបានដើរយឺត ប៉ុន្តែជាមួយនឹងការគ្រប់គ្រងស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព វានឹងត្រលប់មកសភាពដើមវិញ ។ ហើយពួកយើងក៏នៅតែបន្តធ្វើឲ្យប្រាកដថា ធនាគារ PPCBank នៅតែផ្តល់សេវាធនាគារដែលងាយស្រួលដល់អតិថិជនរបស់យើង ហេតុដូច្នេះហើយបានជាយើងបន្តបង្កើនសាខាបន្ថែមទៀត”។

លោក Shin បានមានប្រសាសន៍បន្ថែមថា ជំនួសមុខឲ្យធនាគារ PPCBank ទាំងមូល ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនរបស់ពួកយើងទាំងអស់ដែលតែងតែផ្តល់ការគាំទ្រដល់ពួកយើង ហើយនេះជាកត្តាជំរុញឲ្យយើងអាចបង្កើនសាខាពីរបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here