ដោយៈលក្ខិណា
ភ្នំពេញៈ សកម្មភាពនៃការអភិវឌ្ឍដីឡូត៏ នៅក្នុងប្រទេសកម្ពុជាមានជាយូរមកហើយជាពិសេសនៅក្នុងរាជធានីភ្នំពេញ ហើយសកម្មភាពនៃកាន់តែមានសន្ទុះកើនឡើងខ្លាំងនៅក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។
សកម្មភាពនៃការពុះដីឡូត៏កាន់តែរីកសាយ ទៅកាន់តំបន់ជាយៗនៃរាជធានី និងបណ្ដាខេត្តសក្ដានុពលអភិវឌ្ឍន៍មួយចំនួនទៀត ។តើហេតុអ្វីចាំបាច់មានការអភិវឌ្ឍដីឡូត៏ ហើយវាផ្ដល់ប្រយោជន៍អ្វីដល់ពលរដ្ឋ និងសង្គមជាតិ។
លោកបណ្ឌិត គីម ហ៊ាងប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានលើកឡើងថា កម្ពុជាត្រូវតែមានដីឡូត៏ជាដាច់ខាត ពីព្រោះកម្ពុជាមានមនុស្សវ័យក្មេងច្រើនណាស់ ដែលសំដៅលើមនុស្សដែលពេញសក្ដានុពល ដូច្នេះពួកគេត្រូវការដីសម្រាប់សង់លំនៅឋាន នៅពេលពួកគេមានគ្រួសារឬនៅពេលអនាគត ។
លោកបណ្ឌិតបន្តថា តាមពិតទៅ សកម្មភាពនៃការពុះដីឡូត៏នៅកម្ពុជា មានយូរមកហើយ ជាក់ស្ដែងពីអំឡុងឆ្នាំ២០០៤ ឬ២០០៥ ដីឡូត៏ចាប់ផ្ដើមពុះច្រើននៅតំបន់ភ្នំពេញថ្មី ហើយកាលនោះ តម្លៃក៏មិនសូវជាខ្ពស់ប៉ុន្មានដែរ ប៉ុន្តែមកដល់ពេលនេះដីធ្លីនៅតំបន់នោះ បានហក់ឡើងខ្ពស់គិតជាម៉ែត្រការ៉េជាង១ពាន់ដុល្លារអាមេរិកទៅហើយ ។ រហូតមកដល់ពេលនេះដីឡូត៏ នៅតែមានសកម្មភាពពុះខ្លាំងជាងមុនទៅទៀត ហើយក៏បានងាកទៅតំបន់ជាយក្រុងភ្នំពេញ និងមានការគាំទ្រច្រើនដដែល។
លោកបណ្ឌិតគីម ហ៊ាងបានបន្ថែមថា ភ្នំពេញនឹងកាន់តែរីកធំឡើង ពីព្រោះតែកំណើនប្រជាពលរដ្ឋមកកាន់ភ្នំពេញកាន់តែច្រើន ហើយតម្រូវការដីធ្លីប្រើប្រាស់នៅភ្នំពេញក៏កាន់តែច្រើនដូចគ្នា ដូច្នេះចង់មិនចង់ភ្នំពេញនឹងត្រូវពង្រីក ដោយកាត់យកដីខេត្តជិតៗ មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូច្នេះពេលនោះតម្លៃដីធ្លីក៏កាន់តែហក់ឡើងខ្ពស់ ។
លោកបញ្ជាក់ថា ផ្ទះនៅទីក្រុងភ្នំពេញនឹងកាន់តែឡើងថ្លៃ ហើយអ្នកមិនមានលទ្ធភាពទិញផ្ទះ មានតែទិញដីឡូត៏ហ្នឹងហើយសម្រាប់សង់ផ្ទះ នៅពេលរកលុយសល់គ្រប់គ្រាន់សាងសង់ផ្ទះបាន ដូច្នេះវាជាអត្ថប្រយោជន៍មួយដែរ សម្រាប់សកម្មភាពពុះដីឡូត៏នៅកម្ពុជា ។
ចំណែកលោកម៉ាន់ ច័ន្ទឌី ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុមួយរូបនៅកម្ពុជាក៏បានឱ្យដឹងផងដែរថា ការពុះដីឡូត៏ក៏បានផ្ដល់អត្ថប្រយោជន៍ ជាចំណូលដល់រដ្ឋយើងផងដែរ តាមរយៈពន្ធប្រថាប់ត្រា ព្រោះកាលណាទិញដីឡូ ត៏គឺត្រូវការកាត់ប្លង់កម្មសិទ្ធិបំបែកក្បាលដី។ ម្យ៉ាងទៀតវាក៏បានជួយដល់អ្នកមិនមានលទ្ធភាពទិញផ្ទះ អាចទិញដីឡូត៏សន្សំលុយសាងសង់ផ្ទះនៅពេលក្រោយ៕