ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រុមហ៊ុនចំនូន១៣ បានបោះផ្សាយនៅទីផ្សារផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុនចំនួន៧ចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន៦ទៀតបានចុះបញ្ជីជាសញ្ញាប័ណ្ណសាជីវកម្ម ដោយបានប្រមូលទុនពីទីផ្សារមូលបត្រសរុបជាង២៣៥លានដុល្លារ។|
របាយការណ៍របាយទីផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ ២០២១ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម កើនដល់១១១,១២៦ ហ៊ុនក្នុង១ថ្ងៃ ពោលគឺកើនឡើង១៣៥ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ដែលមានត្រឹម៤៧ ២៧២ ហ៊ុន។ ចំណែកទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម ត្រឹមដំណាច់ឆមាសទី១ ឆ្នាំ ២០២១ មានចំនួន២០១,១៤៣ ដុល្លារ កើនឡើងប្រមាណ៧០ភាគរយ បើធៀបទៅនឹងឆ្នាំ ២០២០ ដែលមានចំនួន១១៨,១៤៣ ដុល្លារ។
អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) លោកហុង សុហួរបានមានប្រសាសន៍ឲ្យដឹងថា ជាមួយនឹងការទទួលបានសិទ្ធិចុះបញ្ជីនៅលើផ្សារមូលបត្រ ក្រុមហ៊ុនទាំងនេះមិនត្រឹមតែមានលទ្ធភាពទទួលបាន នូវប្រភពទុនដែលមានតម្លៃដើមទាប និងជាទុនរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការលើកទឹកចិត្តពន្ធដារ ពីរដ្ឋាភិបាល បង្កើនកិត្តិនាមរបស់ខ្លួននៅលើទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន វិនិយោគិន និងសាធារណជនទៀតផង។
លោកថ្លែងថា “ការមានប្រភពទុនតែ១ ឬ២ អាចបណ្តាលឱ្យអាជីវកម្មងាយជួបនឹងហានិភ័យ ដូចនេះខ្ញុំសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនសក្តានុពលនានា ចាប់ផ្តើមធ្វើពិពិធកម្មប្រភពទុនរបស់ខ្លួន និងចាប់យកនូវការកៀរគរទុនពីសាធារណជន តាមរយៈទីផ្សារភាគហ៊ុនដើម្បីពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួនដែលសមស្របសម្រាប់បរិបទបច្ចុប្បន្ន”។
ជាមួយគ្នានេះអគ្គនាយកនិយតករមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បានអះអាងថា ក្នុងកាលៈទេសៈមួយដែលប្រទេសកម្ពុជា និងបណ្តាប្រទេសនានាកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ CSX បានបង្ហាញកាលានុវត្តភាពថ្មីដោយទទួលបាននូវការចាប់អារម្មណ៍ពីសាធារណជនគួរឱ្យកត់សម្គាល់។
លោកថ្លែងថា “ទោះប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែយើងអាចចាប់យកកាលានុវត្តភាពពីភាពប្រឈមនេះ ដោយសារតែខ្ញុំទទួលបានរបាយការណ៍ជួញដូរ រៀងរាល់ថ្ងៃពីទីផ្សារ គឺការជួញដូររបស់យើងមិនទាន់ធ្លាក់ក្រោម១ពាន់លានរៀលទេ”៕