ដោយៈ សាវុធ
ភ្នំពេញៈ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ជាប្រតិបត្តិករទីផ្សារតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាននាទីចម្បងក្នុងការធានាតម្លាភាព និងបង្កើតបរិយាកាសការងារដែលមានភាពល្អប្រសើរដល់អ្នកចូលរួមក្នុងទីផ្សារជាពិសេសក្រុមហ៊ុនក្នុងស្រុកដែលត្រូវការមូលធនដើម្បីពង្រីកអាជីវកម្ម ព្រមជាមួយនឹងការការពារផលប្រយោជន៏របស់វិនិយោគិនជាតិ និងអន្តរជាតិផងដែរ។
ក្នុងនោះផងដែរ ទីផ្សារគោលគឺជាផ្សារដំបូងបង្អស់ត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការសម្រាប់ការចុះបញ្ជីរបស់ក្រុមហ៊ុនចុះបញ្ជីសក្តានុពលដែលមានស្តង់ដារ និងទំហំធំ។ ទីផ្សារនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុននាំយកភាគហ៊ុនទាំងអស់ក្រោយការបោះផ្សាយ មកចុះបញ្ជីនិងជួញដូរនៅក្នុងប្រព័ន្ធរបស់ ផ.ម.ក. ។
សមាសភាពក្រុមការងារបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងជាទូទៅរួមមានក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនមេធាវី ក្រុមហ៊ុនគណនេយ្យជំនាញ និងក្រុមហ៊ុនផ្តល់សេវាវាយតម្លៃ។
ក្រៅពីក្រុមកាងារបោះផ្សាយលក់មូលបត្រ លោកអ្នកក៏អាចស្នើសុំមក ផ.ម.ក. ដើម្បីជួយក្នុងដំណើរការនៃការបោះផ្សាយផងដែរ ដើម្បីប្រាកដថាក្រុមហ៊ុនទទួលបានព័ត៌មានគ្រប់គ្រាន់ទាក់ទងទៅនឹងដំណើរការនៃការបោះផ្សាយ និងចុះបញ្ជីមូលបត្រ។
លោកអ្នកអាចទទួលបានព័ត៌មានលម្អិតអំពីក្រុមហ៊ុនដែលទទួលបានការទទួលស្គាល់ និង/ឬអាជ្ញាបណ្ណក្នុងដំណើរការចុះបញ្ជីតាមរយៈគេហទំព័ររបស់ ផ.ម.ក. គឺ www.csx.com.kh/សមាជិក ឬគេហទំព័រផ្លូវការរបស់គណៈកម្មការ មូលបត្រកម្ពុជា (គ.ម.ក.) www.secc.gov.kh៕