ទ្រព្យសកម្មក្នុងវិស័យធនាគារនៅកម្ពុជាបន្តកើនឡើងក្នុងឆមាស១ឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទ្រព្យសកម្មក្នុងវិស័យធនាគារនៅកម្ពុជាបានកើនឡើង១៨% ដល់២២២ទ្រីលានរៀល (ស្មើនឹង ៥៥,១ពាន់លានដុល្លារអាមេរិក) ក្នុងឆមាសទី១ ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១។

របាយការណ៍បានឱ្យដឹងថា ឥណទានអតិថិជនកើនឡើង១៩.១% ដល់១៣៦,៦ទីលានរៀល (ស្មើនឹង៣៣,៥ពាន់លានដុល្លារអាមេរិក) ដោយបានផ្តល់ទៅកាន់វិស័យសេដ្ឋកិច្ចសំខាន់ៗ ជាពិសេស ការជួញដូរដុំ និងរាយ (២៥% នៃសំពៀតឥណទានសរុបវិស័យធនាគារ) ការឱ្យខ្ចីទិញផ្ទះពាកម្មសិទ្ធផ្ទាល់ខ្លួន (១៣១%) និងសំណង់ (៩,៥% )។ ទន្ទឹមនេះ ប្រាក់បញ្ញើបានកើនឡើង២០,៨% ដល់៣២,១ទ្រីលានរៀល (ស្មើនឹង៣២,៧ពាន់លានដុល្លារអាមេរិក)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងបន្ថែមថា នៅឆមាសទី១ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជាបន្តទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងក្នុងស្រុក និងតំបន់ដែលធ្វើឱ្យប៉ះពាល់ ដល់វិស័យចម្បងៗដូចជា វិស័យទេសចរណ៍ កម្មន្តសាល និងសំណង់ លើកលែងវិស័យកសិកម្ម ដែលបន្តមានវឌ្ឍនភាពល្អ។

លោក ជា ចាន់តូ បានឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយនឹងការបង្កើន ការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ និងឆាប់រហ័ស។

លោកបានថ្លែងដូច្នេះថា “និយាយចំពោះប្រព័ន្ធធនាគារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តមានភាពធន និងបានផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធនាគារកើនឡើង១៨%, ឥណទានអតិថិជនមានកំណើន២៣,៤%, និងប្រាក់បញ្ញើអតិថិជនកើន២០,៧%”។

លោកបានឱ្យដឹងទៀតថា ស្ថានភាពដើមទុនក៏មានភាពរឹងមាំ ដោយអនុបាតសាធនភាពមានកម្រិត២៤,៤% សម្រាប់វិស័យធនាគារ និង២២,៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ, សន្ទនីយភាពមានកម្រិតខ្ពស់១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង១៧៥,៦% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។

លោកបន្ដថា ទន្ទឹមនេះអនុបាតឥណទាន មិនដំណើរការមានកម្រិតទាប២.៤% សម្រាប់វិស័យធនាគារ និង២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៏ត្រូវបានអនុញ្ញាត ឱ្យរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here