ដោយៈសុខុម
តៃប៉ិ: ក្រសួងហិរញ្ញវត្ថុតៃវ៉ាន់បាននិយាយថា ស្ថានភាពទិញលក់អចលនទ្រព្យនៅលើកោះមួយនេះ ក្នុងឆមាសទី១ ដើមឆ្នាំ២០២១ មានភាពប្រសើរឡើង នៅពេលអត្រាកាន់កាប់ផ្ទះ ផ្ទាល់ខ្លួនបានកើនឡើងគួរសម។ នេះបើយោងតាមសារព័ត៌មាន Taipei Times ចុះផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅ។
ក្រសួងខាងលើបានលើកឡើងបែបនេះមួយថ្ងៃ បន្ទាប់ពីបញ្ចេញទិន្នន័យស្តីពីសេចក្ដីសម្រេចរបស់ខ្លួន ជុំវិញការយកពន្ធលើអចលនទ្រព្យប្រភេទលំនៅដ្ឋាន។
បច្ចុប្បន្ន ក្រសួងហិរញ្ញវត្ថុបានកំណត់យកពន្ធ លើលំនៅដ្ឋានចំនួន១,២%សម្រាប់ការកាន់កាប់ផ្ទាល់ខ្លួន និងពី១,៥% ទៅ៣,៦%សម្រាប់ការជួល ឬសម្រាប់ប្រើប្រាស់ក្នុងគោលបំណងផ្សេងទៀត។ គ្រួសារនីមួយៗ ត្រូវបានអនុញ្ញាតឱ្យទិញផ្ទះរហូតដល់ទៅ៣សម្រាប់កាន់កាប់ផ្ទាល់ខ្លួន។
តួលេខបង្ហាញថា គិតត្រឹមខែមុន ចំនួនផ្ទះដែលមិនកាន់កាប់ ដោយម្ចាស់មានសរុប៥០២,០០០ផ្ទះ ដោយកើនឡើងពីចំនួន៤៨២,០០០ផ្ទះកាលពីឆ្នាំមុន នៅពេលផ្ទះបន្ថែមទៀត ត្រូវបានផ្គត់ផ្គង់ទៅដល់ទីផ្សារអចលនទ្រព្យ។
ក្រសួងបញ្ជាក់ថា តម្រូវការកើនឡើងនេះ បណ្ដាលមកពីការកើនឡើងចំនួនកាន់កាប់ផ្ទះទី១ និងចំនួនកាន់កាប់ផ្ទះទី២ ហើយថាគ្រាន់តែចំនួនផ្ទះទី១ បានកើនឡើង២០.០០០ផ្ទះដល់៣៩៩.០០០ផ្ទះ។
ក្រសួងនេះបានបន្ថែមទៀតថា ចំនួនកាន់កាប់ផ្ទះទី៤ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីក្រសួងបានដាក់ចេញ នូវអត្រាពន្ធផ្សេងៗគ្នាក្នុងឆ្នាំ២០១៤។ ពលរដ្ឋ ដែលកាន់កាប់ផ្ទះជាង១០ មានតែ១.៧០៣នាក់ប៉ុណ្ណោះ ដោយធ្លាក់ចុះចំនួន១៥១នាក់ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ។
ក្រុមសមាជិកសភាកោះនេះ បានជំរុញឱ្យកំណត់យកពន្ធ លើលំនៅដ្ឋានឱ្យតឹងរ៉ឹងជាងនេះ ដើម្បីបញ្ឈប់ការឡើងថ្លៃអចលនទ្រព្យ និងដើម្បីជួយសម្រាលបន្ទុករបស់អ្នកដែលគ្មានលទ្ធភាពទិញផ្ទះ។
ក្រសួងបញ្ជាក់ថា អាជ្ញាធរថ្នាក់តំបន់ អាចដំឡើងពន្ធលើអចលនទ្រព្យខ្ពស់ ជាងធម្មតាបាន ប្រសិនបើយល់ថា ការដំឡើងបែបនេះមានភាពចាំបាច់ នៅពេលបញ្ហានេះស្ថិតក្រោមដែនយុត្តាធិការរបស់ពួកគេ៕