មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកThai Boon Rongបានបញ្ចប់ការងារបច្ចេកទេស ដើម្បីត្រៀមចាប់ផ្តើមសាងសង់

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក Thai Boon Roong Twin Towers ​កម្ពស់​​៥៦៧​ម៉ែត្រ​ ស្មើនឹង១៣៣​ជាន់ និងគ្រោង​ទុន​វិនិយោគ​ជាង៣០០០​លាន​ដុល្លារ បាននិងកំពុងត្រៀមខ្លួន ដើម្បីចាប់ផ្តើមសាងសង់នាពេលខាងមុខ។

លោកសាស្រ្តាចារ្យទួស សាភឿនប្រធានក្រុមវិស្វករ គ្រប់គ្រងគំរោងនេះបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៣ កក្កដានេះថា រហូតមកទល់ពេលនេះ ការសាងសង់ជញ្ជាំងទប់ដី ការងារគម្រោងប្លង់ និងការងារបច្ចេកទេសដទៃៗទៀតបានបញ្ចប់ហើយ នៅរង់ចាំតែពេលវេលាចាប់ផ្តើមសាងសង់ប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសាស្រ្តាចារ្យបានបន្តថា “រហូតមកទល់ពេលនេះ ខ្ញុំមិនទាន់អាចបញ្ជាក់ពីពេលវេលាបើកការដ្ឋាននៅឡើយទេ ព្រោះបញ្ហាកូវីដដែលធ្វើឲ្យយើងមិនអាចដឹកជញ្ជូនសម្ភារៈសាងសង់មកពីប្រទេសចិនបាន”។លោកបន្តថា “គំរោងនេះមិនជាប់គាំងទេ យើងនៅតែសាងសង់ ដោយមិនមានបញ្ហាទុនសំរាប់សាងសង់ទេ ព្រោះយើងបានរៀបចំរួចរាល់ហើយ”។

ទាក់ទងនឹងប្លង់ស្ថាបត្យកម្មរបស់អាគារកប់ពពកនេះ បានផ្លាស់ប្តូរឬយ៉ាងណា លោកសាស្រ្តាចារ្យទួស សាភឿនបានបញ្ជាក់ថា “ប្លង់ស្ថាបត្យកម្មរបស់អាគារនេះ នៅដដែល មិនបានផ្លាស់ប្តូរនោះទេ”។

ប្រសិនជាសាងសង់ចប់ Thai Boon Roong Twin Towers គឺជា​គម្រោង​សាងសង់​អគារ​ដ៏ធំ និង​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ដែល​គ្រោង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង៥​ហិកតា​ទល់មុខ​សណ្ឋាគារ និង​កាស៊ីណូ Naga World​។ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​នឹង​មាន​ក្រឡា​ផ្ទៃ​សរុប១,៤លាន​ម៉ែត្រការ៉េ ដែល​រួមបញ្ចូល​នូវ​សណ្ឋាគារ​កម្រិត​ផ្កាយ​៥ អាផាតមិន​ខុនដូ ការិយាល័យ​លំដាប់​អន្តរជាតិ ផ្សារ​ទំនើប ភោជនីយដ្ឋាន កន្លែង​គយគន់​ទេសភាព និង​សេវាកម្ម​កម្សាន្ត​លំដាប់​ពិភពលោក​ជាច្រើន​ទៀត​។

លោកទួស សាភឿន បានសរសេរនៅលើ​បណ្តាញ​សង្គម​ផ្លូវការ​ កាលពី​ថ្ងៃទី​ ២១ ខែកក្កដាថa “ រយៈពេល៤​ឆ្នាំ​កន្លង​ទៅហើយ ​មាន​មិត្តភក្តិ​ជាច្រើន​សួរ​ខ្ញុំ​ថា គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថៃប៊ុនរ៉ុង កម្ពស់៥៦៧ ​ម៉ែត្រ​នៅតែ​បន្ត​សាងសង់ឬទេ​! មហា​គម្រោង​នេះ ​នឹងមិន​មាន​អ្វី​ប្រែប្រួល​ទេ គម្រោង​ប្លង់​បច្ចេកទេស​បាន​គូរ​បញ្ចប់១០០ ​ភាគរយ ចំណែក​ជញ្ជាំង​ទប់ដី ការពារ​បាក់ដី ការពារ​ជម្រាប​ទឹកទន្លេ ជម្រៅ២៦​ម៉ែត្រ​ក៏បាន​ចាក់​បេតុង​បញ្ចប់​រួចរាល់ ១០០ ​ភាគរយ​ហើយ”។

លោក​បន្ថែមទៀត​​ថា​ “នៅពេលនេះ​ក្រុមការងារ​សាងសង់ និង​ក្រុមការងារ​ផ្នែក​បច្ចេកទេស​ផ្សេងៗ​ ក៏បាន​ត្រៀមខ្លួន​រៀបចំ​រួចរាល់​ផងដែរ ដោយនៅ​រង់ចាំតែ​ឱកាសល្អ និង​ការបញ្ចប់​ស្ថានការណ៍​អួអាប់​ដោយសារ​ជំងឺ​កូវីដ គម្រោង​នេះ​នឹង​ចាប់ផ្តើម​ហើយ ក្រោ​ម​ការដាក់ចេញ​ផែនការ និង​បទបញ្ជា​យ៉ាងម៉ឺងម៉ាត់​ពី​អ្នកឧកញ៉ា​អគ្គនាយក​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង​។

លោក​បាន​ថ្លែងថា “​មិនមែន​ប្រទេស​ទាំងអស់​ សុទ្ធតែ​មាន​សមត្ថភាព​កសាង​អគារ​ធំ​បែបនេះ​បានទេ ជួនកាល​គេ​មាន​លុយ តែ​មិន​ប្រាកដថា​អាច​សាងសង់​បាន​នោះឡើយ”។

យោងតាមរបាយការណ៍​និន្នាការ​សេដ្ឋកិច្ច​សង្គម ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយ​នៅ​ដើមខែ​កក្កដា​ឱ្យ​ដឹងថា ក្នុង​រយៈពេល៥​ខែ​ដើមឆ្នាំ​ ២០២១ រដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​លើ​គម្រោង​សាងសង់​សរុប​១៨២៣ គម្រោង បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ គឺ​បាន​ធ្លាក់ចុះ​ប្រមាណ២៧៨​គម្រោង​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here