ដោយៈ ម៉ាណេត
ភ្នំពេញៈ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (Cambodia Agricultural Sector Diversification Project) ដែលប្រើប្រាសថវិកាប្រមាណ១០១,៦៧លានដុល្លារបាននិងកំពុងជួយសម្របសម្រួលដល់ការធ្វើពិពិធកម្មខ្សែច្រវាក់តម្លៃកសិកម្មនៅក្នុងខេត្តគោលដៅចំនួន១៣។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្ម។
លោកបណ្ឌិតហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំឡុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា លើកទី២។
លោកបណ្ឌិតបានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពគម្រោង បញ្ហាប្រឈម និងពិភាក្សារកដំណោះស្រាយ រួមទាំងផ្ដល់យោបល់ពីគណៈកម្មការតម្រង់ទិស (Project Steering Committee) ដើម្បចង្អុលបង្ហាញដល់ភ្នាក់ងារអនុវត្ដគម្រោងយកទៅអនុវត្ដឱ្យបានជោគជ័យ និងជម្រុញការអនុវត្ដផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ២០២១ឱ្យសម្រេចបានតាមផែនការឆ្នាំ។
លោកបានថ្លែងបន្តថា គម្រោងនេះត្រូវបានអនុវត្តនៅខេត្តគោលដៅចំនួន១៣ គឺបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម មណ្ឌលគិរី រតនគិរី កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ ព្រមទាំងមានថវិកាសម្រាប់អនុវត្តចំនួន១០១,៦៧លានដុល្លារអាមេរិក ក្នុងនោះឥណទានពីធនាគារពិភពលោក ចំនួន ៩១,៦៧លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១០លានដុល្លារ។ ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានថវិកាសម្រាប់អនុវត្តចំនួន៤៣,៣លានដុល្លារ។
លោកបានថ្លែងដូច្នេះថា “គម្រោងពិពិធកម្មកសិកម្មកម្ពុជាមានគោលបំណងជួយសម្របសម្រួលដល់ការធ្វើពិពិធកម្មខ្សែច្រវាក់តម្លៃកសិកម្មនៅក្នុងតំបន់គោលដៅគម្រោង ហើយឆ្លើយតបភ្លាមៗ និងប្រកបដោយប្រសិទ្ធភាពចំពោះការសង្រ្គោះបន្ទាន់ក្នុងករណីមានវិបត្តិ”។
គម្រោងនេះមានសមាសភាគអនុវត្តចំនួន៥ រួមមាន៖ ១) សមាសភាគទី១-ជំរុញពិពិធកម្មកសិកម្ម និងការផ្តល់ហិរញ្ញប្បទាន តាមរយៈកញ្ចប់ជំនួយនិងប្រាក់កម្ចីដល់សហគមន៍និងវិស័យឯកជន ២) សមាសភាគទី២-គាំទ្រហេដ្ឋារចនាសម្ព័ន្ធ (ប្រព័ន្ធស្រោចស្រព្វ និងផ្លូវជនបទ) ៣) សមាសភាគទី៣-លើកកម្ពស់ប្រព័ន្ធព័ត៌មានកសិកម្ម និងការត្រួតពិនិត្យគុណភាពកសិផល ៤) សមាសភាគទី៤-សម្របសម្រួល គ្រប់គ្រង តាមដាន និងវាយតម្លៃគម្រោង និង ៥) សមាសភាគទី៥-ត្រៀមបម្រុងឆ្លើយតបការសង្គ្រោះបន្ទាន់៕