ដោយៈ សាវុធ
ភ្នំពេញៈ សហគ្រិនខ្មែរ សហការជាមួយនឹង កាវ៉ាក់ (CAVAC) ដើម្បីរួមគ្នាផ្តល់វិភាគទាន ក្នុងការឧបត្ថម្ភធន និងគាំទ្រសហគ្រាសធុនតូច និងមធ្យម (SME) ក្នុងគោលដៅលើកកម្ពស់សុវត្ថិភាព និងគុណភាពស្បៀង លើវិស័យកសិ-ចំណីអាហារ ជាពិសេសការជម្រុញការប្រកួតប្រជែងផលិតផលSMEទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
លោកឈៀង វណ្ណមុនិណ្ឌនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ និងតំណាងអង្កការកាវ៉ាក់ រួមជាមួយសមាគមផលិតចំណីអាហារកម្ពុជា នៅថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២១នេះ បានចុះហត្ថលេខា ស្តីពីការគំាទ្រសហគ្រាសធុនតូច និងមធ្យម។
ការគំាទ្រសហគ្រាសធុនតូច និងមធ្យមនេះផ្តោតលើស្តង់ដារកែច្នៃ សុវត្ថិភាព និងគុណភាពអាហារ ក្នុងនោះកម្ពុជា-អូស្រ្តាលី (កាវ៉ាក់) បានចាប់ផ្តើមភាពជាដៃគូថ្មី ដើម្បីផ្តល់ជំនួយដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីលើកកម្ពស់សុវត្ថិភាព និងគុណភាពស្បៀងក្នុងវិស័យកសិ-ចំណីអាហារ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម អាចទទួលបានផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ជាមួយគ្នានេះដែរ បេក្ខជនដែលនឹងទទួលបានជោគជ័យ មានចំនួន៥សហគ្រាស ដោយសហគ្រាសទាំងនេះ នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីកាវ៉ាក់ និងសហគ្រិនខ្មែរ ដើម្បីឧបត្ថម្ភធនការវិនិយោគផ្ទាល់ខ្លួន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធគុណភាពអាហារ សុវត្ថិភាព និងប្រព័ន្ធគ្រប់គ្រងគុណភាព ក្នុងនោះកាវ៉ាក់ នឹងចូលរួមវិភាគទានចំនួន ១ ម៉ឺនដុល្លារអាមេរិក ដល់ក្រុមហ៊ុននីមួយៗ ដើម្បីឧបត្ថម្ភធនលើថ្លៃដើម ដែលទាក់ទងនឹងការពិគ្រោះយោបល់ ថ្លៃបណ្តុះបណ្តាល និងវិញ្ញាបនប័ត្រផ្នែក HACCP, GMP, GHP ជាដើម។
ចំណែកសហគ្រិនខ្មែរ នឹងចូលរួមវិភាគទានចំនួន២ម៉ឺនដុល្លារផងដែរ ដល់ក្រុមហ៊ុននីមួយៗ ដើម្បីឧបត្ថម្ភធនដល់ការវិនិយោគផ្ទាល់ខ្លួន លើហេដ្ឋារចនាសម្ព័ន្ធគុណភាព និងសុវត្ថិភាពចំណីអាហារជាដើម ក្នុងនោះចំពោះសហគ្រាសធុនតូច និងមធ្យមដែលត្រូវបានជ្រើសរើស នឹងត្រូវចូលរួមវិភាគទានយ៉ាងហោចណាស់ ៣០ ភាគរយនៃថ្លៃដើម សម្រាប់ហេដ្ឋារចនាសម្ព័ន្ធការបណ្តុះបណ្តាល និងវិញ្ញាបនប័ត្រផងដែរ។
ប្រធានសមាគមផលិតចំណីអាហារកម្ពុជា លោកមៀច សុខទ្រីលើកឡើងថា សុវត្ថិភាពចំណីអាហារពិតជាមានសារៈសំខាន់ បច្ចុប្បន្នសហគ្រាសកែច្នៃមួយចំនួនបានកំពុងជម្រុញការអភិវឌ្ឍន៍ ក្នុងនោះមានសហគ្រាសប្រមាណជា ៦០ ភាគរយបានពង្រីកខ្លួន ទៅរកការកែច្នៃប្រកបដោយស្តង់ដារ សុវត្ថិភាព និងគុណភាពអាហារ និងបានកំពុងបញ្ជ្រៀតផលិតផលរបស់ពួកគាត់ចូលទីផ្សារផងដែរ។
ដោយឡែកតាមរយៈគម្រោងរៀបចំ រវាងសហគ្រិនខ្មែរ និងកាវ៉ាក់ ជួយដល់ការកែច្នៃ សុវត្ថិភាព និងគុណភាពអាហារនេះ លោកសូមគាំទ្រពេញទំហឹង ដោយលោកសង្ឃឹមថា តាមរយៈការឧបត្តម្ភធុន ការពិគ្រោះយោបល់ បណ្តុះបណ្តាលនិងវិញ្ញាបនប័ត្រផ្នែក HACCP, GMP, GHP គឺជាផ្នែកមួយយ៉ាងសំខាន់ថែមទៀត ដើម្បីជម្រុញឲ្យសហគ្រាសបានពង្រីកខ្លួន នឹងមានភាពប្រកួតប្រជែងកាន់តែខ្លាំងក្លានៅលើទីផ្សារក្នុងស្រុក ក៏ដូចទីផ្សារអន្តរជាតិ។
ចំពោះលក្ខណៈវិនិច្ឆ័យ បេក្ខជនដែលមានអាទិភាព គឺជាសហគ្រាសគ្រប់គ្រងដោយជនជាតិខ្មែរ ឬក្រុមហ៊ុនមួយដែលមានកម្មសិទ្ធិជាជនជាតិខ្មែរជាង ៥០% និងសកម្មក្នុងវិស័យកសិ-ចំណីអាហារ, ការចុះបញ្ជីពេញលេញជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រើប្រាស់ជាចម្បងនូវធាតុចូលពីកសិកម្មក្នុងស្រុកដូចជា ស្វាយ ចេកឆាប មៀន សណ្តែក ស្វាយចន្ទី ម្ទេស ដំឡូងជ្វា ផ្លែបឺរ ល្ងរ និងស្ករត្នោតជាដើម ក្នុងនោះបេក្ខជនអាចដាក់ពាក្យ ឬផ្ញើទម្រង់បែបបទអេឡិចត្រូនិចទៅកាន់សហគ្រិនខ្មែរ កាវ៉ាក់ ឬសមាគមផលិតចំណីអាហារកម្ពុជា ដែលគម្រោងនេះនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៩ ខែសីហាឆ្នាំ២០២១ខាងមុខ៕