ការនាំចេញផលិតផលកាត់ដេរកម្ពុជាសម្រេចបានទំហំទឹកប្រាក់ជាង៤,៧ពាន់លានដុល្លារអាមេរិកក្នុងឆមាសទី១

 ដោយៈលក្ខិណា

ភ្នំពេញ ក្នុងឆមាសទី១ ឆ្នាំនេះការនាំចេញផលិតផលកាត់ដេរ រួមមាន សម្លៀកបំពាក់ស្បែកជើង និងសម្ភារៈធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក សម្រេចបានទំហំទឹកប្រាក់៤,៧ពាន់លានដុល្លារ កើនឡើងក្នុងរង្វង់០,៩ភាគរយធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងមក ។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបង្ហាញថា ការនាំចេញផលិតផលកាត់ដេរក្នុងរយ់ពេល៦ខែនេះ មានទឹកប្រាក់ប្រមាណ៤.៧២១លានដុល្លារអាមេរិក កើនឡើងប្រមាណ៤០,១លានដុល្លារអាមេរិកឬស្មើនឹង ០,៩ភាគរយ ។ ចំណែកការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជាកង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំ ខ្សែភ្លើង គ្រឿងបន្លាយរថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានទឹកប្រាក់១.៨៩៩,៧លានដុល្លារអាមេរិកកើនឡើងប្រមាណ៦៣២,៥លានដុល្លារអាមេរិកឬប្រមាណ៤៩,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាដូចគ្នា ក្នុងឆ្នាំ២០២០។

កំណើនល្អប្រសើរ នៃការនាំចេញផលិតផលវិនិយោគ មិនមែនកាត់ដេរ បានឆ្លុះបញ្ចាំងពីលទ្ធផល នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មកម្ពុជា។

លោកវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងកន្លងមកថា ស្ថិតនៅក្នុងគ្រាដ៏លំបាកនេះ កម្ពុជានៅរក្សាបាននូវទំហំល្អប្រសើរ នៃការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះប្រទេសនានាក៏បានបញ្ជាការទិញទំនិញ ជាផលិតផលកាត់ដេរបន្ថែមផងដែរ ពីលើទំនិញដែលធ្លាប់ចូលពីកម្ពុជាកន្លងមក ដែលធ្វើឱ្យកម្ពុជាបានធ្វើពិពិធកម្មទំនិញ និងទីផ្សារទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត ដែលកន្លងមកផលិតផលកាត់ដេរនេះ ភាគច្រើននាំចេញទៅកាន់ទីផ្សារសហគមន៍ អឺរ៉ុបនិងអាមេរិក ។

លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងផងដែរថា កម្ពុជាកំពុងស្វែងរកទីផ្សារបន្ថែមទៀត សម្រាប់ផលិតផលរបស់ខ្លួនក្នុងនោះ កម្ពុជាក៏កំពុងតែចរចា ជាមួយប្រទេសក្នុងសហភាពអាស៊ីអឺរ៉ុប ឬអឺរ៉ាស៊ី ដែលសុទ្ធសឹងតែទីផ្សារធំសម្រាប់កម្ពុជា។ នៅពេលកម្ពុជាចរចាបានសម្រេច កម្ពុជានឹងទទួលបានការវិនិយោគ​បន្ថែម ជាមួយនឹងការនាំចេញកាន់តែច្រើនបន្ថែមទៀត ទៅលើទីផ្សារប្រទេសក្នុងសហភាពអឺរ៉ុបអាស៊ីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here