ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ កំណើនក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យចំនួនគណនីជួញដូរភាគហ៊ុននៅក្នុងផ្សារមូលបត្រកើនឡើងជាបន្តបន្ទាប់ផងដែរ។
ជាក់ស្ដែងនៅដើមឆ្នាំ២០២១នេះ កំណើនគណនីជួញដូរបានកើនឡើងពីជាង២ម៉ឺន៥ពាន់គណនីនៅដំណាច់ឆ្នាំ២០២១ ដល់ជាង២ម៉ឺន៨ពាន់គណនី នៅដំណាច់ត្រីមាសទី២ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់ក្រុមផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា ចំនួនគណនីជួញដូរជាជនបរទេសមានចំនួន៤.២៩៥គណនី នៅក្នុងត្រីមាសទី១ឆ្នាំ២០២១នេះ និងចំនួន៤.៣២៥គណនី នៅដំណាច់ត្រីមាសទី២ឆ្នាំ២០២១ ។ ចំណែកគណនីជួញដូរក្នុងស្រុកវិញមាន២៣.៦៥៨គណនី នៅក្នុងត្រីមាសទី១ និង២៤.៥៩៦គណនី នៅដំណាច់ត្រីមាសទី២ និងកើនឡើង១៧,២១ភាគរយ ធៀបនឹងត្រីមាសទី២ឆ្នាំ២០២០កន្លងទៅ។
របាការណ៍ដដែលក៏បានបង្ហាញពីទិន្នន័យ ប្រព័ន្ធជួញដូរចល័តក្នុងឆ្នាំ២០២១នេះផងដែរ ក្នុងនោះចំនួនគណនីមានចំនួន១១.៨២០គណនីនៅត្រីមាសទី១ឆ្នាំ២០២១ និងមានចំនួន១៤.៥៥២គណនី នៅត្រីមាសទី២ឆ្នាំ២០២១ និងមានកំណើន៦០,២៥ភាគរយ។ ចំណែកចំនួននៃការបញ្ជាទិញ ក៏បានកើនឡើងជាបន្តបន្ទាប់ដែរ ជាក់ស្ដែងនៅដំណាច់ត្រីមាសទី១ឆ្នាំ២០២១នេះ មាន៥១.១៣០គណនី និងបានកើនឡើងដល់១៥២.៨០២គណនី កើនឡើង២៥២,៩៨ភាគរយធៀបនឹងត្រីមាសទី២ឆ្នាំ២០២០ ។
ក្នុងរបាយការណ៍បានបញ្ជាក់ថាក្នុងត្រីមាសទី២នៃ ចំនួននៃការបញ្ជាទិញភាគហ៊ុនក៏បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ដែរ។ ក្នុងត្រីមាសទី២ចំនួន នៃការបញ្ជាទិញមានរហូតដល់ជាង៧១លានភាគហ៊ុន ខណៈត្រីមាសទី១ឆ្នាំនេះដែរ មានចំនួន៥០លានគណនី ។
លោកស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានមានប្រសាសន៍កន្លងមកថា ថ្វីត្បិតតែ វិស័យនេះថ្មីថ្មោងក៏ដោយ តែសកម្មភាពនៃការវិនិយោគលើមូលបត្រក៏មានកំណើនគួរឡើងបន្តបន្ទាប់។ បើទោះបីជាកម្ពុជាជួបប្រទះនឹងវិបត្តិកូវីដ១៩ក្ដី ក៏វាមិនបានរារាំងដល់សកម្មភាព នៃការជួញដូរមូលបត្រឡើយ ព្រោះអ្នកជួញដូរមូលបត្រ ជាអ្ន កដែលមានប្រាក់នៅសល់ដោយមិនដឹងយកធ្វើអ្វី។
លោកបន្តថា “គណៈកម្មការមូលបត្រ ក៏មិនលើកទឹកចិត្តដល់សាធារណជនយកប្រាក់ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុមកវិនិយោគលើមូលបត្រនោះឡើយ”៕