ភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានកំណត់ត្រាជួញដូរខ្ពស់បំផុតមិនធ្លាប់មានពីមុន

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ទទួលបានកំណត់ត្រាជួញដូរខ្ពស់បំផុតរបស់ ភាគហ៊ុននេះ មិនធ្លាប់មានពីមុន រាប់ចាប់ពីថ្ងៃជួញដូរលើកដំបូង។ នេះយោងតាមការលើកឡើងរបស់ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ចេញផ្សាយនៅក្នុងសប្តាស៍នេះ។

ផ.ម.ក បានឱ្យដឹងទៀតថា ភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានការជួញដូររហូតដល់ ៧,៩៥ប៊ីលានរៀល ស្មើនឹងប្រមាណជិត ២លានដុល្លារអាមេរិក ដែលនេះជាកំណត់ត្រាជួញដូរខ្ពស់បំផុតរបស់ ភាគហ៊ុននេះ រាប់ចាប់ពីថ្ងៃជួញដូរលើកដំបូង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនោះ មានការជួញដូររវាងវិនិយោគិនរាយតែជិត ៦លានរៀល ប៉ុណ្ណោះ ក្រៅពីនេះ ជាង៧,៩៤ប៊ីលានរៀលទៀត គឺជាការជួញដូរតាមការចរចារបស់វិនិយោគិនស្ថាប័ន។

ការជួញដូរនេះផងដែរ គឺជាការជួញដូរដែលប្រព្រឹត្តឡើងដោយទូទាត់ជាប្រាក់ដុល្លារអាមេរិកលើកដំបូងបំផុតនៅ ផ.ម.ក.។ ការជួញដូរនេះ ត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុនឈ្មួញជើងសារមូលបត្រ យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី។

ក្នុងត្រីមាសទី១ ឆ្នំា២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៧៥.៨១៧.៣១៦.០០០រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០១៩ ចំនួន ២០.៥៥៨.៣៦៩.០០០រៀល ស្មើនឹង ៣៧,២០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៦.៦០៣.៩៤៤.០០០រៀល កើនឡើងចំនួន ១៨.១៧៥.៨៨២.០០០រៀល ស្មើនឹង ២១៥,៦៦% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០១៩។

នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៦២០.៨៩៩.៦១៩.០០០ រៀល កើនឡើងចំនួន ១៦.៥៥៥.៦៩៧.០០០រៀល ស្មើនឹង ១,០៣ និងមូលធនសរុបមានចំនួន ៩៤០.៣០៨.៥៨៣.០០០រៀល កើនឡើង ចំនួន ២៦.៦០៣.៩៤៤.០០០រៀល ស្មើនឹង ២,៩១%៕

LEAVE A REPLY

Please enter your comment!
Please enter your name here