ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេលើពីភពលោក នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញផ្សាយការសិក្សាស្រាវជ្រាវដែលបង្ហាញពីកំណើនពាណិជ្ជកម្មអនឡាញ (តាមរយៈទូរស័ព្ទដៃ និងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម) ក៏ដូចជាការត្រៀមខ្លួនឱ្យកាន់តែប្រសើរជាមុនក្នុងចំណោមប្រជាជនកម្ពុជា ក្នុងការឈានទៅរកការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ។
តាមរយៈការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អ្នកប្រើប្រាស់ បានបង្ហាញពីការកើនឡើងនូវការទិញទំនិញអនឡាញតាមរយៈ App និងតាមបណ្តាញទំនាក់ទំនងសង្គម ដោយសារតែការរឹតត្បិត និងការបិទខ្ទប់ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ការរាតត្បាតនៃជំងឺជំងឺកូវីដ-១៩ គឺជាកាតាលីករមួយជំរុញនូវការរីកលូតលាស់នៃការទិញទំនិញតាមរយៈប្រព័ន្ធអ៊ីនធឺណិត និងការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ដែលបច្ចុប្បន្ននេះមានប្រជាជនជាងពាក់កណ្តាលនៃប្រជាជនសរុប (៦៤ភាគរយ) កំពុងប្រើប្រាស់សេវាដឹកជញ្ជូន ហើយមាន ២៨ភាគរយ គឺជាអ្នកប្រើប្រាស់សេវាប្រភេទនេះជាលើកដំបូងក្នុងកំឡុងពេលមានជំងឺរាតត្បាត។
អ្នកស្រីជុំ ម៉ូនីកានាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ប្រជាជនកម្ពុជាកាន់តែច្រើនឡើង បានជ្រើសរើសការទិញទំនិញតាមអនឡាញជាលើកដំបូង ហើយក៏កំពុងសាកល្បងប្រើប្រាស់ជម្រើសទូទាត់ប្រាក់ថ្មីៗផងដែរ”។
អ្នកស្រីបានបន្តថា ក្រុមហ៊ុនVisa ក៏បានបន្តដាក់ចេញនូវដំណោះស្រាយទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតនៅលើវេទិកាទិញទំនិញដែលពេញនិយមសម្រាប់អតិថិជន ដោយរួមបញ្ចូលនូវមុខងារទូទាត់ដែលអនុញ្ញាតឱ្យអតិថិជនរក្សាទុកព័ត៌មានកាត (card-on-file) នៅលើវេទិកានោះ ដើម្បីធ្វើឱ្យការបញ្ជាទិញនាពេលអនាគតប្រព្រឹត្តទៅបានរហ័ស និងងាយស្រួល ដោយមិនចាំបាច់ព្រួយបារម្ភអំពីសុវត្ថិភាពព័ត៌មានរបស់ពួកគាត់ឡើយ។
ការកើនឡើងនៃការទិញទំនិញតាមអនឡាញនេះ គឺជាការឆ្លុះបញ្ចាំងនៃការកើនឡើងនូវការធ្វើពាណិជ្ជកម្មតាមរយៈទូរស័ព្ទដៃ និងបណ្តាញសង្គម។ ទូរស័ព្ទដៃ គឺជាទម្រង់ជាពាណិជ្ជកម្មអេឡិចត្រូនិកដែលត្រូវបានប្រើប្រាស់ដោយប្រជាជនកម្ពុជាប្រមាណជាង ៥៦ភាគរយ ខណៈដែលអតិថិជន មួយភាគបីទៀត (ស្មើនឹង៣៣ភាគរយ) ប្រើការទិញទំនិញតាមរយៈគេហទំព័រ និង កម្មវិធី App របស់ទូរស័ព្ទដៃ។
បើយោងតាមការបង្ហាញពីទំនោរចិត្តរបស់អតិថិជនទាំង ៥៦ភាគរយ ក្នុងការប្រើប្រាស់កម្មវិធីតែមួយដើម្បីដោះស្រាយរាល់ប្រតិបត្តិការរបស់ពួកគេ ភាពសាមញ្ញរបស់ទូរស័ព្ទដៃហាក់បីដូចជាគន្លឹះដ៏ចំបង ហើយដែលនៅក្នុងនោះ ៤៤ភាគរយ ជ្រើសរើសធ្វើប្រតិបត្តិការតាមរយៈទូរស័ព្ទដៃដោយមានកម្មវិធី កាបូបចល័ត (mobile wallet) ដែលតភ្ជាប់នៅក្នុងទូរស័ព្ទរបស់ពួកគេ។
ការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ក៏ត្រូវបានគេប្រើញឹកញាប់ជាងមុនដើម្បីចៀសវាងការប្រាស្រ័យទាក់ទងដោយផ្ទាល់ និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។ ក្នុងនោះដែរ គេសង្កេតឃើញថាការទូទាត់តាមរយៈ QR-កូដ និង កាបូបអនឡាញ (online wallets) មានការប្រើប្រាស់ខ្ពស់ជាងគេ គឺជាមធ្យមមានដល់ទៅ ៦ ទៅ ៧ដងក្នុងមួយខែ។ ការបង់រំលស់ក៏កំពុងមានការកើនឡើងផងដែរ ដោយសារតែប្រជាជនកម្ពុជា ៧៦ភាគរយ បង្ហាញពីការយល់ដឹងពីវា ហើយ ២៤ភាគរយ បាននិងកំពុងប្រើប្រាស់សេវាកម្មទូទាត់បង់រំលស់ក្នុងរយៈពេលពីរឆ្នាំកន្លងមក។
ជំងឺរាតត្បាតជំងឺកូវីដ-១៩ បានពន្លឿននូវការចាប់យកការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅក្នុងប្រទេសកម្ពុជាដោយសារតែភាពងាយស្រួល និងសុវត្ថិភាព។ ភាគច្រើននៃអ្នកប្រើប្រាស់ (ប្រមាណ៧០ភាគរយ) មានអារម្មណ៍ថាព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ មានសុវត្ថិភាពនៅពេលធ្វើការទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃ។ ខណៈដែលអតិថិជន ៣៣ភាគរយទៀត បានសាកល្បងទិញទំនិញនៅលើបណ្តាញសង្គមជាលើកដំបូង ក្នុងកំឡុងពេលមានការរីករាតត្បាតនៃមេរោគជំងឺកូវីដ-១៩ ដោយសារតែវាជាបទពិសោធន៍គួរឱ្យរំភើបមួយ។
លោកស្រីជុំ ម៉ូនីកាបន្ថែមទៀតថា “យើងស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយមួយ ប៉ុន្តែដំណើរឆ្ពោះទៅរកសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ គឺហាក់ដូចជាស្ថិតនៅក្នុងលទ្ធភាពមួយដែលអាចសម្រេចបានសម្រាប់ប្រទេសកម្ពុជា។ បើទោះបីជាការស្វែងរកព័ត៍មាន និងភាពងាយស្រួលក្នុងការប្រើប្រាស់នៅតែជាចំណាប់អារម្មណ៍ខ្ពស់ ពីសំណាក់អតិថិជនក៏ដោយ ការរីកចម្រើននៅតែអាចសម្រេចទៅបានតាមរយៈការផ្តល់ចំណេះដឹងអំពីផលិតផលដែលកាន់តែល្អជាងមុន និងការបន្តផ្តល់នូវភាពច្នៃប្រឌិតដើម្បីផ្តល់ជូននូវដំណោះស្រាយ ដែលកាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់”៕