ការសិក្សាថ្មីៈទីផ្សារជួលខុនដូបន្តស្រអ័ព្ទនៅឆមាសទី១ឆ្នាំនេះ ដោយសារវិបត្តិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា ទីផ្សារជួលខុនដូ និងអាផាតម៉ិនបានបន្តធ្លាក់ចុះទាំងតម្លៃ និងអត្រាប្រើប្រាស់រួមនៅក្នុងទីផ្សារ ស្របពេលវិបត្តិជំងឺកូវីដ១៩មិនទាន់បានបញ្ចប់។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញកាលពី​ដើមសប្តាហ៍នេះថា ការជួល​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ ២០២១ ខុនដូ​ប្រណីត​មាន​តម្លៃ​ជា​មធ្យម ១២,៣ ​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ​សម្រាប់​រយៈពេល១ ខែ ធ្លាក់ចុះ២,៧​ភាគរយ និង​ប្រភេទ​មធ្យម​មាន​តម្លៃ១០,១ ​ដុល្លារ ធ្លាក់ចុះ០,៧ ​ភាគរយ​។ ដោយឡែក​ប្រភេទខុនដូ​តម្លៃ​សមរម្យ​មាន​តម្លៃ៨,៤​ដុល្លារ កើន៧​ភាគរយ​។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ក្រុមហ៊ុន CBRE Cambodia បាន​បានមានប្រសាសន៍ឲ្យដឹង​ថា ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ទីផ្សារ​ខុនដូ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ជាពិសេស​រលក​នៃ​ការឆ្លង​រាលដាល​កូវីដ​១៩ នៃ​ព្រឹត្តិ​ការណ៍​សហគមន៍២០​ កុម្ភៈ ​បាន​ជះឥទ្ធិពល​កាន់តែ​ខ្លាំង​បន្ថែមទៀត​ ដល់​អ្នក​អភិវឌ្ឍន៍ និង​ភ្នាក់ងារ​លក់ ​ក្នុង​ការឈានដល់​កិច្ចព្រមព្រៀង​ទិញ-លក់​ជាមួយ​អតិថិជន​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាងបន្តថា “​ក្តីព្រួយបារម្ភ​អំពី​សុវត្ថិភាព​សុខភាព បាន​ធ្វើឱ្យ​ចំនួន​អតិថិជន​មក​ទស្សនា​កន្លែង​លក់​មិនសូវមាន​ទេ”។

សម្រាប់​រយៈពេល៦​ខែ​ទៀត តម្លៃ​ទំនងជា​នឹងមាន​ស្ថិរភាព​។ ការចាក់​វ៉ាក់សាំង​នឹង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ផងដែរ​។

តាម​ការព្យាករ​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២១ នេះ​នឹង​មាន​ខុនដូ​ប្រមាណ១២ ​គម្រោង ដែល​ស្មើនឹង​បន្ទប់​សរុប៦៦៣៦ ​យូនីត​បញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ​។ នេះ​បើ​យោងតាម CBRE Cambodia​។

យោងតាមរបាយការណ៍​និន្នាការ​សេដ្ឋកិច្ចសង្គម​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយ​នៅ​ដើមខែ​កក្កដា​ឱ្យ​ដឹងថា ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​ ២០២១ រដ្ឋាភិបាល​កម្ពុជា​ ​បាន​អនុម័ត​គម្រោង​សាងសង់​សរុប​១៨២៣ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ធ្លាក់ចុះ​ប្រមាណ២៧៨​គម្រោង​។ ក្នុងនោះ​គម្រោង​សំណង់​លំនៅឋាន​មាន​ចំនួន ១៦០៧ ​គម្រោង​ស្មើនឹង៨៧,៩​ភាគរយ ​នៃ​សំណើសុំ​សាងសង់​សរុប ​ធ្លាក់ចុះ១៣៩ ​គម្រោង ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

គម្រោង​លំនៅឋាន​ដែល​បាន​អនុញ្ញាត​សាងសង់ គិត​ជា​ប្រាក់​មាន​ប្រមាណ២ ៣៤៩ ​លានដុល្លារ​ធ្លាក់៣២,៦ ​ភាគរយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here