ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិកមានទំហំទឹកប្រាក់ដល់ទៅ ២,៨៩ ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំនេះ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានតម្លៃ ២,៨៩ ពាន់លានដុល្លារនៅឆមាសទីមួយ ឆ្នាំនេះកើនឡើង ១៥,៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះការនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិកមានទំហំទឹកប្រាក់ ២,៧៥ពាន់លានដុល្លា។ 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យពីការិយាល័យជំរឿនសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ បានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិកមានទំហំទឹកប្រាក់ ២,៧៥ពាន់លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២០ នេះ ២៣ ភាគរយ បើធៀបនឹងទំហំទឹកប្រាក់ ២,២៤ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះដែរ ទិន្នន័យបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចូលទំនិញពីអាមេរិកមានតម្លៃ ១១៤,៦លានដុល្លារក្នុងរយៈពេល ៦ ខែគិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ធ្លាក់ចុះ ៤៥,៤៣ ភាគរយ។

កំណើននៃការនាំចេញរបស់កម្ពុជានេះ ត្រូវបានគាំទ្រដោយការដឹកជញ្ជូនផលិតផល ដែលទាក់ទងនឹងការធ្វើដំណើរ ដូចជាកាបូបដៃ កាបូបស្ពាយ និងវ៉ាលី ដែលត្រូវបានអនុគ្រោះពន្ធ ដោយប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក ដែលបានចូលជាធរមានកាលពីខែកក្កដាឆ្នាំ ២០១៦ ។ ចាប់តាំងពីពេលនោះមក ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកទទួលបានកំណើនគួរឱ្យកត់សម្គាល់ជារៀងរាល់ឆ្នាំ។

ទោះយ៉ាងណា ផលិតផលសម្លៀកបំពាក់ និងស្បែកជើងផលិតនៅកម្ពុជាមិនត្រូវបានរាប់បញ្ចូលក្នុងប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិកនេះ។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី ៤ ខែមីនា បាននិយាយថា ឱនភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោកបានបន្តកើនឡើងដល់ ៧,៧៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលជាការកើនឡើងជាង ៣១ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុនមួយទៀត។

កាលពីឆ្នាំមុនកម្ពុជាបាននាំចូលទំនិញមានតម្លៃ ២២,៣៤ ពាន់លានដុល្លារ ខណៈនាំចេញតែ ១៤,៦៣ ពាន់លានដុល្លារប៉ុណ្ណោះ។

តួលេខរបស់ធនាគារកណ្តាល បានបង្ហាញថា អត្រាកំណើនប្រចាំឆ្នាំពីមួយឆ្នាំទៅមួយឆ្នាំក្នុងការនាំចូលមានចំនួន ១៨,៦ ភាគរយកាលពីឆ្នាំមុន ខណៈការនាំចេញបានធ្លាក់ចុះ ១២,៧ ភាគរយ។

របាយការណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញវាយនភ័ណ្ឌ ស្បែកជើង អង្ករ និងកង់ ហើយបាននាំចូលប្រេង យានយន្ត គ្រឿងសំណង់ ចំណីអាហារ ភេសជ្ជៈ និងវត្ថុធាតុដើមសម្រាប់វិស័យផលិតកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here