ដោយៈ គង់ ម៉ាលីន
ភ្នំពេញៈ ស្ថិតនៅក្នុងវិបត្តិនៃកូវីដ១៩ វិស័យជាច្រើននៅក្នុងប្រទេសកម្ពុជារួម និងពិភពលោកផងដែរនោះ ពិតជាជួបប្រទះនឹងបញ្ហាប្រឈមដូចគ្នា ក៏ប៉ុន្តែវិស័យមួយចំនួននៅតែមើលឃើញពីកាសនៃការវិនិយោគ តួយ៉ាងវិស័យអចលនទ្រព្យកម្ពុជា ក៏ត្រូវបានមើលឃើញថា នៅតែមានឱកាសវិនិយោគ ដែលធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យថ្មីៗបានប ង្កើតឡើងក្នុងបរិបទនៃកូវីដ១៩ ។
អ្នកនាង គ្រុយ ស្រីខួច អគ្គនាយិកាក្រុមហ៊ុន CMC Real Estate បានមានប្រសាសន៍ឱ្យដឹងនាព្រឹកថ្ងៃទី៧ កក្កាកន្លងមកថា វិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានការរីកដុះដាលជាបន្តបន្ទាប់ ហើយមកដល់ពេលវិបត្តិនៃជំងឺកូវីដ១៩នេះដែរ ក៏ឱកាសនៃការវិនិយោគលើវិស័យអចលនទ្រព្យនៅតែមាន សម្រាប់វិនិយោគិន ដូច្នេះវាក៏ជាឱកាសរកប្រាក់ចំណេញ សម្រាប់ក្រុមហ៊ុនអចលនទ្រព្យ ដែលសំដៅលើក្រុមហ៊ុនភ្នាក់ងារ។
អ្នកនាងបន្តថា “យើងមិនអាចប្រកែកបានទេ ពីការជួបផលពិបាកនិងបញ្ហារបស់ក្រុមហ៊ុនអចលនទ្រព្យ ដោយមានក្រុមហ៊ុនខ្លះក្ស័យធន និងខ្លះទៀតផ្អាកដំណើរការដោយសារតែហេតុផលផ្សេងទៀត”។ អ្នកនាងបន្តថា “ការបង្កើតក្រុមហ៊ុនអចលនទ្រព្យរបស់អ្នកនាង គឺ CMC Real Estate នឹងចូលរួមដើម្បីបំពេញភាពខ្វះខាត និងចន្លោះប្រហោងរបស់ក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀត ដើម្បីឈានទៅរកការអភិវឌ្ឍវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា”។
អ្នកនាងបន្តទៀតថា នៅក្នុងប្រតិបត្តិការបើកក្រុមហ៊ុនថ្មី នៅក្នុងប្រទេសកម្ពុជាវាពិតជាពិបាកក្នុងការចាប់យកចំណែកទីផ្សារ ប៉ុន្តែដោយសារតែយើងមានក្រុមអ្នកជំនាញនិងមានវិជ្ជាជីវៈច្បាស់លាស់ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្ដល់ជូនសេវាជូនអតិថិជន ប្រកបដោយគុណភាព យើងជឿជាក់ថា យើងនឹងទទួលបានទំនុកចិត្តពីអតិថិជន ។
អ្នកនាងគ្រុយ ស្រីខួចបានបន្តថា “យើងបង្កើតមកមិនមែន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនអចលនទ្រព្យណាមួយ នៅក្នុងប្រទេសកម្ពុជាឬក្រុមហ៊ុនអន្តរជាតិណាឡើយ តែយើងនឹងព្យាយាមសហការ ជាមួយក្រុមហ៊ុនអចលនទ្រព្យដទៃទៀត ដើម្បីឈានទៅរកជោគជ័យ”។
បើតាមអ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូបលោកឧកញ៉ា ចេង ខេង កន្លងមកបានលើកឡើងថា ថ្វីត្បិតតែភ្នាក់ងារអចលនទ្រព្យ មានកំណើននៅរយៈពេលប៉ុន្មានឆ្នាំនេះក្ដី ប៉ុន្តែតម្រូវការអ្នកជំនាញ និងភ្នាក់ងារដែលមានជំនាញ និងវិជ្ជាជីវៈនៅក្នុងវិស័យអចលនទ្រព្យនៅតែមានខ្ពស់ ហើយនៅពេលខាងមុខនេះ នៅពេលចប់កូវីដ១៩ វិនិយោគិនអន្តរជាតិនឹងមកកាន់កម្ពុជា ដើម្បីស្វែងរកការវិនិយោគ ក្នុងវិស័យអចលនទ្រព្យកាន់តែច្រើនធ្វើឱ្យអ្នកជំនាញ និងភ្នាក់ងារអចលនទ្រព្យក៏កាន់តែច្រើនដែរ។
លោកបន្តថា “បើប្រៀបធៀបនឹងប្រទេសជិត ក្រុមហ៊ុននិងភ្នាក់ងារអចលនទ្រព្យកម្ពុជានៅមានចំនួនតិចតួចនៅឡើយ ដែលទាមទារឲ្យមានការបង្កើតថ្មីៗបន្ថែមទៀត៕