តើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនឹងជំរុញកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ និង២០៥០

ដោយៈ ម៉ាណេត

ភ្នំពេញៈ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) បាននិងកំពុងចូលរួមចំណែកការអភិវឌ្ឍយ៉ាងសំខាន់ដល់ប្រទេសកម្ពុជា ហើយអាចនាំឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ ប្រែក្លាយខ្លួនជាប្រទេស ដែលមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតអ៊ុ សុជាតិសមាជិកមជ្ឈមណ្ឌលស្រាវជ្រាវហុងកុង ដោយចីរភាព នៃសាកលវិទ្យាល័យទីក្រុងហុងកុង បានថ្លែងក្នុងកម្មវិធីមួយរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី កាលសប្តាហ៍មុនថា បើពិនិត្យទៅមើលប្រទេសកម្ពុជាយើង ការយល់ដឹង និងការគាំទ្រគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់១ និងផ្លូវ១ បានចាប់ផ្ដើមតាមរយៈដំណើរទស្សនកិច្ច របស់លោកស៊ី ជីងពីង នៅកម្ពុជាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

លោកបណ្ឌិតបានថ្លែងថា “ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន នាពេ​លនោះ បានទាញចំណាប់អារម្មណ៍ធ្លាក់មកជាហូរហែរ ពិសេសពីសំណាក់ពាណិជ្ជករ និងវិនិយោគិនរបស់ចិន”។ លោកបន្តថា “ម៉្យាងទៀតគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ វាស៊ីគ្នាទៅនឹងតម្រូវការការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសជម្រើសមូលធនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលអាចនាំឱ្យកម្ពុជាសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ជាតិ ប្រែក្លាយខ្លួនជាប្រទេស ដែលមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។

លោកបណ្ឌិតអ៊ុ សុជាតិបានថ្លែងបន្តទៀតថា នៅក្នុងបរិបទតំបន់ មានចំណុចមួយចំនួន ដែលនាំឱ្យកម្ពុជាគាំទ្រដល់គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវដូចជា ទី១ នៅប្រមាណទសវត្សរ៍ចុងក្រោយនេះ យើងឃើញថា មានប្រទេសជាច្រើនក្នុងតំបន់ មានទំនោរទៅរកប្រទេសចិន តាមរយៈប៉ូលសេដ្ឋកិច្ច និងនយោបាយរបស់ចិន។

ទី២ បើប្រៀបធៀបជាមួយនឹងយុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហរបស់សហរដ្ឋអាមេរិក គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវមានភាពប្រាកដនិយមជាង ជាក់ស្ដែងជាង ដែលនាំមកការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទៅតាមប្រទេស ដែលចូលរួមក្នុងក្របខណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។

ទី៣ លក្ខខណ្ឌដ៏តឹងតែង សម្រាប់ជំនួយមូលនិធិកម្ចីរបស់បណ្ដាប្រទេស ឬអង្គការមួយចំនួន បានជំរុញឲ្យកម្ពុជាស្វែងរកប្រភពជម្រើស មូលនិធិកម្ចីផ្សេងៗទៀត ជាពិសេសេក្នុងក្របខណ្ឌគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និងផ្លូវដោយគ្មាន String Attach។

ជាទូទៅ គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ គឺផ្ដោតទៅលើការអភិវឌ្ឍហេដ្ឋារចនាស ម្ព័ន្ធ និងការគាំទ្រខាងពាណិជ្ជកម្ម ដោយរដ្ឋាភិបាលកម្ពុជា ជាអ្នកសម្របសម្រួល ហើយដាក់ចុះនូវគោលនយោបាយនានា ដើម្បីបង្កើតឱ្យមានការអនុវត្តន៍ នូវគម្រោងឲ្យបានជោគជ័យ។

រដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បង្កើតឲ្យមានវេទិកា Government-Private Forum ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលដោះស្រាយ បញ្ហាប្រឈមនានាជាមួយនឹងវិនិយោគិន។

ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់រយៈពេលវែង ដូចមានក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម សុទ្ធសឹងតែបានជំរុញ និងគាំទ្រផ្សារភ្ជាប់ទៅនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដែលមានគោលដៅប្រែក្លាយរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីទំរង់ឧស្សាហកម្មដែលប្រើប្រាស់កម្លាំងច្រើន ទៅជាការប្រើប្រាស់ជំនាញនៅក្នុងឧស្សាហកម្ម និងជំរុញផលិតភាពនៅក្នុងស្រុក ក៏ដូចជាការអភិវឌ្ឍបច្ចេកទេសជាន់ខ្ពស់។

សម្រាប់ទៅថ្ងៃអនាគត ការបង្កើតឱ្យមាន Digital Silk Road ដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។ ចំពោះផលប្រយោជន៍ចម្បងៗ ដែលបានមកពីគំនិតផ្តួចផ្តើមនេះ មានដូចជា ទី១ ថ្មីៗនេះកម្ពុជាបានដាក់ឲ្យអនុវត្តន៍ នូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥ ដោយកំណត់យកចក្ខុវិស័យកសាងសេដ្ឋកិច្ចសង្គមឌីជីថលមួយដ៏រស់រវើក ជំរុញសន្ទុះសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាព តាមគន្លងថ្មី។

គោលនយោបាយថ្មីនេះ គឺជាម៉ូដែលសេដ្ឋកិច្ចថ្មីមួយ ដែលមានភាពឆ្លើយតបទៅនឹងភាពធន់ ទៅនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ នាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here