ដោយៈឧត្តម
ប៉េកាំង: ក្រុមហ៊ុនមូលនិធិទុនឯកជនខ្នាតយក្ស របស់សហរដ្ឋអាមេរិក Warburg Pincus ទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី៥ កក្កដា ថា ខ្លួនបានបង្កើតការវិនិយោគរួមគ្នាថ្មីមួយ ដោយបោះទុនយ៉ាងច្រើន ដើម្បីហក់ចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ ក្នុងប្រទេសចិន។ នេះបើយោងការចុះផ្សាយរបស់សារព័ត៌មាន CNA។
ក្រុមហ៊ុន Warburg Pincus បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួន និងក្រុមហ៊ុន Wensheng Asset Management ដែលមានទីស្នាក់ការកណ្ដាល នៅក្រុងសៀងហៃ ប្រទេសចិន បាននឹងបោះទុនវិនិយោគ ក្នុងទឹកប្រាក់៦០០លានដុល្លារអាមេរិក ក្នុងក្រុមហ៊ុនវិនិយោគរួមគ្នា ដែលមានឈ្មោះថា Wensheng Special Situations Asset Management Co។
ទោះជាយ៉ាងណា ក្រុមហ៊ុនទាំងពីរ មិនបានបញ្ជាក់លម្អិត អំពីការបែងចែកភាគហ៊ុនដែលខ្លួនកាន់កាប់រៀងៗខ្លួន នៅក្នុងការវិនិយោគរួមគ្នានេះឡើយ។
ក្រុមហ៊ុន Warburg Pincus បានបញ្ជាក់ថា ក្រុមហ៊ុន Wensheng Asset Management បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ បង្កើតក្រុមហ៊ុនទ្រព្យសកម្ម ក្នុងស្រុកសម្រាប់ការវិនិយោគរួមគ្នានេះរួចហើយ ហើយរំពឹងថានឹងទទួលបានវា ត្រឹមដំណាច់ឆ្នាំនេះ។
គម្រោងបណ្តាក់ទុនថ្មីនេះកើតមានឡើង ស្របពេលដែលយុទ្ធនាការរបស់ក្រុមនិយ័តករ ដើម្បីកាត់បន្ថយពពុះហិរញ្ញវត្ថុ (Financial Bubbles) ក្នុងវិស័យអចលនទ្រព្យបានបង្កើតឱកាសថ្មីៗ សម្រាប់បណ្ដាវិនិយោគិនផ្នែកបំណុល និងស្របពេលដែលប្រទេសចិន បន្ធូរបន្ថយដោយបង្កលក្ខណៈងាយស្រួលជាងមុន សម្រាប់ឱ្យវិនិយោគិនបរទេសឈានជើងចូលទីផ្សារបំណុលដ៏អាក្រក់របស់ខ្លួន។
ក្រុមហ៊ុនឯកទេសខាងបំណុលបរទេស រួមមាន ទាំងក្រុមហ៊ុនអាមេរិក BlackRock Group Inc ក្រុមហ៊ុនកាណាដា Brookfield Asset Management និងក្រុមហ៊ុនអាមេរិក CarVal Investors ផងសុទ្ធតែធ្វើប្រតិបត្តិការយ៉ាងសកម្ម ច្រើនឆ្នាំមកហើយនៅក្នុងទីផ្សារទ្រព្យសកម្ម មិនដំណើរការ (Non-performing Asset)របស់ប្រទេសចិន ជាពិសេសវិស័យអចលនទ្រព្យ។
ក្រុមហ៊ុន Warburg Pincus បានគូសបញ្ជាក់ថា ការបណ្តាក់ទុនរួមគ្នាថ្មីនេះនឹង ផ្តោតលើការទិញយក គម្រោងអចលនទ្រព្យដាច់ៗតែឯង នៅក្នុងក្រុងសៀងហៃ ខេត្តចឺជាំង (Zhejiang) ភាគខាងកើត និងខេត្តហៃណា (Hainan) ភាគខាងត្បូងប្រទេសចិន។
ក្រុមហ៊ុន Warburg Pincus ស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលមានមូលនិធិឯកជនធំៗ បំផុតក្នុងវិស័យអចលនទ្រព្យប្រចាំទ្វីបអាស៊ី។
យោងតាមសេចក្ដីថ្លែងការណ៍របស់ខ្លួនឱ្យដឹងថា ក្រុមហ៊ុននេះ មានទ្រព្យសកម្មដែលស្ថិតក្រោមការគ្រប់គ្រង រហូតដល់ទៅជាង២២ពាន់លានដុល្លារ នៅតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិន៕