ដោយៈសុខុម
ក្រុងវៀងច័ន្ទន៍: ពេលនេះក្រុមមន្ត្រីឡាវ កំពុងធ្វើការស្ទាបស្ទង់លើគម្រោងស្ថាបនាផ្លូវហាយវ៉េ ល្បឿនលឿនថ្មីមួយខ្សែនៅក្នុងប្រទេសឡាវ ភ្ជាប់ប្រទេសថៃ និងប្រទេសចិន ដែលនឹងជួយកាត់បន្ថយពេលវេលាបានច្រើន នៅក្នុងការធ្វើដំណើរទៅមករវាងប្រទេស៣ទាំងនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា។
លោក Liu Jingwei មន្ត្រីដែលគ្រប់គ្រងគម្រោងនេះបានលើកឡើងថា ពេលនេះក្រុមមន្រ្តីកំពុងធ្វើការស្ទាបស្ទង់ លើគម្រោងស្ថាបនាផ្លូវហាយវ៉េល្បឿនលឿន ដែលនឹងតភ្ជាប់ប្រទេសឡាវ ក្នុងភូមិសាស្ត្រស្រុក Huayxai ក្នុងខេត្ត Bokeo និងក្រុង Boten ក្នុងខេត្ត Luang Namtha ដែលស្ថិតនៅជាប់ព្រំដែនប្រទេសចិន។
យោងតាមកាសែតរដ្ឋ Vientiane Times របស់ឡាវ ដែលចេញផ្សាយជាភាសាឡាវ និងអង់គ្លេសបានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿននេះត្រូវរដ្ឋាភិបាលឡាវ អនុម័តក្នុងឆ្នាំ២០២០។
គម្រោងផ្លូវហាយវ៉េល្បឿនលឿនថ្មីនេះ នឹងតភ្ជាប់ជាមួយស្រុកChiang Khong នៃខេត្តChiang Raiប្រទេសថៃ តាមរយៈស្ពានដែលមានស្រាបកាត់ទន្លេមេគ្គ។ ទោះជាយ៉ាងណា គ្មានព័ត៌មានលម្អិតសំខាន់ៗបន្ថែមទៀតអំពីគម្រោងនេះឡើយ។
នៅពេលស្ថាបនារួចរាល់ជាស្ថាបពរ គម្រោងផ្លូវហាយវ៉េល្បឿនលឿនប្រវែង១៨០គីឡូម៉ែត្រនេះ នឹងអនុញ្ញាតឱ្យយានយន្តធ្វើដំណើរបាន ក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយការបើកបរពីប្រទេសថៃ ឆ្ពោះទៅកាន់ប្រទេសចិន កាត់តាមប្រទេសឡាវ នឹងចំណាយពេលតិចមិនដល់២ម៉ោងឡើយ។
កាសែត Vientiane Times បានចុះផ្សាយថា លោក Buakhong Nammavong អភិបាលខេត្ត Bokeo បានថ្លែងថា គម្រោងផ្លូវហាយវ៉េល្បឿនលឿនថ្មីនេះ នឹងជួយត្រួសត្រាយផ្លូវ សម្រាប់ការដឹកជញ្ជូនទំនិញក្នុងប្រទេសឡាវ និងជាមួយប្រទេសផ្សេងៗទៀត ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា៕