ដោយ សុខុម
ភ្នំពេញៈ និយាយពីកញ្ចក់ អ្នកណាក៏ជៀសមិនផុតពីប្រើវាដែរនៅក្នុងជីវិតប្រចាំថ្ងៃនាសម័យបច្ចុប្បន្នដូចជាកញ្ចក់ឆ្លុះមុខ កញ្ចក់ទ្វារបង្អួច កញ្ចក់ម៉ូតូរថយន្តជាដើម ។ល។

ប៉ុន្តែតើអ្នកដឹងទេថា ក្រុមហ៊ុនផលិតកញ្ចក់ធំជាងគេបំផុតទាំង១០ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ មានឈ្មោះអ្វីខ្លះ មានលុយច្រើនកម្រិតណា ស្ថិតនៅប្រទេសណា និងមានប្រវត្តិបែបណា? អញ្ចឹងតោះ! មកស្គាល់ក្រុមហ៊ុនទាំងនោះដូចខាងក្រោម៖
*ចំណាត់ថ្នាក់លេខ១៖ ក្រុមហ៊ុនបារាំង Saint Gobain
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ZIPPIA ឱ្យដឹងថា ក្រុមហ៊ុនផលិតកញ្ចក់ធំបំផុតចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកគឺក្រុមហ៊ុនបារាំង ដែលមានឈ្មោះថា Saint Gobain។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៦៦៥ (៣៥៦ឆ្នាំមុន) និងមានទីស្នាក់ការកណ្ដាលនៅជាយទីក្រុងប៉ារីស ប្រទេសបារាំង។ ក្រុមហ៊ុននេះបានចាប់ផ្ដើមដំបូងត្រឹមតែជារោងចក្រផលិតកញ្ចក់តូចតាចមួយប៉ុណ្ណោះ ហើយចាប់ផ្ដើមមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ក្រោយពីបានផ្គត់ផ្គង់កញ្ចក់សម្រាប់គម្រោងសាលកណ្ដាល Hall of Mirrors នៅក្នុងព្រះបរមរាជវាំងបារាំង Palace of Versailles។ ហើយគិតមកទល់នឹងឆ្នាំ២០២១ ក្រុមហ៊ុននេះមានបុគ្គលិកចំនួន១៨០.០០០នាក់ និងទ្រព្យសកម្មសរុប៥២ពាន់លានដុល្លារអាមេរិក។
*ចំណាត់ថ្នាក់លេខ២៖ ក្រុមហ៊ុនអាមេរិក PPG Industries, Inc.
ដោយមានឈ្មោះដើមថា Pittsburgh Plate Glass Company ក្រុមហ៊ុន PPG Industries, Inc. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៨៣ (១៣៨ឆ្នាំមុន) នៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះល្បីល្បាញយ៉ាងខ្លាំងដោយសារសំណង់ស្ថាបត្យកម្ម នៃទីស្នាក់ការកណ្ដាលរបស់ខ្លួនដែលទម្រង់ជាប្រាសាទកញ្ចក់ដ៏ធំស្កឹមស្កៃអស្ចារ្យ។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកជាង៤៧.០០០នាក់ និងមានទ្រព្យសកម្មសរុប១៥ពាន់លានដុល្លារ។
*ចំណាត់ថ្នាក់លេខ៣៖ ក្រុមហ៊ុនអាមេរិក Corning Incorporated
ក្រុមហ៊ុន Corning Incorporated បានដំណើរការជិត២សតវត្សរ៍មកហើយ ក្រោយបង្កើតឡើងឡើងឡើងក្នុងឆ្នាំ១៨៥១ (១៧០ឆ្នាំមុន) ដោយមានទីស្នាក់ការកណ្ដាលនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះផលិតកញ្ចក់ឯកទេស សេរ៉ាមិច និងកញ្ចក់អុបទិច ព្រមទាំងកញ្ចក់សម្រាប់ឧស្សាហកម្មរថយន្ត អេក្រង់កុំព្យូទ័រយួរដៃ និងអេក្រង់ទូរទស្សន៍ផងដែរ។ ផលិតផលកញ្ចក់មួយដែលប្រហែលជានៅក្នុងហោប៉ៅរបស់អ្នករាល់ថ្ងៃ នោះគឺកញ្ចក់ដែលបំពាក់លើទូរស័ព្ទ iPhone។ បច្ចុប្បន្នក្រុមហ៊ុននេះមានបុគ្គលិកចំនួន៥២.០០០នាក់ និងមានទ្រព្យសកម្មសរុប២៧,៨៩ពាន់លានដុល្លារ។
*ចំណាត់ថ្នាក់លេខ៤៖ ក្រុមហ៊ុនជប៉ុន Asahi Glass Co.
ក្រុមហ៊ុនផលិតកញ្ចក់លំដាប់ពិភពលោកមួយនេះមានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០៧ (១១៤ឆ្នាំមុន)។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនផលិតផ្ទាំងកញ្ចក់ដំបូងបង្អស់របស់ប្រទេសជប៉ុន។ ក្រុមហ៊ុននេះល្បីល្បាញខាងផលិតកញ្ចក់រថយន្ត ជាពិសេសកញ្ចក់ដែលផលិតឡើងដើម្បីឱ្យបែកជាបំបែកតូចៗក្នុងករណីបុក ឬក្រឡាប់ ដើម្បីបញ្ចៀសការបង្ករបួសធ្ងន់ធ្ងរដោយសារមុតអំបែងកញ្ចក់។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកជាង៥១.០០០នាក់ និងមានទ្រព្យសកម្មសរុប១១ពាន់លានដុល្លារ។
*ចំណាត់ថ្នាក់លេខ៥៖ ក្រុមហ៊ុនជប៉ុន Nippon Sheet Glass Co.
ដោយមានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដែរនោះ ក្រុមហ៊ុន Nippon Sheet Glass ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១៨ (១០៣ឆ្នាំមុន)។ ក្រុមហ៊ុននេះឯកទេសខាងផលិតកញ្ចក់រថយន្ត ដោយកញ្ចក់ប្រភេទនេះមានចំនួនដល់ទៅប្រមាណ៩០%នៃការលក់ប្រចាំឆ្នាំរបស់ខ្លួន។ ក្រុមហ៊ុននេះក៏ផលិតកញ្ចក់សម្រាប់ម៉ាស៊ីនព្រីន និងម៉ាស៊ីនថតចម្លងផងដែរ។ លើសពីនេះ ក្រុមហ៊ុននេះក៏ផ្គត់ផ្គង់កញ្ចក់ស្ថាបត្យកម្មដែលប្រើប្រាស់ក្នុងសំណង់ ព្រមទាំងវិស័យថាមពលពន្លឺព្រះអាទិត្យផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុននេះផលិតកញ្ចក់លក់នៅក្នុង១៣០ប្រទេស ហើយនៅទូទាំងពិភពលោកមានបុគ្គលិកជិត២៧.០០០នាក់ និងមានទ្រព្យសកម្មសរុបប្រមាណ៥ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៦៖ ក្រុមហ៊ុនអង់គ្លេស Pilkington
បង្កើតឡើងក្នុងឆ្នាំ១៨២៦ (១៩៥ឆ្នាំមុន) ក្រុមហ៊ុនផលិតកញ្ចក់មួយនេះបានក្លាយជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន Nippon Sheet Glass ចាប់តាំងពីឆ្នាំ២០០៦ មក។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្ដាលនៅតំបន់ Lancashire ប្រទេសអង់គ្លេស ហើយបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំមួយសម្រាប់វិស័យរថយន្ត អវកាស និងសំណង់ស្ថាបត្យកម្មទូទាំងពិភបលោក។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកប្រមាណ២៤.០០០នាក់ និងទ្រព្យសកម្មរុប៤,៥ពាន់លានដុល្លារ។
*ចំណាត់ថ្នាក់លេខ៧៖ ក្រុមហ៊ុនអាមេរិក Guardian Industries
ដោយមានមូលដ្ឋាននៅរដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣២ (៨៩ឆ្នាំមុន)។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងជាក្រុមហ៊ុនកញ្ចក់រថយន្ត ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុននេះក៏ផលិតផ្ទាំងកញ្ចក់ធំសម្រាប់សំណង់ស្ថាបត្យកម្ម និងវត្ថុធាតុដើមផ្សេងៗទៀតសម្រាប់ទីផ្សារសំណង់ និងទីផ្សាររថយន្តផងដែរ និងលក់នៅក្នុង១៥០ប្រទេស។ បច្ចុប្បន្នក្រុមហ៊ុននេះមានបុគ្គលិក១៤.០០០នាក់ និងមានទ្រព្យសកម្មសរុប៤ពាន់លានដុល្លារ។
*ចំណាត់ថ្នាក់លេខ៨៖ ក្រុមហ៊ុនម៉ិកស៊ិក In Vitro
ក្រុមហ៊ុន In Virto ដែលមានមូលដ្ឋាននៅក្នុងប្រទេសម៉ិកស៊ិក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០៩ (១១២ឆ្នាំមុន) ហើយក៏ជាក្រុមហ៊ុនផលិតកញ្ចក់ធំបំផុតនៅក្នុងប្រទេសនេះផងដែរ។ ផលិតផលរបស់ក្រុមហ៊ុននេះរួមមានប្រអប់កញ្ចក់សម្រាប់ដាក់អាហារ កញ្ចក់សម្រាប់វិស័យរថយន្ត កញ្ចក់សំណង់ស្ថាបត្យកម្ម កញ្ចប់សម្រាប់ឧបករណ៍ និងគ្រឿងចក្រផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកប្រមាណ១៥.០០០នាក់ និងទ្រព្យសកម្មសរុប២,១ពាន់លានដុល្លារ។
*ចំណាត់ថ្នាក់លេខ៩៖ ក្រុមហ៊ុន Cornwall Glass
បង្កើតឡើងក្នុងឆ្នាំ១៩៧៨ (៤៣ឆ្នាំមុន) ក្រុមហ៊ុន Cornwall Glass ជាក្រុមហ៊ុនដ៏ក្មេងខ្ចីមួយបើធៀបនឹងបណ្ដាក្រុមហ៊ុនខាងលើ។ ក្រុមហ៊ុននេះផលិតកញ្ចក់សម្រាប់ទ្វារ បង្អួច ធ្នើ និងកញ្ចក់តុបតែង ហើយក៏ផលិតសេរ៉ាមិចផងដែរ។ ក្រុមហ៊ុននេះមានបុគ្គលិកតែ១២៨នាក់ប៉ុណ្ណោះ ហើយសូម្បី Page នៅលើ Wikipedia ក៏គ្មានដែរ ដូចនេះគ្មានព័ត៌មានលម្អិតអំពីវាឡើយ។ ទោះជាយ៉ាងណា ក្រុមហ៊ុនលក្ខណៈគ្រួសារនេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះកំពូលក្រុមហ៊ុនផលិតកញ្ចក់ទាំង១០ ដោយសារវាទទួលបានប្រាក់ចំណូលខ្ពស់ ដោយក្នុងទទួលបានចំណូល៣៧លានដុល្លារ។

*ចំណាត់ថ្នាក់លេខ១០៖ ក្រុមហ៊ុនចិន Beijing Glass Group
ដោយមានទីស្នាក់ការកណ្ដាលនៅក្រុងប៉េកាំង ប្រទេសចិន ក្រុមហ៊ុន Beijing Glass Group មានប្រភពដើមចេញពីក្រុមហ៊ុន Peking Glass Company ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤០ (៨១ឆ្នាំមុន)។ ក្រុមហ៊ុននេះផលិតកញ្ចក់ឧស្សាហកម្ម កញ្ចក់បច្ចេកទេស ព្រមទាំងកញ្ចក់វែនតា និងស៊ីលីខូនផងដែរ។ ហើយក្រុមហ៊ុននេះក៏ផលិតគ្រឿងសម្រាប់ផ្គុំបន្ទះសូឡាផងដែរ៕







