ការវិនិយោគចម្រុះផ្ដល់អត្ថប្រយោជន៍អ្វីដល់វិនិយោគិន?

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បណ្ដាវិនិយោគិនមួយចំនួននៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា តែងតែជ្រើសរើសយកការវិនិយោគមួយច្បាស់លាស់ និងមិនសូវផ្ដោតលើការវិនិ​យោគចម្រុះនោះទេ ដោយសារតែកត្តាហិរញ្ញវត្ថុ ឬអាចនិយាយបានថាមិនមែនជាជំនាញរបស់ខ្លួន។

អ្នកជំនាញនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាមួយរូប បានបង្ហាញពីគន្លឹះមួយចំនួនលើ ការវិនិយោគចម្រុះ តើការវិនិយោគចម្រុះបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់វិនិយោគិន?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ង៉ែត ជូអ្នកជំនាញហិរញ្ញវត្ថុមួយរូបនៅកម្ពុជាបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ពាក្យថាវិនិយោគ មិនសូវជាមានសកម្មភាពទូលំទូលាយនោះទេ ដោយភាគច្រើននៃប្រជាជនកម្ពុជា ជាអ្នកធ្វើការសន្សំប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារ មិនថាអ្នកធ្វើការក្នុងក្រុមហ៊ុនឯកជនឬអ្នកធ្វើការជាមន្ត្រីរាជការនោះទេ។

ប៉ុន្តែក្នុងរយៈពេល៤ទៅ៥ឆ្នាំចុងក្រោយនេះ ដោយសារតែប្រទេសកម្ពុជាក៏មានផ្សារហ៊ុន និងបណ្ដាញអ្នកវិនិយោគ សកម្មភាពវិនិយោគក៏ចាប់ផ្ដើមកាន់តែខ្លាំង អ្នកធ្វើការទាំងនោះ ក៏ចាប់ផ្ដើមធ្វើការវិនិយោគទៅលើផ្សារហ៊ុន ទៅលើអចលនទ្រព្យ និងវិស័យផ្សេងទៀត ទោះបីខ្លួនកំពុងបំពេញការងារតាមក្រុមហ៊ុនឬស្ថាប័នរដ្ឋក៏ដោយ។

លោកបន្តថា នៅពេលសកម្មភាពវិនិយោគទៅលើវិស័យផ្សេងៗ បានចាប់ផ្ដើមដូច្នេះ ប្រសិទ្ធភាពនៃការវិនិយោគ ក៏ត្រូវតែគ្រប់គ្រងឱ្យបានច្បាស់លាស់ និងត្រឹមត្រូវផងដែរ ។ លោកបន្តថា ការបង្កើតភាពចម្រុះ ទៅលើការវិនិយោគគឺប្រសិទ្ធភាពមួយ ដែលទប់ហានិភ័យ មិនឱ្យកើតឡើងមាននៅពេលមានបញ្ហាណាមួយកើតឡើង។

លោកង៉ែត ជូបាបបន្ថែមថា ការវិនិយោគចម្រុះ គឺសំដៅទៅដល់ការវិនិយោគលើវិស័យផ្សេងគ្នាក្នុងពេលតែមួយ ជាមួយនឹងវិនិយោគិនតែម្នាក់។ បើសិនជាយើងមានការវិនិ​យោគច្រើនវិស័យ ហើយបើសិនជាវិស័យមួយមានបញ្ហា ក៏មានវិស័យមួយទៀតអាចជួយទប់គ្នាមិនឱ្យវិនិយោគិនមានបញ្ហាហិរញ្ញវត្ថុ មានវិបត្តិកើតឡើងដែរ។ លោកបន្តថា នៅប្រទេសអភិវឌ្ឍន៍នានាលើពិភពលោក ការវិនិយោគត្រូវបានគេមើលឃើញថា ភាគច្រើនផ្ដោតលើផ្សារហ៊ុន ហើយនៅក្នុងប្រទេសអភិវឌ្ឍន៍ ការវិនិយោគចម្រុះ វាអាស្រ័យទៅលើបុគ្គលនីមួយៗនិងចំណង់ចំណូលចិត្តរបស់បុគ្គលនីមួយៗផងដែរ ។

នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ត្រូវបានគេមើលឃើញថា ពេលជួបនឹងវិបត្តិកូវីដ១៩ វិស័យដែលរងផលប៉ះពាល់ពីវិបត្តិនេះ គឺភាគច្រើនជាទេសចរណ៍  ហើយវិនិយោគិនក្នុងវិស័យទេសចរណ៍ក៏បានផ្លាស់ប្តូរ ភ្លាមៗនិងបន្តបន្ទាប់ទៅរកវិស័យ ដែលមិនសូវរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ដើម្បីរកប្រាក់ចំណូលសម្រាប់បុគ្គលិករបស់ខ្លួនឡើងវិញ ដោយមិនអាចរង់ចាំឱ្យវិបត្តិនៃកូវីដ១៩នេះ ចប់ទើបចាប់ផ្ដើមអាជីវកម្មនោះឡើងវិញឡើយ ។ វិនិយោគិនដែលចេះបត់បែនអាជីវកម្ម តាមកាលៈទេសៈបែបនេះគេហៅថាជាវិនិយោគិនឆ្លាតវៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here