ដោយៈ សាវុធ
ភ្នំពេញៈ ឧបករណ៍និស្សន្ទ គឺជាឧបករណ៍ហិរញ្ញវត្ថុ ជាប្រភេទមួយនៃមូលបត្រដែលសំដៅដល់កិច្ចសន្យាលើគម្លាតថ្លៃ (Contract For Difference) នៃឧបករណ៍ ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រកម្មសិទ្ធិ មូលបត្របំណុល សន្ទស្សន៍ទីផ្សារ លោហៈធាតុមានតម្លៃ ប្រេងឆៅ ឧស្ម័នធម្មជាតិ ផលិតផលកសិកម្ម រួមទាំងរូបិយប័ណ្ណជាដើម ហើយត្រូវបានជួញដូរក្នុងទីផ្សារឧបករណ៍និស្សន្ទ។
វិនិយោគិនដែលធ្វើការជួញដូរលើឧបករណ៍និស្សន្ទ អាចទទួលបាននូវប្រាក់ចំណេញខ្ពស់ និងឆាប់រហ័ស ក៏ប៉ុន្តែហានិភ័យក៏ខ្ពស់ដូចគ្នាដែរ ដែលគេតែងនិយាយថា High Risk High Return ហើយវិនិយោគិនអាចជួញដូរបាន ទៅលើគូរូបិយប័ណ្ណជាច្រើនប្រភេទដូចជា៖ EUR/USD, USD/JPY, GBP/USD, USD/CHF, AUD/USD, NZD/USD, USD/CAD, EUR/GBP, ហាងឆេងប្រេង និងហាងឆេង ផលិតផលកសិកម្មនានា (ពោត សណ្តែក ស្រូវសាលី ធ្យូងថ្ម) ជាដើម។
វិនិយោគិនអាចធ្វើការជួញដូរ២៤ ម៉ោងក្នុង១ថ្ងៃ/៥ ថ្ងៃក្នុង១សប្តាហ៍ និងអាចដកប្រាក់ចំណេញ ឬជាសាច់ប្រាក់បានគ្រប់ពេល ប្រសិនជាមិនចង់វិនិយោគបន្តទៀត ឬនៅពេលចង់ចាកចេញពីទីផ្សារ៕