ការនាំចេញរបស់កម្ពុជាទៅអង់គ្លេសរំពឹងថានឹងកាន់តែមានភាពប្រសើរឡើងបន្ទាប់ពីអង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុប

ដោយៈ ប៊ី

ភ្នំពេញៈ បន្ទាប់ពីចក្រភពអង់គ្លេសប្រកាសចាកចេញពីសហគមន៍អឺរ៉ុប ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារអង់គ្លេស រំពឹងថានឹងកាន់មានភាពល្អប្រសើរឡើង ស្របពេលប្រទេសទាំងពីរមានទំនាក់ទំនងល្អ ខណៈកម្ពុជាទទួលបានភាពអនុគ្រោះពន្ធនៃការនាំចេញពីអង់គ្លេស។

អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិ បានថ្លែងប្រាប់នៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២១នេះថា ចំពោះទំនាក់ទំនងនៅក្នុងពាណិជ្ជកម្មកម្ពុជា-អង់គ្លេស មានសភាពល្អប្រសើរនៅគ្រប់ប្រតិបត្តិការ គឺចាប់តាំងតែពីមុនចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបមកម្ល៉េះ ក្នុងនោះបន្ទាប់ការចាកចេញរបស់អង់គ្លេស រដ្ឋាភិបាលតាមរយៈស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ថា អង់គ្លេសនៅតែបន្តភាពអនុគ្រោះសម្រាប់ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សាររបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “ចំពោះការនាំចេញនាំចូលរវាងកម្ពុជា-អង់គ្លេសវិញ គឺប្រព្រិត្តទៅជាធម្មតា ដូចកាលចក្រប្រភពអង់គ្លេសនៅក្រោមសហគមន៍អឺរ៉ុប ដែលបញ្ហានេះគឺជាចំនុចល្អប្រសើរមួយ ដោយយើងសង្កេតឃើញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺប្រព្រិត្តិទៅដោយរលូន និងមានការយោគយល់គ្នា ជាពិសេសប្រទេសអង់គ្លេស និងកម្ពុជាបានកំពុងខិតជិតគ្នា បន្ទាប់ពីចក្រភពអង់គ្លេសចេញពីសហគមន៍អឺរ៉ុប”។

លោកបានឱ្យដឹងទៀតថា ជាក់ស្តែងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស គឺសម្តែងនូវការងាកមកខិតជិតផ្ទាល់ ដោយយើងរំពឹងថា ទំនាក់ទំនងជិតស្និតរបៀបនេះ គឺជាការជម្រុញបំពេញបំណង់របស់កម្ពុជា ដើម្បីទៅចរាចរចុះកិច្ចព្រមព្រៀងពាណិជកម្មសេរីរវាងប្រទេសទាំងពីរ។

ចំពោះការនាំចេញសម្លៀកបំពាក់វិញ លោកកាំង ម៉ូនីការអគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លើកឡើងថា ពាក់ព័ន្ធការនាំចេញវិស័យកាត់ដេរ និងសម្លៀកបំពាក់ នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ ២០២១ នេះ មានការស្រុតចុះបន្តិចបន្តួច ខណៈនៅក្នុងខែ មេសា បានងើបឡើងវិញខ្លះៗ បើធៀបទៅរយៈពេលដូចគ្នាឆ្នាំ២០២០។
ចំពោះទីផ្សារនាំចេញទៅប្រទេសអង់គ្លេសវិញ លោកសង្ឃឹមថា ទៅថ្ងៃខាងមុខ ទីផ្សារនេះ នៅតែល្អសម្រាប់កម្ពុជា ដោយសារប្រទេសយើងទទួលបាន GSP បន្តការរួចពន្ធសម្រាប់ការនាំចេញប្រទេសនោះ។

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ សម្រេចបានទំហំជាទឹកប្រាក់សរុបជាង២៥៨លានដុល្លារអាមេរិក ថយចុះជាង១៧ ភាគរយ បើធៀបនឹរយៈពេលដូចគ្នាទៅឆ្នាំ២០២០ ក្នុងនោះការនាំចេញពីទីផ្សារកម្ពុជា មានចំនួនជាង២៣៩លានដុល្លារអាមេរិក ខណៈការនាំចូលពីចក្រភពអង់គ្លេស មានទំហំទឹកប្រាក់ជាង១៨លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here