ខេត្តកណ្តាលកាន់តែទាក់ទាញរោងចក្រ ឧស្សាហកម្ម ស្របពេលមូលដ្ឋានផលិតកើនឡើងនៅក្នុងខេត្តនេះ

ដោយៈ សាវុធ

ភ្នំពេញៈ ដីបែបឧស្សាហកម្មនៅខេត្តកណ្តាល នៅតែមានតម្រូវការជាបន្តបន្ទាប់ ខណៈក្រុមហ៊ុនធំៗជាច្រើន បានសម្រុកទៅបោះទីតាំងវិនិយោគ ក្នុងខេត្តមួយនេះ ដែលមានភូមសាស្ត្រជិតនឹងទីក្រុងភ្នំពេញ ដើម្បីបោះទីតាំងផលិតកម្ម ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ក៏ដោយ។

ប្រធានសមាមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍កាលពីសប្តាហ៍កន្លងទៅថា សម្រាប់ដីនៅតាមបណ្តាស្រុកសំខាន់ៗ ព័ទ្ឋជុំវិញរាជធានីភ្នំពេញ គឺកំពុងតែមានភាពទាក់ទាញខ្លាំង ដែលអាចផ្តល់ឱកាសយ៉ាងល្អប្រសើរទៅដល់បណ្តាអ្នកវិនិយោគនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ខេត្តកណ្តាលព័ទ្ឋជុំវិញរាជធានីភ្នំពេញ ដែលមានសក្តានុពលជាច្រើន ដោយសារតំបន់នេះ មានតំបន់សេដ្ឋកិច្ចពិសេស គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវសេដ្ឋកិច្ចដ៏ធំ កំពង់ផែលំដាប់អន្តរជាតិ ការបញ្ចប់ផ្លូវជាតិលេខ១ ដែលជាផ្លូវតភ្ជាប់ច្រករបៀងភាគខាងត្បូងជាដើម”។

លោកបានថ្លែងប្រាប់ថា ការរៀបចំតំបន់ឧស្សាហកម្ម គឺអាស្រ័យទៅលើទីតាំងដែលខិតជិតតំបន់ ដែលក្រុមហ៊ុនត្រូវដឹកជញ្ជូនចេញចូល ហើយខេត្តកំពង់កណ្តាល គឺតំបន់អាទិភាពមួយ សម្រាប់ការរៀបចំជាតំបន់ឧស្សាហកម្ម ដោយសារខេត្តនេះមានលក្ខណៈភូមសាស្ត្រអំណោយផល ក្នុងការដឹកជញ្ជូនទៅកាន់ភ្នំពេញ និងច្រកចេញតំបន់ជាច្រើនជាទៀត។

លោកច្រឹក សុខនីមបានបន្តថា “ទាំងនេះហើយជាហេតុ ក្រុមហ៊ុនរោងចក្រ និងសហគ្រាសជាច្រើន បានជ្រើសរើសយកកណ្តាល ជាទីតាំងផលិតកម្មរបស់ខ្លួន ហើយវាធ្វើឱ្យតម្រូវការដីបែបឧស្សាហកម្មកើនឡើងជាបន្តបន្ទាប់”។

ជាក់ស្តែង រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តគម្រោងថ្មីៗចំនួន៦គម្រោង ដែលបោះទុនវិនិយោគ៣៥,១លានដុល្លារគិតចាប់ពីខែមេសា ដល់ខែដើមមិថុនា ឆ្នាំ២០២១នេះ ហើយបង្កើតការរាប់ពាន់កន្លែងដល់ប្រជាពលរដ្ឋ។

គម្រោង ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានដូចជា គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ គម្រោងបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ និងគម្រោងបង្កើតរោងចក្រផលិតឱសថ គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិសគ្រប់ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here