ក្រុមហ៊ុនចំនួន៦៥១បានស្នើសុំចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

ដោយៈម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនចំនួន៦៥១បានស្នើសុំចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាលគិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមលើកឡើងរបស់មន្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច។

ក្នុងនោះមានចំនួន៣៦៩ បានចុះបញ្ជីដោយជោគជ័យ នៅក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន ដែលកំពុងត្រូវបានត្រួតពិនិត្យមានចំនួន ២៨២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គង់ ម៉ារី បានថ្លែងនៅថ្ងៃទី៥ ខែសីហានេះថា ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីនេះ អ្នកស្នើសុំចុះបញ្ជីត្រូវរង់ចាំយ៉ាងយូរ៨ថ្ងៃ នៃថ្ងែធ្វើការប៉ុណ្ណោះ។ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារបានរកឃើញក្រុមហ៊ុនទី១ ដែលបានចុះបញ្ជីជោគជ័យ ដោយចំណាយពេលតែ៤ថ្ងៃ នៃថ្ងៃធ្វើការ។

បន្ថែមលើនេះ មានសំណើបម្រុងទុកនាមករណ៍ចំនួន១២៦៨ សំណើផងដែរ ដែលក្នុងនោះ១០៧៧សំណើទទួលបានការឯកភាព។ ១៩០សំណើកំពុងត្រូវបានត្រួតពិនិត្យ និង១សំណើត្រូវបានបដិសេធ។

លោកគង់ ម៉ារី បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្ហាញយ៉ាងជាក់ច្បាស់ ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កើតបរិយាកាសទាក់ទាញសម្រាប់អ្នកវិនិយោគ និងធុរជន នៅពេលដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងជួបវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជម្ងឺកូវីដ១៩ យ៉ាងណាក៏ដោយ។

លោកបានបន្តថា ការកែទម្រង់ថ្មីនេះបានបង្ហាញឲ្យឃើញថា ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន (IT) ដើម្បីផ្តល់សេវាសាធារណៈ ពិតជាមានប្រសិទ្ធភាព និងអាចជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ មានជាអាទិ៍ តម្លាភាព និងការកាត់បន្ថយពេលវេលាក្នុងការចុះបញ្ជីអាជីវកម្ម។

លោកបានថ្លែងថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDX) ដែលធ្វើប្រតិបត្តិការផ្លាស់ប្តូរទិន្នន័យរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលរួមមានក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ បាននិងកំពុងប្រព្រឹត្តិទៅដោយរលូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here