អភិបាលខេត្តកែបរៀបចំភ្នំសសៀរជារមណីយដ្ឋានដ៏ទាក់ទាញមួយ

ដោយៈគង់ សូរិយា

កែបៈ ដោយមានរូងភ្នំ ដើមឈើត្រឈឹងត្រឈៃ អមដោយផ្ទាំងថ្មធំៗ ជាមួយធម្មជាតិខៀវស្រងាត់ ភ្នំសសៀរជារមនីយដ្ឋានធម្មជាតិមួយ ដែលត្រូវបានរៀបចំឡើងវិញដោយរដ្ឋបាលខេត្ត ដើម្បីផ្តល់ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានលំហែរកំសាន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អភិបាលនៃគណអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៦ មិថុនាកន្លងមកថា លោកបានដឹកនាំក្រុមមន្រ្តីនៃមន្ទីរជំនាញពាក់ព័ន្ឋ ដើម្បីពិនិត្យនិងរៀបចំផែនការធ្វើយ៉ាងណា អភិវឌ្ឍន៍រមណីយដ្ឋានភ្នំ សសៀរឲ្យកាន់តែមានភាពទាក់ទាញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាកំសាន្ត ក្រោយពេលជំងឺកូវីដអាចគ្រប់គ្រងបាននាពេលខាងមុខ។

លោកបន្តថា “ភ្នំសសៀរមានប្រវត្តិរឿងព្រេងវែងអន្លាយ គួរជាទីទាក់ទាញ ហេតុនេះយើងបាននិងកំពុងរៀបចំរមណីយដ្ឋាននេះ ជារមណីយដ្ឋានទេសចរណ៍វប្បធ៌មធម្មជាតិ”។ លោកបន្តថា “រមណីយដ្ឋាននេះ ស្ថិតនៅក្នុងក្រុងកែប មិនឆ្ងាយនោះឡើយ ដែលភ្ញៀវទេសចរណ៍អាចចូលលំហែរកំសាន្ត​ ដោយខេត្តនឹងរៀបចំចណ្តើរឡើងចុះងាយស្រួ​ល មានសុវត្ថិភាពសំរាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានទស្សនាស្វែងយល់ និងកំសាន្ត”។

ខេត្តកែប ត្រូវបានគណៈកម្មការវាយតម្លៃទីក្រុងស្អាតអាស៊ាន ផ្តល់ពានរង្វាន់ជាទីក្រុង១ ដែលមានទឹកស្អាត ដីស្អាត និងខ្យល់ស្អាត ពិសេសខេត្តនេះមានគ្រឿងសមុទ្រមាន​រសជាតិឆ្ងាញ់ជាងគេ ធៀបនឹងខេត្តជាប់តំបន់ឆ្នេរចំនួន៣ទៀត។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ឲ្យដឹងកន្លងមកថា ខេត្តកែបពិតជាមានភាពទាក់ទាញអារម្មណ៍ នៅពេលទៅដល់ម្តងៗ ដោយសារខេត្តនេះមានឧទ្យានជាតិនៅកណ្តាលក្រុង ដែលផ្តល់នូវបរិយាកាសធម្មជាតិដ៏ត្រជាក់ត្រជុំ។

លោកស្រីបន្តថា “ខេត្តនេះមានសក្តានុពលទេសចរណ៍ច្រើនណាស់ ហើយជាខេត្ត​ដែលពេលយើងទៅដល់បានសំរាកលំហែរកាយ មិនចង់វិលត្រលប់មកវិញឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here